ប្រែសម្រួល : កញ្ញាដាលីស/ឡុងដ៍ ៖ ក្រុមមាន់ខ្នាយមាស Tottenham ឡើងមកកំពូលតារាង Premier League ជាមួយលទ្ធផលសូន្យស្មើជាមួយគូប្រជែងពាន តោខៀវ Chelseaខណៈកីឡាករអេឌីនសុន កាវ៉ានី បានជួយឱ្យក្រុមបិសាចក្រហម Manchester United ឈ្នះ ៣-២ នៅទឹកដីរបស់ Southampton កាលពីថ្ងៃអាទិត្យ។
ក្រុមរបស់លោកចូសេ ម៉ូរីញ៉ូបានឡើងមកលើក្រុម Liverpool ដោយគម្លាត់គ្រាប់បាល់ខុសគ្នា ក្រោយការប្រកួតដ៏តានតឹងរវាងជំនួបអ្នកក្រុងឡុងដ៍ដូចគ្នានៅកីឡដ្ឋាន Stamford Bridge។
Spurs មិនទាន់ចាញ់ ៩ ប្រកួតក្នុងលីក ហើយលោកម៉ូរីញ៉ូហាក់សប្បាយចិត្តនឹងធ្វើឱ្យអតីតក្លឹបរបស់គាត់ខកចិត្ត ខណៈពួកគេជ្រើសរើសទម្រង់លេងបែបប្រយ័ត្នប្រយែងខ្ពស់ពុំសូវមានមហិច្ឆតាប្រយុទ្ធ។
លោកម៉ូរីញ៉ូនិយាយថា “វាជាការប្រកួត ដែលយើងគោរពពួកគេ ពួកគេគោរពពួកយើង។ គ្មាននរណាម្នាក់ហ៊ានលេងប្រថុយប្រថាន ឬ ព្យាយាមប្តូរទិសដៅការប្រកួតទេ។ ខ្ញុំចូលចិត្តអារម្មណ៍ដែលបាននៅលើកំពូលតារាង។ យើងបានចេញមកពីចំណាត់ថ្នាក់លំបាកកាលរដូវកាលមុន ហើយយើងរីករាយនឹងលទ្ធផលនេះ”។
Chelsea ក៏មិនដែលចាញ់ដែរក្នុង ១១ ប្រកួតចុងក្រោយគ្រប់ក្របខ័ណ្ឌ និងឈរនៅលេខ ៣ ចាញ់ Spurs និង Liverpool ២ពិន្ទុ។
អ្នកចាត់ការទូទៅរបស់តោខៀវ លោក ហ្វ្រែង ឡាំផាត និយាយថា “ការប្រកួតប្រព្រឹត្តទៅដូចខ្ញុំបានរំពឹងទុក។ ខ្ញុំគិតថាយើងនឹងគ្រប់គ្រងបាល់បានច្រើន។ យើងបានបង្កើតឱកាសគ្រប់គ្រាន់ដើម្បីយកឈ្នះ។ លទ្ធផលសូន្យស្មើទល់នឹងក្រុមដែលបង្កើតឡើងដើម្បីវាយបកលឿនៗ គឺជាលទ្ធផលល្អប្រសើរ។ យើងមិនបានផ្តល់ឱកាសសូម្បីតែបន្តិចដល់ខេនឬសុន”។
ដោយឡែកនៅទឹកដីរបស់ Southampton ឯណោះវិញ Man Utd បានតាមពីក្រោយ ២-០ មកឈ្នះវិញចុងម៉ោង ២-៣ ដោយការស៊ុតបាល់ ២ គ្រាប់ចុងម៉ោងរបស់កីឡាករវ័យ ៣៣ ឆ្នាំ កាវ៉ានី។
លោកសូលក្យ័រនិយាយថា “វាជាចរិតរបស់ Manchester United មិនដែលចុះចាញ់ឡើយ។ គ្រប់គ្នា គឺគ្មាននរណាម្នាក់ព្រមចុះចាញ់នោះឡើយ។ វាជារឿងអស្ចារ្យសម្រាប់កីឡាករ Manchester United”៕
តោខៀវ Chelsea បានត្រឹមសូន្យស្មើជាមួយ Spurs នៅទឹកដី Stamford Bridge កាលពីថ្ងៃអាទិត្យ