ប្រែសម្រួល : កញ្ញាដាលីស/យូថា ៖ ក្រុមមន្ត្រីអាម៉េរិកនិយាយលេងសើចថា សសរដែកអាថ៌កំបាំង ដែលលេចឡើងនៅលើវាលខ្សាច់រដ្ឋយូថាត្រូវបានមនុស្សភពផ្កាយនាំយកទៅវិញក្រោយវានៅសុខៗស្រាប់តែបាត់ស្រមោល។
ប៉ុន្មានថ្ងៃមកនេះសាធារណជននាំគ្នាចាប់អារម្មណ៍ខ្លាំងទៅលើវត្ថុធ្វើពីដែកដ៏អាថ៌កំបាំងនេះ ដែលលេចឡើងនៅលើវាលខ្សាច់។
ការិយាល័យគ្រប់គ្រងដីធ្លីនៅរដ្ឋយូថាបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វត្ថុដែកបីជ្រុងនេះត្រូវបានដកចេញវិញដោយ “ភាគីទីបីមិនស្គាល់អត្តសញ្ញាណ”។
ខណៈនាយកដ្ឋានសុវត្ថិភាពសាធារណៈរបស់រដ្ឋយូថាកំពុងស្រាវជ្រាវតម្រុយនៃការបាត់សសរដែកនេះ ស្រាប់តែមានមន្ត្រីខ្លះអះអាងថា មនុស្សក្រៅភពបានមកយកវាទៅវិញ។
នាយកដ្ឋាននេះបានប្រាប់កាសែតញូវយ៉កថែមកាលពីថ្ងៃអាទិត្យទី២៩វិច្ឆិកាថា “វាបានលេចឡើងភ្លាមៗ ហើយបាត់វិញភ្លាមៗដែរ”។
មន្ត្រីនៅនាយកដ្ឋាននេះសរសេរនៅលើបណ្តាញសង្គមថា “ខ្ញុំសង្ស័យថា មនុស្សភពក្រៅយកវត្ថុអាថ៌កំបាំងនេះត្រឡប់ទៅវិញ” រួចបន្ថែមរូបសញ្ញា Emoji បង្ហាញពីការនិយាយលេងសើចប៉ុណ្ណោះ។
វត្ថុចម្លែកនេះបានលេចឡើងនៅកណ្តាលវាលខ្សាច់រដ្ឋយូថានៅថ្ងៃទី១៨វិច្ឆិកា បន្ទាប់ពីមន្ត្រីរដ្ឋជិះឧទ្ធម្ភាគចក្រសង្កេតឃើញ៕
សសរដែកអាថ៌កំបាំងបានលេចឡើងនៅកណ្តាលវាលខ្សាច់រដ្ឋយូថានៅថ្ងៃទី១៨វិច្ឆិកា តែបានបាត់វិញ