ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ សកម្មភាពរោងចក្រនៅប្រទេសចិនក្នុងខែវិច្ឆិកានេះបានកើនឡើងក្នុងល្បឿនលឿនបំផុតធៀបនឹងសកម្មភាពនានាក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះខណៈពេលដែលកំណើនក្នុងវិស័យសេវាកម្មក៏កើនឡើងខ្ពស់ក្នុងរយៈពេលជាច្រើនឆ្នាំផងដែរ ស្របពេលមានការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះក្រោយការគ្រប់គ្រងបានលើវីរុសកូរ៉ូណា។
ទិន្នន័យ ដែលបានចេញផ្សាយនៅថ្ងៃចន្ទទី៣០វិច្ឆិកានេះ បង្ហាញថា សេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោកកំពុងបោះជំហានទៅមុខក្លាយជាប្រទេសដំបូងគេដែលងើបរួចទាំងស្រុងពីការបិទឧស្សាហកម្មពាសពេញពិភពលោក ដោយទិន្នន័យផលិតកម្មថ្មីៗនេះបង្ហាញថា ផលិតកម្មចិនគឺស្ថិតនៅកម្រិតមុនពេលមានជំងឺរាតត្បាត។
ទិន្នន័យពីការិយាល័យស្ថិតិជាតិបានបង្ហាញថាសន្ទស្សន៍អ្នកគ្រប់គ្រងលទ្ធកម្មផ្នែកផលិតកម្មផ្លូវការរបស់ចិន (PMI) បានកើនឡើងដល់ ៥២,១ ពិន្ទុនៅក្នុងខែវិច្ឆិកាពីចំនួន ៥១,៤ ពិន្ទុនៅក្នុងខែតុលា។ វាជា PMI ខ្ពស់បំផុតចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៧ ហើយនៅតែស្ថិតលើកម្រិត ៥០ ដែលញែកដាច់ពីគ្នារវាងកំណើននិងការធ្លាក់ចុះជារៀងរាល់ខែ។ វាក៏ខ្ពស់ជាងការព្យាករណ៍ជាមធ្យម ៥១,៥ពិន្ទុនៅក្នុងការស្ទង់មតិរបស់អ្នកវិភាគរ៉យទ័រផងដែរ។
លោកចាង លីឈុន អ្នកវិភាគនៅសហព័ន្ធភស្តុភានិងលទ្ធកម្មចិន បាននិយាយថា “ការកើនឡើងនៃ PMIផ្នែកផលិតកម្មនៅក្នុងខែវិច្ឆិកាជាមួយនឹងការប្រសើរឡើងជារួមនៅក្នុងអនុសូចនាករណ៍បានបង្ហាញថា សន្ទុះនៃការងើបឡើងវិញនៅក្នុងវិស័យឧស្សាហកម្មគឺកាន់តែជាក់ច្បាស់”។
“ប៉ុន្តែលទ្ធផលបានបង្ហាញថា តម្រូវការមិនគ្រប់គ្រាន់នៅតែជាបញ្ហាទូទៅដែលក្រុមហ៊ុននានាកំពុងប្រឈម។ ដូច្នេះយើងត្រូវពង្រឹងការគាំទ្រគោលនយោបាយដែលមានគោលបំណងពង្រីកតម្រូវការក្នុងស្រុក”៕
សកម្មភាពរោងចក្រចិនបានពង្រីកក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជាង៣ឆ្នាំមកនេះ