ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ឃោរ
គុណសព្ទ
(សំ. បា.) ខ្លាំង, ពន្លឹក, គួរខ្លាច, គួរស្បើម
ខឹងឃោរ គឺខឹងខ្លាំង ។ បុរាណមានប្រើជា ន. ខ្លះ ដូចពាក្យថា បុណ្យបាត់ដ្បិតបាប លាភបាត់ដ្បិតឃោរ
ឃោរឃៅ
គុណសព្ទ
ខ្លាំងក្រៃ, ពន្លឹកគួរខ្លាច, ហៅហាន, មោះមុត, កាចខ្លាំងឥតមានមេត្តាប្រណី
ចិត្តឃោរឃៅ, ចោរឃោរឃៅ ។
ឃោស
នាមសព្ទ
(បា. ឃោស “សូរ, សំឡេងគឹកកង” ) ឈ្មោះព្យញ្ជនៈ ដែលមានសំឡេងគឹកកង មាន ២១ តួ គឺ គឃង, ជឈញ, ឌឍណ, ទធន, ពភម; យរលវហឡ; និងស្រៈពេញតួទាំងអស់ ក៏រាប់បញ្ចូលក្នុងពួកអក្សរ ឃោសៈ ដែរ។ ពាក្យផ្ទុយ អឃោសៈ ។
ឃោសនា
(ឃោស្នា)
នាមសព្ទ
(បា.) សំដីគឹកកង, សំឡេងកងរំពង, អឺងអាប់; ការប្រកាស, ការស្រែកប្រកាសឮខ្លាំងៗ ផ្សាយដំណឹងឲ្យសាធារណជនដឹង, ការផ្សាយដំណឹងឲ្យឮសាយសុសសព្វគ្នា ។ ប្រើតាមទម្លាប់ចំពោះតែការប្រកាសអង្គាសវត្ថុផ្សេងៗ ធ្វើបុណ្យឲ្យទាន; ប្រើជា ន. ឬ គុ. ឬ កិ. ក៏បាន
សេចក្ដីឃោសនា, សំបុត្រឃោសនា; អាចារ្យឃោសនាចង្ហាន់, ឃោសនាចតុប្បច្ច័យ (សរសេរក្លាយជា ឃោស្នា តាមសូរសំនៀងនិយាយក៏មាន; សរសេរបែបនេះ សម្រាប់ប្រើក្នុងកាព្យ, សរសេរត្រឹមត្រូវជា ឃោសនា អ. ថ. ឃោស្នា )
ឃោសនាការ
(—ស្នាកា ឬ —សៈន៉ាកា)
នាមសព្ទ
(បា.) ឈ្មោះក្រសួងរដ្ឋមន្ត្រីមួយផ្នែក ខាងការផ្សាយដំណឹងផ្សេងៗ
ក្រសួងឃោសនាការ ។