ប្រែសម្រួល : កញ្ញាដាលីស ៖ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសនីហ្សេរីយ៉ាបាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ១១០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីចុងសប្តាហ៍ទៅលើកម្មករកសិដ្ឋាននៅភាគឦសានប្រទេសនីហ្សេរីយ៉ា ដែលគេស្តីបន្ទោសទៅលើក្រុមជីហាដនិយម។
ការវាយប្រហារនៅក្នុងរដ្ឋដែលញាំញីដោយក្រុមបះបោរជីហាដអស់រយៈពេលជាង១០ឆ្នាំនេះ បានកើតឡើងនៅថ្ងៃតែមួយនៃការបោះឆ្នោតក្នុងស្រុក ដែលបានត្រូវបានពន្យាពេលយ៉ាងយូរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក អេដវ៉ាដ កាល់ឡុន និយាយថា”ខ្ញុំមានអារម្មណ៍ក្រេវក្រោធនិងរន្ធត់ចិត្តចំពោះការវាយប្រហារដ៏សាហាវប្រឆាំងនឹងជនស៊ីវិលដែលបានអនុវត្តដោយក្រុមប្រដាប់អាវុធគ្មានរដ្ឋនៅតាមភូមិក្បែររដ្ឋធានីម៉ៃឌូហ្គូរីរបស់រដ្ឋប័រណូ។ យ៉ាងហោចណាស់ជនស៊ីវិល ១១០ នាក់ត្រូវបានសម្លាប់យ៉ាងសាហាវ ហើយមនុស្សជាច្រើនទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ”។
អ្នកស្រុកខ្លះបានស្តីបន្ទោសការវាយប្រហារនេះទៅលើក្រុមយុទ្ធជនបូកូហារ៉ាម ប៉ុន្តែលោកប៊ូឡាម៉ា ប៊ូកាទី អ្នកវិភាគនៅវិទ្យាស្ថានតូនីប្លែរ បាននិយាយថាគូប្រជែងដែលមានសម្ព័ន្ធភាពជាមួយក្រុមរដ្ឋអ៊ីស្លាម ឈ្មោះថា ខេត្តអាហ្វ្រិកខាងលិចនៃរដ្ឋអ៊ីស្លាម (ISWAP) មានភាពសកម្មជាងគេនៅក្នុងតំបន់នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកកាល់ឡុនបាននិយាយថា “ឧបទ្ទវហេតុនេះគឺជាការវាយប្រហារដោយផ្ទាល់ហិង្សាបំផុតប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់នៅឆ្នាំនេះ”។
លោកបានបន្ថែមថា “ខ្ញុំសូមអំពាវនាវឱ្យនាំខ្លួនអ្នកប្រព្រឹត្តអំពើសាហាវនិងគ្មានបេះដូងនេះមកផ្តន្ទាទោស”៕
ស្លាប់១១០នាក់ក្នុងការវាយប្រហារនៅភាគឦសាននីហ្សេរីយ៉ាកាលពីចុងសប្តាហ៍