ខុន​ដូ​តម្លៃ​មធ្យម​ជិត​៣.០០០​យូ​នី​ត​ចាប់ផ្តើម​សាងសង់​នៅ​ឆ្នាំ​២០១៨

1296
ចែករម្លែក

​ដោយ​: ច្រាយ ចំណាន​/​ភ្នំពេញ​: ទីផ្សារ​ខុន​ដូ​ចាប់ផ្តើម​ប្រែប្រួល​ហើយ ដោយនៅ​ឆ្នាំ​២០១៨​នេះ​ខុន​ដូ​ដែលមាន​តម្លៃ​មធ្យម​ជិត​៣.០០០​យូ​នី​ត​បានចាប់ផ្តើម​សាងសង់ ដើម្បី​ឆ្លើយតប​តម្រូវការ​អតិថិជន​។​ ​

​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន​CBRE Cambodia​អ្នកនាង​អាន សុធី​តា​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២០ ខែមេសា​ថា ឆ្នាំ​២០១៨​នេះ​ទីផ្សារ​ខុន​ដូ​បាន​ផ្តោត​មកកាន់​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម និង​ប្រាក់ចំណូល​ទាប ដោយមាន​គំរោង​មួយចំនួន​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ដើមឆ្នាំ​នេះ ដែល​គំរោង​ខុន​ដូ​បែបនេះ​ឆ្លើយតប​នឹង​តម្រូវការ​ប្រជាពលរដ្ឋ​ក្នុងស្រុក ហើយ​ប្រជាជន​ក្នុងស្រុក​អាចមាន​ល​ទ្ឋ​ភាព​ទិញ​បាន​។​

​ខុន​ដូ​ដែលមាន​តម្លៃ​សមរម្យ​ឆ្នាំនេះ មានដូចជា គំរោង​ខុន​ដូ អា​រ៉ា​កា​វ៉ា ( Arakawa) ស្ថិតក្នុង​សង្កាត់​ទឹកថ្លា    ខ័​ណ្ឌ​ពោធិ​សែន​ជ័យ គំរោង អ័​បេន វីឡា (Urban Village)​ស្ថិតក្នុង​សង្កាត់​ចក្រ​អង្រែ​លើ ខ័​ណ្ឌ​មានជ័យ គំរោង​ខុន​ដូ អែល (L) ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខ័​ណ្ឌ​ចំការមន​ជាដើម​។​

​អ្នកនាង អាន សុធី​តា បាន​បន្តថា គំរោង​ខុន​ដូ​ដែល​ផ្តោតលើ​ប្រជាជនមាន​ប្រាក់ចំណូល​មធ្យម មាន​ប្រមាណ​ជាង​២.០០០​យូ​នី​ត នឹង​បញ្ចប់​នៅពេល​ខាងមុខ ស្រប​ពេលដែល​ទីផ្សារ​ខុន​ដូ​បែបនេះ​មាន​ភាពល្អប្រសើរ ខណៈ​ខុន​ដូ​មានតម្លៃ​ខ្ពស់​និង​ប្រណីត​មានការ​លំបាក​ក្នុង​ការលក់ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ខុន​ដូ​ប្រណីត​នៅតែ​លក់បាន​ដដែល គ្រាន់​តែមាន​ល្បឿន​យឺត​ជាង​មុន​។​

​ភាគហ៊ុន​និក​នៃ​គំរោង​លំនៅដ្ឋាន​អែល ភ្នំពេញ លោក ទុយ ប៊ុន​ដែល​បាន​វិនិយោគ​ខុន​ដូ​ចំនួន​៥​គំរោង​នៅ​ទីក្រុង​ភ្នំពេញ​បាន​ថ្លែងថា ទីផ្សារ​ខុន​ដូ​ដែល​លោក​ផ្តោត គឺ​ស្ថិតនៅ​ចំ​តម្រូវការ​ទីផ្សារ​ពិតប្រាកដ ហេតុនេះ​លោក​មិន​បារម្ភ​ពី​ការប្រកួតប្រជែង និង​អតិថិជន​នោះទេ ដោយសារ​លោក​ចាប់យក​ចំណែក​អតិថិជន​ខុសពី​គេ​។​លោក​បន្តថា ការលក់​ខុន​ដូ​របស់លោក​នៅតែ​ទទួលបាន​ជោគជ័យ ទោះបីជា​អតិថិជន​ជនជាតិខ្មែរ​ស្ងប់ស្ងាត់ ប៉ុន្តែ​អ្នកវិនិយោគ​ចិន​ជាច្រើន​បាន​ទិញ​គំរោង​របស់លោក​។​

​លោក​បន្តថា “​ខ្ញុំ​នៅតែមាន​សុទិដ្ឋិនិយម​ពី​ចំណែក​នៃ​ទីផ្សារ​នេះ ហើយ​ខ្ញុំ​គិតថា​គំរោង​ខុន​ដូ​ក្នុងតម្លៃ​បែបនេះ នឹង​ទទួលបាន​ជោគជ័យ​”៕R

ទីតាំងផ្សាយពាណិជ្ជកម្ម