Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យជាង ១...

ជនសង្ស័យជាង ១០ នាក់ កាប់យុវជនមួយក្រុម ប្លន់យកម៉ូតូបានសម្រេច

ដោយៈ សរិទ្ធ / ភ្នំពេញៈ ជនសង្ស័យជាង ១០ នាក់ បានកាប់ទៅលើយុវជនមួយក្រុម ប្លន់យកម៉ូតូ បានសម្រេចរួចជិះគេចខ្លួន ដោយសុវត្ថិភាព កាលពីម៉ោង ១២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

ជនរងគ្រោះ ជាម្ចាស់ម៉ូតូ ឈ្មោះ ធឿន សុខាត ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបរ បើកឡាន មានស្រុកកំណើត នៅភូមិអណ្ដូង ស្រុកមេសាង ខេត្តព្រៃវែង។
ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេមានគ្នា ៩ នាក់ បានចេញពីក្លិបស៊ីធី ចាស់ មកភោជនីយ៍ដ្ឋានស្តារ ក្នុងគោលបំណង ត្រឡប់ទៅផ្ទះវិញ ម្ដុំផ្សារទួលពង្រ ដោយជិះម៉ូតូ ៣ គ្រឿង តាមបណ្ដោយផ្លូវ ២១៧ ពីទិសខាងកើត ទៅខាងលិច។ ម៉ូតូដែលជនសង្ស័យ ប្លន់យកទៅនោះ ម៉ាកហុងដា ឌ្រីម ០១៦ ពណ៌ ខ្មៅឡើងតែម ០២០ ពាក់ស្លាកលេខ ភ្នំពេញ 1SF 1202 មកដល់ចំណុចកើតហេតុ ស្រាប់តែលេចជនសង្ស័យ ជិះម៉ូតូ ៥ គ្រឿង មានគ្នាជាង ១០ នាក់ ជិះម៉ូតូចេញពីក្លិប ដេញមកពីក្រោយ ប្រដាប់ដោយដាវគ្រប់ដៃ បានកាប់ជាច្រើនកាំបិត បណ្ដាលឲ្យយុវជន ២ នាក់ រងរបួសធ្ងន់ និង ៦ នាក់ទៀត រត់គេចខ្លួន។ ជនសង្ស័យទាំងនោះ បានលើកម៉ូតូ ជិះចូលតាមផ្លូវចាក់សំរាមចាស់ គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះ ទាំង ២ នាក់ ដែលរងគ្រោះធ្ងន់ ត្រូវបានមិត្តភក្តិ ដឹកតាមម៉ូតូ យកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យរុស្សី។

ក្រោយកើតហេតុ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ស្ទឹងមានជ័យ១ មានសមត្ថកិច្ចម្នាក់ មកទទួលពាក្យបណ្ដឹង។ ក្រោយពីដាក់ពាក្យបណ្ដឹង រួចរាល់ហើយ ជនរងគ្រោះ បានត្រឡប់ទៅផ្ទះវិញ៕/V

ជនសង្ស័យជាង ១០ នាក់ កាប់យុវជនមួយក្រុម ប្លន់យកម៉ូតូបានសម្រេច  ជនសង្ស័យជាង ១០ នាក់ កាប់យុវជនមួយក្រុម ប្លន់យកម៉ូតូបានសម្រេច  ជនសង្ស័យជាង ១០ នាក់ កាប់យុវជនមួយក្រុម ប្លន់យកម៉ូតូបានសម្រេច 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular