ប្រែសម្រួលៈវាសនា/បាងកក៖ អ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលថៃរាប់ពាន់នាក់ កាលពីថ្ងៃអាទិត្យទី២៩វិច្ឆិកាបាននាំគ្នាដើរទៅកាន់បន្ទាយទាហានមួយនៅក្រុងបាងកកដើម្បីប្រឆាំងនឹងការគ្រប់គ្រងលើកងឯកភាពទ័ពខ្លះដោយព្រះមហាក្សត្រផ្ទាល់។
វាជាការតវ៉ាប្រឆាំងចុងក្រោយមួយក្នុងចំណោមការតវ៉ាទាមទារដែលផ្គើននឹងព្រះមហាក្សត្រនិងបំពានបំរាមរិះគន់រាជវង្សជាយូរមកហើយនៅក្នុងព្រះរាជាណាចក្រនេះ។រដ្ឋធម្មនុញ្ញថៃ និយាយថារបបរាជានិយមត្រូវតែគោរពប្រតិបត្តិហើយច្បាប់ហាមការប្រមាថស្ថាប័នកំពូលនេះ។
ពួកអ្នកប្រឆាំងតវ៉ា ដែលមួយចំនួនកាន់ទាជ័រពណ៌លឿង ដែលបានក្លាយជារូបតំណាងអោយការប្រឆាំងតវ៉ា បានឈប់នៅមាត់ទ្វាររបងនៃបន្ទាយកងវរសេនាធំទ័ពថ្មើរជើង ដែលជាផ្នែកនៃកងអង្គរក្សព្រះមហាក្សត្រ ។
ប៉ូលិសទាំងជួរ បានរារាំងអ្នកប្រឆាំងតវ៉ានៅមាត់ទ្វាររបង។
អាណុន ណាមផា មេធាវីសិទ្ធិមនុស្សនិងជាមេដឹកនាំការតវ៉ាប្រឆាំងម្នាក់ បាននិយាយថា « គ្មានប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យណាមួយ ចង់អោយស្តេចគ្រប់គ្រងកងទ័ពទេ។នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ កងកម្លាំងប្រដាប់អាវុធរាយការណ៍ជូនរដ្ឋាភិបាល។យើងបាននិងកំពុងឃើញស្តេចស្វះស្វែងពង្រីកអំណាច។នោះជាអ្វីដែលយើងមានមុខនៅទីនេះនាថ្ងៃនេះ»។
ពួកអ្នកប្រឆាំងតវ៉ាចោទប្រកាន់ស្ថាប័នស្តេចថាអនុញ្ញាតអោយយោធាមានឧត្តមភាពអំណាចនៅក្នុងប្រទេសអស់ជាច្រើនទសវត្សរ៍មកហើយ។សូមបញ្ជាក់ថា ថៃមានរដ្ឋប្រហារបានសំរេចចំនួន១៣លើកមកហើយចាប់តាំងពីការបញ្ចប់របបរាជានិយមដាច់ខាតនៅឆ្នាំ១៩៣២មក។
ការប្រឆាំងតវ៉ា ដែលបានចាប់ផ្តើមកាលពីខែកក្កដា ដំបូងទាមទារអោយនាយករដ្ឋមន្ត្រី ចុះចេញពីតំណែងនិងសេសេររដ្ឋធម្មនុញ្ញថ្មី តែឥឡូវក៏ទាមទារកែទំរង់របបរាជានិយម ដើម្បីទប់អំណាចស្តេច៕