ដោយៈ ជាសីហៈ/ភ្នំពេញៈ ថ្ងៃស្អែកទី០១ ខែ ធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃពិភពលោកទាំងមូល រួមជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជាតែងតែចូលរួមប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ។ តើទិវានេះ គឺជាទិវាអ្វីទៅ ? មានអត្ថន័យយ៉ាងណា?
ទាក់ទិននឹងព្រឹត្តិការណ៍ថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ២០២០ ខាងមុខនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៏ បានអះអាងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែធ្នូ ពិភពលោក ទាំងមូលបានឯកភាពគ្នា ក្នុងការប្រារព្ធទិវាពិភព លោកប្រយុទ្ធនឹងជំងឺអេដស៍។
ប្រភពដដែលបានបន្តថា ប្រជាជននៅទូទាំងសកលលោក បានសាមគ្គីគ្នាដើម្បីបង្ហាញពីការ គាំទ្រទៅដល់អ្នកផ្ទុកមេរោគអេដស៍ និងរំលឹកការចងចាំដល់មនុស្សទាំងឡាយដែលបាន ស្លាប់ដោយសារជំងឺអេដស៍។នៅរៀងរាល់ពេលប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ម្តងៗ គឺត្រូវមានពាក្យស្លោក ដែល នៅក្នុងឆ្នាំនេះបានផ្តោតទៅលើ “សាមគ្គីភាពជាសកល និងការ ទទួលខុសត្រូវរួមគ្នា”។
ពាក្យស្លោកនៅក្នុងឆ្នាំនេះ គឺបានផ្តុំឡើងនូវបញ្ជីនៃកិច្ចខិតខំប្រឹងប្រែងមួយចំនួន ដែលទិវាពិភព លោកប្រយុទ្ធនឹងជំងឺអេដស៍ត្រូវតែរំលឹកទៅដល់ប្រជាជននៅទូទាំងសកលលោក។ ចាប់តាំង ពីបានរៀបចំដំបូងនៅឆ្នាំ១៩៨៨ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាទិវាអន្តរជាតិមួយ សម្រាប់សុខភាពសកល ដែលមិនធ្លាប់មានពីមុនមក។ ជារៀងរាល់ឆ្នាំអង្គការសហប្រជាជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ រដ្ឋាភិបាល និងសង្គមស៊ីវិល បានរួមគ្នារៀបចំជាយុទ្ធនាការមួយក្រោម ពាក្យស្លោកជាក់លាក់ដែលទាក់ទងនឹងមេរោគអេដស៍ និងជំងឺអេដស៍។ សកម្មភាពលើកកម្ពស់ ចំណេះដឹងបានផ្សព្ធផ្សាយនៅទូទាំងពិភពលោក។ មានមនុស្សជាច្រើនបានពាក់បូពណ៌ក្រហម ដែលជានិមិ្មតរូបសកលនៃចំណេះដឹងនៃការគាំទ្រ និងការសាមគ្គីជាមួយអ្នកផ្ទុកមេរោគអេដស៍។ នៅក្នុងទិវានេះ អ្នកផ្ទុកមេរោគអេដស៍មានឱកាសបញ្ចេញសម្លងឲ្យពិភពលោកបានដឹងពីបញ្ហា សំខាន់នៅក្នុងជីវិត និងជីវភាពរស់នៅរបស់ពួកគេ។ ក្រុមអ្នកផ្ទុកមេរោគអេដស៍ និងអង្គការសង្គម ស៊ីវិលដែលសកម្មក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍បានចលនាស្វែងរកការគាំទ្រនៅក្នុង សហគមន៍របស់ពួកគេ និងការគាំទ្រធនធានថវិកា។ ជាមួយគ្នានេះដែរមានព្រឹត្តការណ៍ជាច្រើន បានរៀបចំឡើងដើម្បីរំលេចនូវស្ថានភាពរាលដាលមេរោគអេដស៍។
ប្រភពដដែលបានបន្តថា ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅតែចាត់ទុកជាទិវាសំខាន់ និងចាំបាច់បំផុត ដូចដែលធ្លាប់បានប្រារព្ធកន្លងមក ដើម្បីរំលឹកដល់ប្រជាជន និងរដ្ឋាភិបាលថា មេរោគអេដស៍ មិនទាន់ទៅណាឆ្ងាយពីយើងទេ។ នៅមានសេចក្តីត្រូវការដ៏ចាំបាច់បំផុតក្នុង ការបង្កើនថវិកាសម្រាប់ការឆ្លើយតបទៅនឹងជំងឺអេដស៍បង្កើនចំណេះដឹងស្តីពីផលប៉ះពាល់នៃ មេរោគអេដស៍ ទៅលើជីវិតរស់នៅរបស់ប្រជាជន ដើម្បីឈានទៅបញ្ចប់ការរើសអើង និងមាក់ងាយ និងដើម្បីលើកកម្ពស់គុណភាពជីវិតរបស់អ្នកផ្ទុកមេរោគអេដស៍ឲ្យបានកាន់តែ ប្រសើរឡើងថែមទៀត ៕PC