Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​ត្រៀម...

កម្ពុជា​ត្រៀម​បញ្ជូន​ពាក្យ​ស្នើ​ចុះបញ្ជី​ម៉ាក​ម្រេច​កំពត ក្លាយជា​ម៉ាក​អន្តរជាតិ​នៅ​បណ្តា​ប្រទេស​ចំនួន​៥០

ដោយ​: ពៅ​និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា បច្ចុប្បន្ននេះ​ក្រសួង​បានរៀបចំ​ឯកសារ​ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ”​ម្រេច​កំពត​” ជា​អន្តរជាតិ​នៅ​បណ្តា​ប្រទេស​ចំនួន​៥០ ក្រោម​ច្បាប់​ស្តីពី​ទីក្រុង​ហ្សឺ​ណែវ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​លី​ស្បោ​ន ស្តីពី​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​។​

​នៅក្នុង​ពិធី​ប្រគល់ និង​ទទួល​ឧបករណ៍​វេច​ខ្ចប់ និង​ការបញ្ជាទិញ “​ម្រេច​កំពត​” របស់​សាធារណរដ្ឋ​ឆែក និង​ក្រុមហ៊ុន EU Land and Pepper កាលពី​សប្តាហ៍​កន្លងទៅ​នេះ នៅ​ខេត្តកំពត លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា ការជ្រើសរើស​និង​ចុះបញ្ជី ម្រេច​កំពត ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ដំបូង​គេ​បង្អស់​នៅក្នុង​កម្ពុជា កាលពី​ឆ្នាំ​២០១០ ដែល​ចាប់​ផ្តើមដំបូង​មាន​ផលិតករ​ចំនួន​១១៨​គ្រួសារ ក្រុមហ៊ុន​ចំនួន​១២ និង​ផ្ទៃដី​ដាំ​ដុះ​ចំនួន​១០​ហិច​តា ដែល​អាច​ប្រមូល​ទិន្នផល​បានតែ​១០​តោន​ប៉ុណ្ណោះ ប៉ុន្តែ​មកដល់​ឆ្នាំ​២០២០​នេះ មាន​ផលិតករ​សរុប​ចំនួន​៤៥៥​គ្រួសារ ក្រុមហ៊ុន​ចំនួន​៣៨ និង​ផ្ទៃដី​ដាំ​ដុះ​កើនឡើង​ដល់​២៩០​ហិច​តា ដែល​អាច​ប្រមូល​ទិន្នផល​បាន​រហូតដល់​ចំនួន​៨២,៧៨​តោន និង​មាន​ទីផ្សារ​នាំ​ចេញទៅ​ប្រទេស​នៅ​ទ្វីបអាស៊ី និង​អឺរ៉ុប ដោយ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ម្រេច​កំពត ត្រូវ​បានទទួល​ការចុះបញ្ជី​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់ និង​សកលលោក ហើយ​ទទួលបាន​ការការពារ​នៅ​ប្រទេស​ថៃ វៀតណាម និង​សហភាព​អឺរ៉ុប​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បានស្នើ​សុំ និង​លើកទឹកចិត្ត​ឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ​ពាក់ព័ន្ធ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ និង​ផលិតករ​ម្រេច​កំពត​ទាំងអស់​ឱ្យ​បន្ត​សហការ​និង​ចូលរួម​ឱ្យបាន​សកម្ម​បន្ថែមទៀត ក្នុង​សកម្មភាព​លើកកម្ពស់​ម្រេច​កំពត​កម្ពុជា និង​បានផ្តល់​អនុសាសន៍​មួយចំនួន សំដៅ​លើកកម្ពស់​ភាព​ប្រកួតប្រជែង រក្សា​កេរ្តិ៍ឈ្មោះ និង​គុណភាព​នៃ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” ដើម្បី​បង្កើន​ទំនុកចិត្ត​ចំពោះ​អ្នកប្រើប្រាស់ និង​ការស្វែងរក​ទីផ្សារ​បន្ថែម តាមរយៈ​ការរៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​ជាមួយនឹង​សហព័ន្ធ​ម្រេច​កម្ពុជា និង​សហគមន៍​ម្រេច​ពិភពលោក (World Pepper Community) ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់​ដើម្បី​លុបបំបាត់​និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ទំនិញ​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​”៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular