ដោយ:ដេប៉ូ/ភ្នំពេញ: មន្ត្រីនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថាដំណើរការប្រឡងឌីប្លូមនាព្រឹកថ្ងៃទី៣០ វិច្ឆិកា ២០២០កំពុងប្រព្រឹត្តិទៅដោយរលូនតាមការគ្រោងទុកតាមគ្រឹះស្ថានសិក្សានៅ២៥ខេត្ត-រាជធានី។
បញ្ជាក់ប្រាប់រស្មីកម្ពុជានាព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០នេះលោករស់សុវាចាមន្ត្រីនាំពាក្យក្រសួងងប់រំបានឱ្យដឹងថា”គឺ ជារួម ក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថាការប្រឡងឌីប្លូមនាព្រឹកថ្ងៃនេះគឺគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់។មេប្រយោគកំពុងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។គ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ។
គួរបញ្ជាក់ថាការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ ប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង។ ការប្រឡងឌីប្លូម នៅថ្ងៃនេះ មានសាលារដ្ឋទាំងអស់ទូទាំងប្រទេស និងសាលាឯកជនមួយចំនួន ហើយសាលាឯកជនមួយចំនួនទៀត បានប្រឡងកាលពីសម័យប្រឡង ០៣ សីហា ២០២០រួចហើយ៕