ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រគល់ប្រកាសរបស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលបានតែងតាំងការងារថ្មីរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យមួយចំនួន និងណែនាំការងារចំពោះមុខ។
ពិធីកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០ ធ្វើឡើងក្រោមអធិបតីលោក អ៊ុ រាត្រី សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធាននៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ លោកខេង ស៊ុម អនុប្រធាន លោកប្លែក វ៉ារី អនុប្រធាន ។
មន្ត្រីចាត់តាំងគណបក្សបានអោយដឹងថា មន្ត្រីគណបក្សដែលទទួលភារកិច្ចថ្មី មាន ១- លោកសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ នៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ។ ២- លោក ណង វុទ្ធី នាយករងរដ្ឋបាលខេត្ត។ ៣-លោកឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត។ ៤-លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត។ ៥ – លោក ដុំ វណ្ឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត។ ទាំង៤រូប ជាសមាជិកគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ។
លោកសិទ្ធិ ឡោះ តំណាងមន្ត្រីគណបក្សដែលទទួលភារកិច្ចថ្មី បានប្តេជ្ញាសន្យាខិតខំបំពេញការងារអោយបានលទ្ធផលល្អ មានប្រសិទ្ធិភាព និងប្រកបដោយការទទួលខុសត្រូវ ។
លោកអ៊ុ រាត្រី បានអបអរសាទរនឹងស្នាដៃ នៃលទ្ធផលការងារដែលមន្ត្រីទាំងនេះ ទទួលបានការផ្តល់ទំនុកចិត្ត និងការតែងតាំងភារកិច្ច តំណែងថ្មីពីគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។
លោកបានជម្រុញអោយមន្ត្រីខិតខំបំពេញការងារអោយសកម្មនិងបានលទ្ធផលឆ្នើមបន្ថែមទៀត ។
លោកក៏បានយកស្មារតីខ្លឹមសារណែនាំថ្មី ក្នុងបច្ចុប្បន្នភាពរបស់គណបក្សមកផ្សព្វផ្សាយ និងដាក់ទិសអោយមន្ត្រីអនុវត្ត៕