ដោយៈមុនីរ័ត្ន/ភ្នំពេញៈករណីពុលស្រាសនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទៅ៣០ខែវិច្ឆិកានេះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបញ្ជាក់ថាមានចំនួន១៣១នាក់ចូលពេទ្យក្នុងនោះប្រាំពីរនាក់បានបាត់បង់ជីវិត។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល(រូបឯកសារ)
លោកស្រីបានបញ្ជាក់ក្នុងរបាយការណ៍សង្ខេបស្តីពីបច្ចុប្បន្នភាពករណីពុលស្រាសថា គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកាត្រឹមម៉ោង ២រសៀល គឺករណីសង្ស័យពុលស្រាស សរុបចំនួន ១៣១នាក់ (ស្រី ៦នាក់)។ ក្នុងនេះអ្នកចេញជាសះស្បើយ ចំនួន ៩០នាក់, កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងចំនួន ៣១នាក់(បុរស), សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន បីនាក់ ,អ្នកស្លាប់ចំនួនប្រាំពីរនាក់ (នៅមនី្ទរពេទ្យខេត្ត ពីរនាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញពីរនាក់ ស្លាប់នៅផ្ទះពីរនាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែតមួយនាក់)។
គួរបញ្ជាក់ថាករណីពុលស្រានេះបានកើតឡើងកាលពីថ្ងៃទី២៨ខែវិច្ឆិកានៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងក្នុងពិធីបុណ្យសពមួយ។នៅរសៀលថ្ងៃទី២៩ខែវិច្ឆិកា សមត្ថកិច្ចចម្រុះ បានបិទកន្លែងបិតស្រាសអត់ច្បាប់ចំនួនបីកន្លែង នៅក្នុងឃុំខ្លុងពពក និងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ដោយឃាត់ខ្លួនអ្នកបិតស្រា និងលក់ចំនួនបួននាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីធ្វើការសាកសួរអំពីរបៀបបិតស្រានិងការលាយស្រាលក់។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះ បានដុតកំទេច អង្ករមេស្រា ចំនួន១០ធុង និង២១ខាប់ ព្រមទាំងដកហូតស្រាស,ស្រាថ្នាំតាមរោង និងតាមតូបលក់ដូរក្នុងឃុំទាំងពីរខាងលើនេះ បានចំនួនជាង២០ប៊ីដុងដោយ យកមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកទឹកផុស ដើម្បីបញ្ជូនទៅកាន់មន្ទីរពិសោធឯក្រុងភ្នំពេញ៕សរន