ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ការសាងសង់ស្ថានីយ៍ ដើរថាមពលពន្លឺអាទិត្យឬសូឡា (Sola) បន្ទាយមានជ័យ ដែលមានអនុភាពផលិតបាន ៣០ មេហ្គាវ៉ាត់ ស្ថិតនៅផ្លូវជាតិលេខ៦ ក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សម្រេចបាន ៩៨% ហើយ ។ នេះបើតាមលោក ហ៊ិន សុធា វិស្វករអគ្គិសនី នៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អាហ្រៃ្វ (AFRY) បានជម្រាបប្រាប់ប្រតិភូ ដែលមានសមាសភាពចម្រុះមួយក្រុម។
លោក ហ៊ិន សុធា បានឱ្យដឹងថាៈ ប្រតិភូ ដែលមានសមាសភាពចម្រុះមួយក្រុមនោះ រួមមាន ប្រតិភូក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោករដ្ឋមន្ត្រី ស៊ុយ សែម និងអមដំណើរដោយលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក អោម ចន្ថា អភិបាលរង ខេត្តបន្ទាយមានជ័យ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស អាហ្រៃ្វ (AFRY) ក្រុមហ៊ុនសាងសង់តម្លើង គឺក្រុមហ៊ុនឆាយណា អ៊ីន័រជី សានស៊ី ( CHINA ENERGY ENGINEERING GROUP SHANXI ELECTRIC POWER ENGINEERING CO.LTD) និងក្រុមហ៊ុន ឆាយណា អ៊ីន័រជី អានហ៊ុយអឺ (CHINA ENERGY ENGINEERING GROUP ANHUI 2 ELECTRIC POWER ENGINEERING CO.,LTD) ដែលបានមក ទស្សនកិច្ច នៅការដ្ឋានស្ថានីយ៍នេះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោកបានបន្តថាៈ ក្រុមហ៊ុន B Grimm Solar Power 1 របស់ថៃ បានមកបើកក្រុមហ៊ុន ឈ្មោះ Ray Power Supply Co,Ltd ហើយចុះបញ្ជីនៅកម្ពុជា ដោយត្រូវស្ថាបនា ស្ថានីយ៍ដើរថាមពលពន្លឺអាទិត្យ ឬ សូឡា (Sola) ៣០ មេហ្គាវ៉ាត់ ក្នុងនោះ បានតម្លើងបន្ទះសូឡា លើផ្ទៃដី ៣៥ ហិកតា និងសល់ ១១ ហិកតាទៀត ជាដីបម្រើការ នៃហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុន ។
ការសាងសង់ បានចាប់ផ្ដើមពីដើមឆ្នាំ២០២០ មក ការបុកសសរគ្រឹះ , តម្លើងសន្លឹកសូឡា អូសខ្សែនិងតម្លើងសម្ភារបរិធាន សរុបបញ្ចប់បាន ១០០%។ ប៉ុន្តែដោយសារទឹកជំនន់ កាលពីខែតុលា និង វិច្ឆិកា ឆ្នាំ២០២០ បានធ្វើអោយរំខាន យឺតយ៉ាវខ្លះ លើការធ្វើតេស្ត ការភ្ជាប់ភ្លើង ទៅបណ្តាញរដ្ឋ (ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ ការងារដែលនៅសល់ មានការធ្វើផ្លូវ និងប្រឡាយ លើកកម្ពស់ទំនប់ ព័ទ្ធការពារទឹកជំនន់ របង បន្ទប់ម៉ូទ័របូមទឹក បន្ទប់សន្តិសុខ កាមេរ៉ាសុវត្ថិភាព ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងប្រតិភូ បានសាទរនឹងដំណើរការសាងសង់ ស្ថានីយ៍នេះ បានសម្រេចដូចកិច្ចសន្យា នៃផែនការអនុវត្ត ហើយលោកបានស្នើអោយគ្រប់ផ្នែក បន្តបង្ហើយការងារសេសសល់ ឱ្យបានរួចរាល់ឆាប់ ជាពិសេស ការភ្ជាប់ភ្លើង ទៅបណ្តាញរដ្ឋ ដើម្បីអោយអគ្គិសនីកម្ពុជា យកទៅបែងចែក លក់ដុំ ជូនអគ្គិសនីរដ្ឋ និងសេវាករឯកជន ហើយលក់រាយបន្ត ដល់អ្នកប្រើប្រាស់ ពោលគឺទាំងក្នុង ខេត្តបន្ទាយមានជ័យ ក៏ដូចខេត្ត រាជធានី ក្នុងទូទាំងប្រទេស នឹងមានថាមពលអគ្គិសនី ពីច្រើនប្រភព សម្រាប់ផ្គត់ផ្គង់ ៕/V
ស្ថានីយ៍ដើរដោយថាមពល ពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់ ឈ្នួរមានជ័យ សម្រេចបានជិត ១០០%
ស្ថានីយ៍ដើរដោយថាមពល ពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់ ឈ្នួរមានជ័យ សម្រេចបានជិត ១០០%
ស្ថានីយ៍ដើរដោយថាមពល ពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់ ឈ្នួរមានជ័យ សម្រេចបានជិត ១០០%