Home ព័ត៌មានជាតិ សង្គម អភិបាល​រាជធាន...

អភិបាល​រាជធានី​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​អនុវត្ត​ឲ្យ​ហ្មត់ចត់​តាម​អនុសាសន៍​សម្តេច​តេ​ជោ និង​ក្រសួងសុខាភិបាល ដើម្បី​ការពារ ជំងឺ​កូ​វីដ​-១៩ ឆ្លង​ក្នុង​សហគមន៍ ទ្រង់ទ្រាយ​ធំ​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​អំពាវនាវ ដ ល់​ប្រជាពលរដ្ឋ រស់នៅក្នុង​រាជធានី​ភ្នំពេញ សូមមេត្តា​បន្ត​អនុវត្ត តាម​ការអំពាវនាវ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ដើម្បី​ការពារ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​។​

​ក្នុងនោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​បន្ត​រស់នៅ​ធម្មតា តាមបែប​គន្លង​ថ្មី ដោយ​ពាក់​ម៉ាស់ (​ក្នុងករណី​ចាំបាច់​)​។ ជាពិសេស​នៅក្នុង កាលទេសៈ​នេះ សូម​មើល​ការខុសត្រូវ​កូនចៅ​ខ្លួន ដោយ​កុំឱ្យ​ដើរចេញ ក្រៅ​ផ្ទះ​រហេតរហូត បើ​មិនចាំបាច់​។ តែបើ​អាក់ខាន​មិនបាន​នោះ នៅពេល​ចេញ​ដើរ ត្រូវ​ពាក់​ម៉ាស់​ជាប់​ជានិច្ច ហើយ​សូមកុំ​ឱ្យមាន​ការជួបជុំ​គ្នា កុះករ​ច្រើនពេក (​កាត់បន្ថយ​ជា​អតិបរិមា នូវ​ចំនួន​មនុស្ស ជួបជុំគ្នា​)​។​

​ជាមួយគ្នា​នោះ​លោក ឃួ​ង ស្រេង ក៏បាន​ក្រើន​រំ​ឮ​ក ដល់​ប្រជាពលរដ្ឋ ត្រូវ​លាង​សម្អាត​ដៃ ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ជាមួយ​អាល់កុល ឬ​ទឹក​ដែល​សម្រាប់​លាងដៃ ឱ្យបាន​ញឹកញាប់ កុំ​យកដៃ​ដែល​មិនបាន​លាង​សម្អាត មក​ប៉ះ​ផ្ទៃ​មុខមាត់​របស់ខ្លួន និង​ត្រូវ​រក្សា​សុវត្ថិភាព​សង្គម និង​សុវត្ថិភាព​បុគ្គល​ឱ្យ​លើសពី មួយ​ម៉ែត្រ​កន្លះ ឡើង​ទៅជា​ចាំបាច់​។​

​សូមបញ្ជាក់ថា ៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ផ្ញើ​សារ​ណែនាំ ពិសេស​បន្ទាន់​មួយ​ទាំងយប់ ក្រោយពេល​រកឃើញ​ក្រុមគ្រួសារ របស់​អគ្គនាយក​ពន្ធ​នាគារ ក្រសួងមហាផ្ទៃ ចំនួន​៦​នាក់ មាន​ជំងឺ​កូ​វីដ​-១៩ ដែលជា​ការឆ្លង​ក្នុង​សហគមន៍ លើកដំបូង​នៅ​កម្ពុជា​។​

​បើទោះបីជា​យ៉ាងណា សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ដល់​ប្រជាពលរដ្ឋ មេត្តា​កុំ​មានការ​ស្លន់ស្លោ ឬ​ឆោឡោ​រហូត​បាត់បង់​ការគ្រប់គ្រង តែ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ពាក់ព័ន្ធ​ការការពារ​ខ្លួន តាមរយៈ​ការពាក់​ម៉ាស់ ការ​លាងដៃ ការ​អនាម័យ​តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​។ ក្នុងករណី​មានការ​សង្ស័យ ត្រូវ​រក​ការបញ្ជាក់​ពី​គ្រូពេទ្យ ឱ្យបាន​ឆាប់​។ សម្តេច​តេ​ជោ ក៏បាន​ស្នើសុំ​កុំឱ្យ​មានការ ប្រមូលផ្តុំ​ណាមួយ​។​

​សម្តេច​តេ​ជោ បានបញ្ជាក់​ទៀតថា ៖​សម្តេច​នឹងមិន​អំពាវនាវ ឱ្យមាន​ការបិទ​សាលារៀន នៅ​ភ្នំពេញ និង​ខេត្ត​ពាក់ព័ន្ធ​ទេ​។ អ្វីដែល​ជាការ​ចាំបាច់ នៅពេលនេះ គឺ​តម្រូវការ​នូវ​ការពាក់​ម៉ាស់ ការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិភាព តែប៉ុណ្ណោះ​។ សម្តេច​តេ​ជោ បាន​បន្ថែមថា ត្រូវ​ទុក​សាលារៀន ដំណើរការ​ធម្មតា ទៅតាម​គន្លង​ថ្មី​។​

​សូម​បញ្ជាក់ដែរថា​៖ កម្ពុជា​បាន​រកឃើញ ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ជា​លើកដំបូង នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​ធ្វើតេស្ត​រក ឃើញ​វិជ្ជមាន ជំងឺ​កូ​វីដ​-១៩ លើ​ក្រុមគ្រួសារ អគ្គនាយក​ពន្ធនាគារ​កម្ពុជា រួម​នឹង​អ្នករស់នៅ ជាមួយ​សរុប​៦​នាក់​។ ក្រសួងសុខាភិបាល មិនទាន់បាន​រកឃើញ ពី​ប្រភព​នៃ​ការឆ្លង ជំងឺ​កូ​វីដ​-១៩​នេះ​នៅឡើយ​។​

​ជា​វិធានការ​ទប់ស្កាត់ ការរីក​សាយភាយ ឬ​ការចម្លង​កាន់តែខ្លាំង រាជរដ្ឋាភិបាល បាន​ដាក់ចេញ​វិធានការ បន្ទាន់​មួយចំនួន ដូចជា​ការបិទ​ផ្សារ​ទំនើប​អ៊ី​អន ១ និង​ការ​តម្រូវឱ្យ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ដែល​រួមមាន មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ផង​នោះ ចាប់ផ្តើម​ធ្វើ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក ពិនិត្យ​រក​មេរោគ​។​

​ក្រសួងសុខាភិបាល បាន​អំពាវនាវ ដល់​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​នេះ នាំគ្នា​ទៅយក​សំណាក ពិនិត្យ​រក​មេរោគ ក្នុងនោះ​ប្រជាពលរដ្ឋ​ធម្មតា ទៅកាន់​ផ្សារ​ទំនើប​អ៊ី​អន ១ សម្រាប់​មន្ត្រីរាជការ ត្រូវយក​សំណាក នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​គិត​មកដល់​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង កើត​ជំងឺ​កូ​វីដ​១៩ សរុប ៣១៥​នាក់ ក្នុងនោះ​ព្យាបាល ជាសះស្បើយ ៣០១​នាក់ និង​កំពុង​សម្រាក​ព្យាបាល ១៤​នាក់​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular