Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទោះ​ស្ថិតក្នុ...

ទោះ​ស្ថិតក្នុង​ស្ថានភាព​កំពុង​ប្រឈម ក៏​គម្រោង​លំនៅដ្ឋាន​ធំៗ​នៅតែ​បន្ត​លក់​ចេញ​បានជា​ធម្មតា​

​ដោយៈ ច្រាយ ចំណាន​/​ភ្នំពេញៈ ស្ថានភាព​ដែល​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន បាន​ជះឥទ្ធិពល​អវិជ្ជមាន​ទៅដល់​វិស័យ​ផ្សេងៗ​ជាច្រើន ដែល​ក្នុងនោះ​ទីផ្សារ​អចលនទ្រព្យ ក៏​ទទួលរង​ផលប៉ះពាល់​ផងដែរ ប៉ុន្តែ​សម្រាប់​ប្រតិបត្តិ​ករ​ផ្ទាល់ ដែល​កំពុង​ប្រតិបត្តិការ​យ៉ាងសកម្ម​នៅក្នុង​វិស័យនេះ​អះអាងថា ទោះ​ស្ថិតក្នុង​ស្ថាន​ការ​នេះ ការលក់​នៅក្នុង​គម្រោង​ចាស់​ធំៗ គឺ​នៅតែមាន​ដំណើរការ ហើយ​ករណី​ដែល​ប៉ះពាល់​គឺមាន​តែ​គម្រោង​ថ្មីៗ​តែប៉ុណ្ណោះ​។

​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Easy Property Investment លោក ម៉ម សិរី​បញ្ញា បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​នៅ​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា ទីផ្សារ​នៃ​ការលក់​អចលនវត្ថុ នៅក្នុង​ស្ថានភាព​នាពេល​បច្ចុប្បន្ននេះ គឺមាន​នៅតែ​ដដែល ប៉ុន្តែ​ការលក់​ចេញ ឬ​មិន​ចេញ​គឺ​អាស្រ័យ ទៅលើ​ប្រភេទ​នៃ​គម្រោង​នីមួយៗ ជា​គម្រោង​ចាស់​ដែលមាន​ស្រាប់ ឬ​ជា​គម្រោង​ថ្មី ដែល​ទើបតែ​ចាប់ផ្តើម​ដាក់បញ្ចូល​ទៅក្នុង​ទីផ្សារ​។

លោក​បញ្ជាក់ថា “​នៅក្នុង​ស្ថាន​ការ​នេះ វា​មាន​ទាំង​ផល​ល្អ ទាំង​ផល​អាក្រក់​សម្រាប់​ទីផ្សារ​លក់​អចលនវត្ថុ ជាពិសេស​ផ្នែក​លំនៅដ្ឋាន​”​។ លោក​បន្តថា “​សម្រាប់​គម្រោង​ធំៗ និង​ជា​គម្រោង​ចាស់ គឺ​ពួកគេ​នៅតែមាន​ការលក់​ចេញ​ធម្មតា ព្រោះ​គម្រោង និង​យុទ្ធសាស្ត្រ​ទីផ្សារ នៃ​ការលក់​របស់​ពួកគេ សុទ្ធតែ​បានកំណត់​គោលដៅ​តាំងពី​ឆ្នាំ​ចាស់ ហើយ​ភាគច្រើន​ពួកគាត់​មាន​ភ្ញៀវ​នៅក្នុង​ដៃ​ស្រាប់ ជាពិសេស​គឺមាន​ក្រុមហ៊ុន​ភ្នាក់ងារ ដែលជា​ដៃគូ​យុទ្ធសាស្ត្រ​នៃ​ការលក់ ដូច្នេះ​ដូចជា​មិនសូវមាន​បញ្ហា​ចោទ​នោះទេ​”​។

​លោក​បន្តថា យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ពួកគេ គឺមាន​បត់បែន​ច្រើន ដែល​ធ្វើយ៉ាងណា​ជំរុញ​ការលក់ មិន​ថា​ការផ្តល់ជូន​នូវ​លក្ខខណ្ឌ​ងាយស្រួល ដល់​ការទិញ​របស់​អតិថិជន មិន​ថា​ការផ្តល់ជូន​នូវ​អត្ថប្រយោជន៍​បន្ថែម​ពី​ការទិញ ក៏ដូចជា ការលើកទឹកចិត្ត​ក្នុង​រូបភាព​ផ្សេងៗ ដែល​អាច​ផ្តល់នូវ​ផល​វិជ្ជមាន​ដល់​ការលក់​របស់​ពួកគេ ហើយ​អ្វី​ដែលជា​កត្តា​ជួយ​ជំរុញ​ឱ្យ​ការលក់​របស់​ពួកគាត់​ទទួលបាន​ជោគជ័យ គឺ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ដែល​បាន​សាប​ព្រួស​យ៉ាង​ទូលាយ និង​ទទួលបាន​ទំនុកចិត្ត​ពី​អតិថិជន​រួចជាស្រេច​។

​ជាមួយនឹង​ការបញ្ជាក់​ពី​ទីផ្សារ​លក់ អចលនវត្ថុ​នៅពេល​ពេលនេះ លោក ម៉ម សិរី​បញ្ញា ក៏បាន​បញ្ជាក់​ផងដែរ​ថា “​ភាគច្រើន​ផលប៉ះពាល់ ដែល​កើតមាន​ទៅលើ​ទីផ្សារ​នៃ​ការលក់​នៅពេលនេះ គឺជា​ក្រុមហ៊ុន​ឬ​គម្រោង​ថ្មីៗ​តែប៉ុណ្ណោះ ដោយសារតែ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ហាក់​មិនទាន់​ត្រូវបានគេទទួលស្គាល់ មិនសូវមាន​ក្រុមហ៊ុន​ភ្នាក់ងារ​សហការ ព្រោះ​ភ្នាក់ងារ​អាជីព​មុនពេល​សម្រេចចិត្ត សហការ​លក់​ជា​ដៃគូ ក៏​គេ​គិតពិចារណា​ទៅលើ​កេរ្តិ៍​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែរ​”​។

​លោក​បន្តថា សម្រាប់​ការអភិវឌ្ឍន៍ ដែល​ទើបតែ​ចាប់ផ្តើម​ថ្មី​នៅពេលនេះ អាច​ជួប​បញ្ហា​អវិជ្ជមាន​ច្រើន ដោយសារតែ​ការលក់​គម្រោង​ថ្មីៗ ប៉ុន្តែ​តម្លៃ​ប្រហាក់ប្រហែល​ទៅនឹង​ក្រុមហ៊ុន​ចាស់​ដែលមាន​កេរ្តិ៍​ស្រាប់ វា​អាចជា​ការប្រកួតប្រជែង​មួយ​ដ៏​លំបាក ជាពិសេស​នៅក្នុង​កំឡុងពេល​ដែល​កំ​ពុង​ប្រឈម ទៅនឹង​វិបត្តិ​សេដ្ឋកិច្ច​តែម្ដង​។

​លោក​បន្ថែមថា “​អ្វី​ដែលជា​ទស្សនៈ​របស់​ខ្ញុំ​នៅពេលនេះ គឺ​សម្រាប់​គម្រោង​ថ្មី​ដែលមាន​ចរន្ត​សាច់ប្រាក់​ក្នុងការ​អភិវឌ្ឍន៍​មិន​គ្រប់គ្រាន់ អាច​ពិចារណា​ក្នុង​ពន្យា​ពេល​ទៅ​ឆ្នាំក្រោយ ឬ​ក្រោយ​បញ្ចប់​វិបត្តិ​កូ​វីដ​”​។ លោក​បន្តថា “​ដោយឡែក​សម្រាប់​អ្នក​ដែលមាន​ធនធាន​គ្រប់គ្រាន់ អាចជា​ឱកាសល្អ ព្រោះ​ចាប់ផ្តើម​នៅពេលនេះ ដើម្បី​លក់​ចេញ​នៅក្រោយពេល​ស្ថានការណ៍ វិល​ទៅរក​ភាពល្អប្រសើរ​វិញ ហើយ​អាច​នឹង​លក់បាន​លឿន និង​ចំណេញ​ច្រើន​”​។

ភ្ជាប់​ជាមួយនឹង​ទីផ្សារ​លំនៅដ្ឋាន ដូចដែល​បានលើកឡើង​នៅពេលនេះ តាម​ឯកសារ​ដែលមាន​ចំណងជើង​ថា “​ភ្នំពេញ ឆ្នាំ​២០៣០ ”​បាន​បង្ហាញថា លំនៅឋាន​ដែល​បាន​និង កំពុង​សាងសង់​នឹង​កើនឡើង​៣​ដង ក្នុង​រយៈពេល​១៣​ឆ្នាំ​ខាងមុខ​។ នៅក្នុង​ឯកសារ​ខាងលើ​បញ្ជាក់ថា បច្ចុប្បន្ន​ចំនួន​លំនៅឋាន​សរុប​មាន​ចំនួន​១៥០.០០០​ខ្នង ប៉ុន្តែ​នឹង​កើនឡើង​ដល់​៤៥០.០០០​ខ្នង​នៅ​ឆ្នាំ​២០៣០ ។
​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ចំណោម​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន​៧​បាន និង​កំពុងមាន​សកម្មភាព​ម​មា​ញឹក ក្នុងការ​សាងសង់​សំណង់​លំនៅឋាន ដើម្បី​ផ្គត់ផ្គង់​ទៅតាម​តម្រូវការ ដែល​នឹង​ធ្វើឱ្យ​កើនឡើង​រហូតដល់​ជិត​កន្លះ លាន​ខ្នង​នៅ​ឆ្នាំ​២០៣០៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular