Home ព័ត៌មានជាតិ សេដ្ឋកិច្ច លោកទេសាភិបាលធ...

លោកទេសាភិបាលធនាគារជាតិធ្វើបាឋកថាស្ដីពីដំណើរកម្ពុជារយ:ពេលកន្លះសតវត្សចុងក្រោយ

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញ:មន្ត្រីជាន់ខ្ពស់គណះសង្ឃនិងថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបាននិមន្តនិងអញ្ជើញចូលរួមធ្វើបាឋកថាជូនព្រះសង្ឃ  មន្ត្រីរាជការពាក់ព័ន្ធនិងសមណនិស្សិត និស្សិតក្នុងខាសាពុទ្ធិកវិទ្យាល័យព្រះស៊ីហនុរាជខេត្តបាត់ដំបងក្រោមប្រធានបទ<ដំណើរកម្ពុជារយ:ពេលកន្លះសតវត្សរ៍ចុងក្រោយ>សម្រាប់ផ្ដល់ជាមូលដ្ឋានដល់អ្នកសិក្សាស្រាវជ្រាវនិងមន្ត្រីពាក់ពន្ធ័ក្នុងខេត្តបានយល់ពីដំណើរការវិវត្តន៍របស់ប្រទេសកម្ពុជាចាប់ពីសតវត្សទី១មកដល់ឆ្នាំ១៩៧០។កម្មវិធីនេះរៀបចំឡើងកាលពីរសៀលថ្ងៃទី២៨ខែវិច្ឆិកានាសាលប្រជុំសាលាខេត្តបាត់ដំបងក្រោមកិច្ចសហការរវាងខាសាពុទ្ធិកវិទ្យាល័យព្រះស៊ីហនុរាជខេត្តបាត់ដំបងនិងធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធន៍ក៏ដូចជាពុទ្ធិសម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណាដើម្បីចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។

វាគ្មិនសំខាន់ៗដែលបានចូលរួមធ្វើបាឋកថានាឱកាសនោះមានសម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សនប្រធានលេខាធោការដ្ឋានគណះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាទាក់ទងតួនាទីរបស់ព្រះពុទ្ធសាសនា  លោក ជា ចាន់តូទេសាភិបាលធនាគារជាតិនៃកម្ពុជានិង លោក ស៊ុំ សន្និសិទ្ធទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។

លោក ជា ចាន់តូ បានបញ្ជាក់ថាកម្ពុជាបានឆ្លងកាត់សម័យកាលជាច្រើន។ប៉ុន្តែគ្មានពេលណាដែលកម្ពុជាបានចាប់ងើបមុខនិងមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ដូចពេលនេះឡើយ។ចាប់ពីក្រោយឆ្នាំ១៩៩៨ក្រោមនយោបាយឈ្នះ ឈ្នះកម្ពុជាបានឈានដល់ការបង្រួបបង្រួមជាតិតែមួយនិងមានសន្តិភាពពេញលេញជូនជាតិមាតុភូមិដែលបានបើកឱកាសឲ្យកម្ពុជាធ្វើការស្ដារនិងអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដល់សព្វថ្ងៃនេះ។ដោយសារ  គុណបុណ្យនៃសន្តិភាពដែលកើតចេញពីនយោបាយឈ្នះឈ្នះប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែនប្រទេសកម្ពុជាទទួលបានសុខសន្តិភាព ប្រជាជនមានជីវភាពរស់នៅសមរម្យនិងរស់នៅប្រកបដោយការលូតលាស់រីកចម្រើននឹងរស់ដោយសុខសាន្តហើយមានជីវភាពធូរធាថែមទៀតផង។

លោកជា ចាន់តូ បានទាញអារម្មណ៍ថាដើម្បីឲ្យប្រទេសជាតិកាន់តែរឹងមាំនិងទទួលបានការរីកចម្រើនថែមទៀតចាំបាច់ក៏ត្រូវតែមានការចូលរួមពីវិស័យពុទ្ធចក្រនិងស្ថាប័នព្រះមហាក្សត្រសម្រាប់ជាម្លប់ហើយកាន់តែសំខាន់ទៀតនោះគឺការធានារក្សាឲ្យបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច អាត្រាប្ដូរប្រាក់,ការកសាងហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ត ផ្លូវគមនាគមន៍ ទឹក ភ្លើង  និងការអភិវឌ្ឍធនធានមនុស្សដើម្បីធ្វើសមាហរណកម្មចូលក្នុងសហគមន៍តំបន់និងពិភពលោកដែលទាំងអស់នេះគឺស្មារតីប្រកបដោយសុទ្ធិនិយមរបស់កម្ពុជាសម្រាប់អនាគត។

នៅក្នុងឱកាសនោះលោកចាន់តូ បញ្ជាក់ថាការកសាងប្រទេសជាតិមួយឬអរិយធ៌មមួយឲ្យរីកចម្រើនរុងរឿងទៅបានក៏ទាមទារឲ្យមានទាំងកាយសម្បទានិងផ្នែកបញ្ញាស្មារតី។កាយសម្បទារបស់ប្រជាជាតិមួយប្រៀបដូចទៅនឹងផ្នែកអាណាចក្រដែលសំដៅដល់ពលកម្មរបស់ប្រជាជនការគ្រប់គ្រងរដ្ឋបាល ដោយប្រើចំណេះដឹងនិងជំនាញបច្ចេកទេស ច្បាប់និងហេដ្ឋារចនាសម្ពន្ធ័សង្គមនិងសេដ្ឋកិច្ច។ហើយនៅក្នុងបរិបទបច្ចុប្បន្នសាសនាគឺធាតុសំខាន់ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិមួយព្រោះបានដើរតួនាទីជាគ្រឹះនៃទស្សនះវិជ្ជាដ៏រឹងមាំសម្រាប់ភាពរុងរឿងនៃអរិយធ៌មរបស់ប្រជាជាតិ។ដូចនេះវិស័យអាណាចក្រនិងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នាដើម្បីឲ្យសង្គមនិងប្រជាជនរស់នៅប្រកបដោយបញ្ញា ស្មារតី សេចក្ដីសុខ សុចរិតភាពនិងជាប្រយោជន៍ដល់សង្គម៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular