Home ព័ត៌មានជាតិ សង្គម ក្រសួងយុត្តិធ...

ក្រសួងយុត្តិធម៌​ចេញ​សេចក្តីជូនដំណឹង ដើម្បី​ចូលរួម​ធានា​ភាពម្ចាស់ការ​ក្នុងការ​គ្រប់គ្រង ទប់ស្កាត់ និង​ការពារ​ជំងឺ​កូ​វីដ -១៩

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: ក្រសួងយុត្តិធម៌​បានចេញ​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដើម្បី​ចូលរួម​ធានា​ភាពម្ចាស់ការ​ក្នុងការ​គ្រប់គ្រង ទប់ស្កាត់ និង​ការពារ​កុំអោយ​ជំងឺ​កូ​វីដ -១៩ មាន ការរីក​រាលដាល​ក្នុង​សហគមន៍​បន្ថែម​ថែមទៀត​ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ​ក្រសួងយុត្តិធម៌ សូម​ធ្វើ​ការណែនាំ​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​ទាំងអស់ នៃ​ក្រសួងយុត្តិធម៌ ដូចតទៅ​៖
​ទី​១- ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែលមាន​ការពាក់ព័ន្ធ​ទោះ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល សូម​ធ្វើ ការងារ​ពី​ចំងាយ​ដោយ​ពុំ​ចាំបាច់​មកកាន់​ក្រសួងយុត្តិធម៌ ក្នុង​រយៈពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។ ទន្ទឹមនឹង នេះ ក្រសួង​សូម​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែលមាន​ការពាក់ព័ន្ធ ទោះ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល អញ្ជើញ​ទៅពិនិត្យ និង​ដកយក​សំណាក​ដើម្បី​ធ្វើតេស្ត នៅតាម​ទីកន្លែង​ដែល​កំណត់ដោយ​ក្រសួងសុខាភិបាល​។​
​ទី​២- ដើម្បី​ធានា​និរន្ត​ភាព​ការងារ ចំពោះ​មន្ត្រី​ដែល​មិនមាន​ការពាក់ព័ន្ធ សូម​មក​បំពេញការងារ​ប្រចាំ ថ្ងៃជា​ធម្មតា ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធាន​សុវត្ថិភាព ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ពោលគឺ​ត្រូវ​ពាក់​ម៉ាស់​, លាង​អាល់កុល​សម្លាប់​មេរោគ​ឱ្យបាន​ញឹកញាប់ និង​ត្រូវ​រក្សា​គំលាត​សុវត្ថិភាព រួមទាំង វិធាន​អនាម័យ និង​សុវត្ថិភាព​លើ​គ្រប់​ឯកសារ​ផងដែរ​។ បន្ថែម​ពីនេះ ចំពោះ ឯកឧត្តម លោកជំទាវ អគ្គនាយក ដែលមាន​ការពាក់ព័ន្ធ អាច​ប្រគល់​ការទទួលខុសត្រូវ​ជូន​អគ្គនាយករង ដែល​មិនមាន​ការពាក់ព័ន្ធ ដើម្បី​ធ្វើ​កិច្ចការ ចាំបាច់​មួយចំនួន ជំនួស ។ ករណីនេះ អនុវត្ត​ដូចគ្នា​ផងដែរ​ចំពោះ អគ្គាធិការដ្ឋាន​កិច្ចការ​តុលាការ និង អគ្គលេខាធិការដ្ឋាន​។​
​ទី​៣- ក្រុម​ជំនួយការ​នៅ​ខុទ្ទកាល័យ និង​ជំនួយ​ការដែល​មិនមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់​ជាមួយ ឯកឧត្តម​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង នឹង​នៅ​បន្ត​មក​បំពេញការងារ ក៏ដូចជា​សម្របសម្រួល​ការងារ​ចាំបាច់ ចំពោះមុខ ក្នុង​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ដែលមាន​ការពាក់ព័ន្ធ​។​
​ទី​៤- ក្រសួង​នឹង​បន្ត​តាមដាន​ជាប់ ជាប្រចាំ នូវ​ការវិវត្តន៍​នៃ​សភាពការណ៍​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ចំ​បាច់​បន្ទាន់​ណាមួយ​នាពេលខាងមុខ​។​
​អាស្រ័យហេតុនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក ទាំងអស់​នៃ​ក្រសួងយុត្តិធម៌ ត្រូវ​សហការ​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular