Home ព័ត៌មានជាតិ សុខាភិបាល សម្ដេច​ក្រឡាហ...

សម្ដេច​ក្រឡាហោម​បញ្ជា​ឲ្យ​បិទ​កន្លែងធ្វើការ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៅក្នុង​ក្រសួងមហាផ្ទៃ​

សម្ដេច​ក្រឡាហោម​បញ្ជា​ឲ្យ​បិទ​កន្លែងធ្វើការ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៅក្នុង​ក្រសួងមហាផ្ទៃ​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីរ​ដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ ដែល​ពេលនេះ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោយ​ចូលរួម​ប្រជុំ​ជាមួយ​លោក ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ហើយ​រកឃើញ​មាន​ជំងឺ​កូ​វីដ​-១៩ នោះ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​បញ្ជា​ឲ្យ​បិទ​កន្លែងធ្វើការ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៅក្នុង​ក្រសួងមហាផ្ទៃ​។​

​តាមរយៈ​សារ​សំឡេង​ផ្ញើ​ទៅកាន់​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ចំណុះ​ក្រសួងមហាផ្ទៃ​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ឯកឧត្តម សក់ សេដ្ឋា សរសេរ​បទបញ្ជា​មួ​យមក​ខ្ញុំ ដើម្បី​ចុះហត្ថលេខា​យើង​បិទ​កន្លែងធ្វើការ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​»​។​

​គួរ​បញ្ជាក់ថា អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដែល​ត្រូវ​បិទ​បណ្ដោះអាសន្ន​នេះ មាន​ទីតាំង​ស្ថិតនៅ​អគារ N នៃ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​ប៉ុន្ដែ​ការបិទ​នេះ មិន​តម្រូវ​ឲ្យ​បិទ​ទាំង ស្រុង​នោះទេ​ពោល​បិទ​តែ​កន្លែងធ្វើការ​ផ្ទាល់​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ប៉ុណ្ណោះ​។​ចំណែក​កន្លែង​ផ្សេង​ដែល​នៅ​កន្លែង​នេះ គឺ​នៅ​ធ្វើការ​ធម្មតា​។​
​ក្រោយ​ផ្ទុះ​នូវ​ព្រឹត្តិការណ៍ «​សហគមន៍ ២៨ វិច្ឆិកា​» នេះ​មន្ដ្រី​ក្រសួងមហាផ្ទៃ បាន​អះអាងថា ថ្នាក់ដឹកនាំ​បាន​បញ្ជា​ភ្លាមៗ​ឲ្យ​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ជា​បន្ដបន្ទាប់​ផងដែរ ហើយ​មុននឹង​ចូលធ្វើការ​នៅ​អគារ N នេះ​ក៏​តម្រូវ​ឲ្យ​ឆ្លងកាត់​ម៉ាស៊ីន​បាញ់ថ្នាំ​សម្លាប់​មេរោគ​និង​លាង​សម្អាត​ដៃ ដែល​រៀបចំ​ដោយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ផងដែរ​។​

​ក្នុង​សារ​សំឡេង​ដដែល​នោះ សម្ដេច​ក្រឡាហោម ស ខេង​ក៏បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ និង​មន្ដ្រី​ទាំងអស់​ដែល​បាន​ទៅពិនិត្យ​សំណាក​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ម្សិលមិញ ហើយ​លទ្ធផល បង្ហាញថា​អវិជ្ជមាន​កូ​វីដ​-១៩ ក៏ពិតមែន​ប៉ុន្ដែ​គឺ​ត្រូវ​បន្ដ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ហើយ​បន្ដធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ផងដែរ ក្នុងនោះ​សម្ដេច​ផ្ទាល់​ក៏​តម្រូវ​ឲ្យ​ធ្វើបែបនេះ​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular