Home ព័ត៌មានជាតិ នយោបាយ សម្តេច​ក្រឡាហ...

សម្តេច​ក្រឡាហោម ស ខេងៈ ចាំបាច់​បំផុត ដែល​ខ្ញុំ​ត្រូវធ្វើ ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ

ដោយ​៖ ទេព មង្គល / ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាសជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ជនរួមជាតិ​ទាំងឡាយ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នូវ​អ្វីដែល​សម្តេច ចាំបាច់​បំផុត ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ តាម​វិធាន​របស់ ក្រសួងសុខាភិបាល​។ ទោះបីជា​យ៉ាងណា ក្នុងអំឡុង​ពេលនេះ សម្តេច​បានបញ្ជាក​ក់ថា នៅតែ​បន្ត​បំពេញភារកិច្ច ពិនិត្យ​សម្រេច លើ​សំណើរ និង​សំណូមពរ​នានា ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​បងប្អូន​ជនរួមជាតិ ជាធម្មតា តាមរយៈ​គេហទំព័រ ហ្វេ​ស​ប៊ុ​ក​នេះ ពី​បន្ទប់​ដាច់ដោយឡែក នៅផ្ទះ​របស់​សម្តេច​។​

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេច​ក្រឡាហោម ស ខេង មាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​នេះ ៖

​បងប្អូន​ជនរួមជាតិ​ជាទីគោរព​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​!
​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ ជាទី​រាប់អាន​!
​ខ្ញុំ​សូម​ជម្រាបជូន​ថា ខ្ញុំ​ត្រូវបាន​ក្រុមគ្រូពេទ្យ យក​សំណាក ទៅធ្វើ​តេស្ត​រក​មេរោគ កូ​វីដ​១៩ ដោយសារតែ​កាលពី​ម៉ោង ៨ និង​៣០​នាទី ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លងទៅ ខ្ញុំ​បាន​ដឹកនាំ​កិច្ចប្រជុំ អន្តរក្រសួង ពិភាក្សា​លើ​សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ទីស្ដីការគណៈរដ្ឋមន្ត្រី ។​

​នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង នា​ថ្ងៃនោះ ឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព​ន្ធា​គារ ក្រសួងមហាផ្ទៃ ក៏បាន​ចូលរួម​ដែរ ដោយ​គាត់​បាន​ពាក់​ម៉ាស់ ឆ្លងកាត់​ការ​វាស់​កំដៅ និង​បាញ់​អាល់កុល សម្លាប់​មេរោគ ដូច​រូបខ្ញុំ ព្រមទាំង​អ្នក​ចូល​រួ ម​អង្គប្រជុំ​ផ្សេងទៀត​ដែរ​។ ប៉ុន្តែ​នៅក្នុង​អំឡុងពេល​ប្រជុំ​នោះ គាត់​បាន​បង្ហើប​ម៉ាស់ ចេញពី​មាត់​ចំនួន​១​ដង ដើម្បី​មានមតិ​ខ្លី​មួយ​។
​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ខ្ញុំ​ក៏បាន​ដើរ​ចេញពី​បន្ទប់​ប្រជុំ ដោយ​ឆ្លងកាត់​ពីក្រោយ​ខ្នង ឯកឧត្តម ឆែម សាវុធ ហើយ​ពេល​នោះដែរ គាត់​ក៏បាន​ក្រោកឈរ និង​មានការ​ឆ្លើយឆ្លង​គ្នា ខ្លី​មួយ​ម៉ាត់​ពីរ មុនពេល​ខ្ញុំ ចាក​ចេញពី​បន្ទប់​ប្រជុំ​។​

​ក្រោយពី​កិច្ចប្រជុំ​នោះដែរ តាម​ព័ត៌មាន​ដែល ខ្ញុំ​ទទួលបាន ឯកឧត្តម ឆែម សាវុធ ក៏បាន​បន្ត​បំពេញ ការងារ​ជាធម្មតា ប៉ុន្តែ​ក្នុងពេល​កន្លងមក ក៏​ធ្លាប់បាន​ធ្វើដំណើរ ទៅ​ខេត្តបន្ទាយមានជ័យ ដើម្បី​ត្រួតពិនិត្យ​ដំណើរការ ផ្ទេរ​អ្នកទោស ដែល​បាន​ផ្ទេរចេញ​មួយរយៈ ដោយសារ​ជំនន់​ទឹកភ្លៀង​នោះ ចូលមក​កាន់​ពន្ធនាគា​រ ខេត្តបន្ទាយមានជ័យ វិញ​ផងដែរ​។​

​ជា​ប្រការ​គួរឱ្យ​សោកស្ដាយ​ណាស់ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ម្សិលមិញ​នេះ ភរិយា​ឯកឧត្តម ឆែម សាវុធ ត្រូវបាន​រកឃើញថា មាន​ជំងឺ​កូ​វីដ​-១៩ បន្ទាប់ពី​មាន​អា​ការៈមិន​ស្រួលខ្លួន រយៈពេល​ជាង មួយ​សប្ដាហ៍ ហើយ​លទ្ធផល ជា​បន្តបន្ទាប់ ក៏​បង្ហាញថា ឯកឧត្តម ឆែម សាវុធ និង​សមាជិកគ្រួសារ​មួយចំនួនទៀត​ក៏បាន​ឆ្លង​ជំងឺ​នេះដែរ​។ ដូច្នេះ​គឺជា​ការចាំបាច់​បំផុត ដែល​ខ្ញុំ​ត្រូវធ្វើ ច​ត្តា​ឡី​ស័ក រយៈពេល ១៤ ថ្ងៃ តាម​វិធាន​របស់​ក្រសួងសុខាភិបាល​។ ទោះបីជា​យ៉ាងណា ខ្ញុំ​នៅតែ​បន្ត​បំពេញភារកិច្ច ពិនិត្យ​សម្រេច​លើ​សំណើរ និង​សំណូមពរ​នានា ពី​ថ្នាក់ដឹកនាំ​ក្រសួង និង​បងប្អូន​ជនរួមជាតិ ជាធម្មតា តាមរយៈ​គេហទំព័រ ហ្វេ​ស​ប៊ុ​ក​នេះ ពី​បន្ទប់​ដាច់ដោយឡែក នៅផ្ទះ​របស់ខ្ញុំ​។​

​ខ្ញុំ​សូម​អំពាវនាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​នគរបាលជាតិ ដែលមាន​ការពាក់ព័ន្ធ ដោយផ្ទាល់ និង​ប្រយោល​ទាំងអស់ សូម​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​១៩ និង​អនុវត្ត​ការដាក់​ខ្លួន ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព ក្នុង​រយៈពេល ១៤ ថ្ងៃ ឱ្យបាន​ច្បាស់លាស់​បំផុត ។ ដោយឡែក ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​នគរបាលជាតិ ដែល​មិនមាន​ការជាប់​ពាក់ព័ន្ធ សូម​បន្ត​បំពេញភារកិច្ច ជាធម្មតា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​អនាម័យ ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត ចៀសវាង​ការប្រមូលផ្ដុំ និង​តាមដាន​សុខភាព ជាប្រចាំ​។​

​ខ្ញុំ​ក៏​សូម​ថ្លែង​អរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ ទាំងអស់ ដែល​បាន​ផ្ញើ​សារ​ជូនពរ​ខ្ញុំ ព្រមទាំង​ក្រុមគ្រួសារ​។ ខ្ញុំ​ក៏​សូម​ជូនពរ បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​ចៀស​ផុតពី​គ្រោះ​ចង្រៃ ជំងឺ​កូ​វីដ​-១៩​។
​សូម​អរគុណ​!

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular