Home ព័ត៌មានជាតិ សេដ្ឋកិច្ច បញ្ជូន​ជនសង្ស...

បញ្ជូន​ជនសង្ស័យ​បីនាក់មក​តុលាការករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចេញពី​កម្ពុជា តាម​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍

ដោយៈ ស​រិ​ទ្ធ ,មុនីរ័ត្ន/ ភ្នំពេញៈ ជនសង្ស័យ​ចំនួន បីនាក់ ជាប់​ពាក់ព័ន្ធ​ករណី ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចេញពី​កម្ពុជា ទៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង អូស្ត្រាលី តាមរយៈ​កញ្ចប់​បញ្ញើ ប្រៃសណីយ៍ មាន​ទម្ងន់​ជិត ៣ គីឡូក្រាម បាន​ត្រូវ​សមត្ថកិច្ច​នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូនមក​តុលាការ នៅ​រសៀល ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ តាមច្បាប់​។​

​សមត្ថកិច្ច​ជំនាញ បានបញ្ជាក់​ថាៈ កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ សមត្ថកិច្ច​គយ ប្រចាំការ​នៅ​ឃ្លាំង​ដឹកទំនិញ ( Cargo ) នៃ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ និង​មានការ​សម្របសម្រួល ពី​លោក សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ ស៊ើបអង្កេត និង​ឈានទៅ​បង្ក្រាបបាន ក្រុម​ជួញដូរ​គ្រឿងញៀន ឆ្លងដែន ចេញពី​កម្ពុជា ទៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​អូស្ត្រាលី ដោយ​លាក់​បង្កប់ ក្នុង​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍ ចំនួន ៣ លើក ជា​បន្តបន្ទាប់ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ដោយ​ចាប់ខ្លួន​ជនសង្ស័យ ចំនួន បីនាក់ និង​ចាប់យក​វត្ថុតាង គ្រឿងញៀន សរុប ២.៥៤៩,៧៧ ក្រាម ។​

នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ជនសង្ស័យ​បីនាក់ មក​តុលាការ ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចេញពី​កម្ពុជា តាម​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍

​ប្រតិបត្តិ​ការបង្ក្រាប ការជួញដូរ​គ្រឿងញៀន​ឆ្លងដែន ជា​លទ្ធផល រួមមានៈ លើក​ទី​១. នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ២០២០ នៅ​ចំណុច​ឃ្លាំងទំនិញ ( Cargo ) នៃ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ចាប់យក​វត្ថុតាង​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៨៥,៣២ ក្រាម ដោយ​លាក់​បង្កប់ ក្នុង​ដំបង ២ កំណាត់ ។​

​លើក​ទី​២. នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ឃ្លាំងទំនិញ (Cargo) នៃ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ចាប់យក​វត្ថុតាង គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១.២៩៥,៦៧ ក្រាម ដោយ​លាក់​បង្កប់ ក្នុង​បដិមាករ ព្រះពុទ្ធ​រូប​ឈើ ២ ព្រះអង្គ ។​

​លើក​ទី​៣. នៅ​ថ្ងៃទី​២៥ វិច្ឆិកា នៅ​ចំណុច​ក្រុមហ៊ុន IAL ផ្ទះ​លេខ​១៦​បេ ផ្លូវ​សូ​នី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បុរស ជា​ជនសង្ស័យ ២ នាក់ ដែលជា​អ្នក​ផ្ញើ​គ្រឿងញៀន គឺៈ ១- ឈ្មោះ លឿង សៀង​ហៃ អាយុ​៣១​ឆ្នាំ និង​២-​ឈ្មោះ ឈុន ម៉ា​រ៉ា​ឌី អាយុ ២៥​ឆ្នាំ​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច ដកហូត​បានរួម​មានៈ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១.០៤៨,៤៨ ក្រាម លាក់​បង្កប់​ក្នុង​រូប​បដិមាករ ៤ អង្គ ព្រះ​សិរ​១. ព្រហ្ម​២ រូប​ព្រះបាទ​ជ័យវរ្ម័ន​១ ។​

​លុះ​នៅ​ថ្ងៃទី​២៧ វិច្ឆិកា សមត្ថកិច្ច បាន​បន្ត​ការស្រាវជ្រាវ កំណត់​បាន​មុខសញ្ញា​មេខ្លោង​ម្នាក់ និង​ឈានទៅ​ចាប់ខ្លួន ឈ្មោះ CHEN KEXI ភេទ​ប្រុស ជា​ជន​ជាតិចិន អាយុ ៣៩ ឆ្នាំ ស្នាក់​នៅក្នុង​បន្ទប់ ២០៥ អា​ផាត់​មិន វិមានឯករាជ្យ ផ្លូវ​១២៤ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ និង​ចាប់យក​វត្ថុតាង​បាន​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ១២០,២៧​ក្រាម បន្ថែមទៀត ដោយ​លាក់​បង្កប់ ក្នុង​ចម្លាក់​ឈើ រូប​ដំរី ២​រូប និង​ដំបង​ឈើ ២ កំណាត់ ៣ គូ ៕/V

នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ជនសង្ស័យ​បីនាក់ មក​តុលាការ ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ចេញពី​កម្ពុជា តាម​កញ្ចប់​បញ្ញើ​ប្រៃសណីយ៍

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular