ដោយ: គ្រញូង / សៀមរាប: នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបងដឹកនាំគណៈប្រតិភូ រួមមានលោក សឿម ប៊ុនរិទ្ធ អភិបាលរង ខេត្តព្រមទាំងប្រធានមន្ទីរជំនាញពាក់ព័ន្ធនានាក្នុងខេត្តបាត់ដំបងបានអញ្ជើញទៅចូលរួមប្រជុំពិភាក្សា និងទស្សនកិច្ចសិក្សាតបតាមការអញ្ជើញរបស់ក្រុមហ៊ុនOCT Angkor International Culture Development (Cambodia) Co.,Ltd ដើម្បីធ្វើការពិភាក្សា និងស្វែងយល់បន្ថែមទៀត ស្ដីពីគម្រោងនូវការវិនិយោគខ្នាតធំរបស់ក្រុមហ៊ុន នៅលើទឹកដីខេត្តបាត់ដំបងនៅសាលសន្និសីទសុខាអង្គរខេត្តសៀមរាប ។
ទស្សនកិច្ចសិក្សានេះមានឧទ្យានវប្បធម៌និងការច្នៃប្រឌិត កម្ពុជា-ចិន គឺមានរួមផ្សំគ្នាជាច្រើនដូចជាសារមន្ទីរ សាលមហោស្រព ភោជនីយដ្ឋានជាដើម នៅក្នុងទីកន្លែងតែមួយនេះ។
លោកអភិបាលខេត្ត បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលក្រុមហ៊ុនមានគម្រោងនឹងធ្វើការវិនិយោគជាឧទ្យានបែបវប្បធម៌ ច្នៃប្រឌិត សម្រាប់ឲ្យប្រជាពលរដ្ឋនៅខេត្តបាត់ដំបងចូលទស្សនាកំសាន្ត អាចដើរលេងកំសាន្ត និងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងស្រុក។ លោកបានបន្តទៀតថា ខេត្តបាត់ដំបងជាខេត្តដែលមានភាពសម្បូរបែប ទាំងផ្នែកកសិកម្ម សេវាកម្ម និងទេសចរណ៍ ហើយក្រៅពីកសិកម្ម ខេត្តនេះមានជាតំបន់ទាក់ទាញទេសចរណ៍ជាច្រើនកន្លែង ជាប្រភេទកែច្នៃនិងធម្មជាតិ ជាពិសេសសំណង់ផ្ទះបុរាណជាច្រើនទៀត បានធ្វើឲ្យខេត្តមួយនេះទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើន ព្រមទាំងអ្នកវិនិយោគផងដែរ។ ចំណែកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក៏មានខ្វាត់ខ្វែង ការធ្វើដំណើរក៏ប្រើរយៈពេលកាន់តែខ្លីនិងលឿនជាងមុន។
លោក ងួន រតនៈ តំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងទាំងមូលសង្ឃឹមថា ក្រុមហ៊ុននឹងធ្វើការវិនិយោគលើគម្រោងឧទ្យានបែបវប្បធម៌ និងកែច្នៃនេះ ឲ្យលេចចេញរូបរាងឆាប់ៗនៅក្នុងខេត្តបាត់ដំបង ដើម្បីបម្រើភាពពេញចិត្តរបស់ប្រជាពលរដ្ឋទាំងមូល និងដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនអ្នកទៀតឲ្យមកទស្សនាខេត្តមួយនេះ ព្រោះខេត្តបាត់ដំបងជាខេត្ត ដ៏ចំណាស់មួយមានសម្រស់ដ៏ល្អឥតខ្ចោះក្នុងការរស់នៅ ការប្រកបអាជីវកម្ម និងសម្រាប់អ្នកទេសចរណ៍នានាចូលមកទស្សនាផងដែរ៕