ដោយៈដេប៉ូ/ភ្នំពេញៈថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រសួងបរិស្ថាន ដែលពាក់ព័ន្ធនឹងកិច្ចប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរដ្ឋបាលខេត្តមណ្ឌលគីរី បានចូលរួមគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជាដោយក្នុងនេះបានធ្វើតេស្ដរកវីរុសកុវីដ១៩ និងកំពុងធ្វើចត្តាឡីស័ក) និងអនុវត្តវិធានការនានាតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ៗគ្នា។ នេះបើតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់ក្រសួងបរិស្ថានចេញផ្សាយនៅថ្ងៃទី២៩ខែវិច្ឆិកានេះ។
ប្រភពខាងលើបញ្ជាក់ថាក្រៅពីការចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះហើយ ក្រសួងបរិស្ថាន ក៏ស្នើឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩តាមរយៈការបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស និងលាងសម្អាតដៃជាមួយសាប៊ូ, ជែល, ឬទឹកអាល់កុល នឹងអនាម័យឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមួយចំនួន បានអញ្ជើញចូលរួមប្រជុំពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរដ្ឋបាលខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕សរន