ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ថ្ងៃនេះ​ជា​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១ ធ្នូ ឆ្នាំ​២០២០​ដូច្នេះ​យើង​ត្រូវតែ​ចាំ​ថា មេរោគ​និង​ជំងឺ​នេះ​មិនទាន់​ទៅណា​ឆ្ងាយ​ពី​កម្ពុជា​នៅឡើយ ដូច្នេះ​សូម​បន្ត​មានការ​ប្រុងប្រយ័ត្ន ។

​តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បានបង្ហាញ​ថា ការឆ្លង​មេរោគ​អេ​ដ​ស៏​នៅ​កម្ពុជា​នៅតែមាន ហើយ​ជំងឺ​នេះ​នៅតែ​សម្លាប់​ជីវិត​ពលរដ្ឋ​កម្ពុជា​នៅឡើយ​ទេ ។​

​ប្រភព​ដដែល​បាន​បន្តថា អត្រា​មេរោគ​អេដស៍​ក្នុងចំណោម​មនុស្សពេញវ័យ ដែលមាន​អាយុ​ចាប់ពី​១៥ ដល់​៤៩​ឆ្នាំ បាន​ថយចុះ​ពី ០,៨​ភាគរយ នៅ​ឆ្នាំ​២០១០ មក​នៅត្រឹម ០,៥​ភាគរយ នៅ​ឆ្នាំ​២០១៩​។

​ក្នុងចំណោម​នោះ ចំនួន​អ្នកស្លាប់​គ្រប់​វ័យ​ដោយសារ​ជំងឺអេដស៍​បាន​ថយចុះ​ពី​ចំនួន​ប្រមាណ ២.៣០០ នាក់ នៅ​ឆ្នាំ​២០១០ មក​នៅត្រឹម​ចំនួន​ប្រមាណ ១.៣០០ នាក់​ក្នុង​ឆ្នាំ​២០១៩​។

​ប្រភព​ដដែល​បាន​បន្តថា បច្ចុប្បន្ននេះ ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​គ្រប់​វ័យ​មាន​ប្រមាណ ៧៣.០០០ នាក់ ក្នុងនោះ ៨៤​ភាគរយ បានធ្វើ​តេស្ត​ឈាម​ដឹង​ពិត​ប្រាកដថា បាន​ផ្ទុកមេរោគ​អេដស៍ ១០០​ភាគរយ បានទទួល​សេវា​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​៩៦​ភាគរយ ទទួលបាន​ប្រសិទ្ធភាព​នៃ​ការព្យាបាល​នាំឱ្យមាន​សុខភាព​ល្អ​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ចំនួន​អ្នក​ឆ្លង​ថ្មី​គ្រប់​វ័យ បាន​ថយចុះ​ពី​ចំនួន​ប្រមាណ ១.៩០០ នាក់ នៅ​ឆ្នាំ​២០១០ មក​នៅត្រឹម​ប្រមាណ​៧៨០​នាក់ នៅ​ឆ្នាំ​២០១៩​៕