Home ព័ត៌មានជាតិ សុខាភិបាល អ្នកនាំពាក្យៈ...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មិនមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ទេ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ រួមទាំង​មន្ត្រីរាជការ នៅ​ក្រសួងយុត្តិធម៌ គឺ​មិនមាន​ការឆ្លង ជំងឺ​កូ​វីដ​-១៩ នោះទេ​។ នេះ​បើ​យោងតាម​លទ្ធផល​ពី​ក្រសួងសុខាភិបាល គិត​មកដល់​ត្រឹម​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​។​

​អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក ជិន ម៉ា​លីន បានបញ្ជាក់​មុននេះ​បន្តិច​ថាៈ ” មានការ​បង្ហោះ​សារ​សំឡេង ផ្សព្វផ្សាយ​ព័ត៌មាន​បំពុល​ថា ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ វិជ្ជមាន​កូ​វីដ​-១៩ ។ តាមពិត លទ្ធផល​ពិនិត្យ​សំណាក លើក​ទី​១ កាលពី​ម្សិលមិញ គឺ​អវិជ្ជមាន​កូ​វីដ​-១៩ “​។​

​យោងតាម​សេចក្តី ប្រកាស​ព័ត៌មាន របស់​អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ នៅ​ព្រលប់​ថ្ងៃទី​៣០ ខែវិច្ឆិកា នេះ បានប្រកាសថាៈ បើ​យោងតាម​លទ្ធផល ពី​ក្រសួងសុខាភិបាល គិត​មក​ត្រឹម​ម៉ោង ៦ ល្ងាច ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រីរាជការ ក្រសួងយុត្តិធម៌ រួម​នឹង​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការ ក្នុង​វិស័យ​តុលាការ គឺ​ពុំមាន​នរណាម្នាក់ មាន​លទ្ធផល​វិជ្ជមាន វីរុស​កូ​វីដ​-១៩ នោះទេ​។​

​ទន្ទឹមនេះ អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ បានបញ្ជាក់​ថាៈ បច្ចុប្បន្ននេះ ទាំង​ថ្នាក់ដឹកនាំ ទាំង​មន្ត្រីរាជការ ក្រសួងយុត្តិធម៌ រួម​នឹង​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការ ក្នុង​វិស័យ​តុលាការ ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ទោះ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល បាននិងកំពុង​ដាក់ខ្លួន អោយនៅ​ដាច់ដោយឡែក (​ច​ត្តា​ឡី​ស័ក​) ព្រមទាំង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន នូវ​វិធានការ​សុវត្ថិភាព តាម​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល​។​

​សូមជម្រាបថា លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ រួមទាំង​មន្ត្រីជាន់ខ្ពស់ មួយចំនួន បាន​ចូលរួម ក្នុង​កិច្ចប្រជុំ ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង ពិភាក្សា​លើ​សេចក្ដីព្រាង ព្រះរាជក្រឹត្យ ស្ដីពី​ការបន្ធូរបន្ថយ​ទោស និង​លើកលែងទោស ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។ កិច្ចប្រជុំ​អន្តរក្រសួង​នេះ ដឹកនាំ​ដោយ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ក្នុង​កិច្ចប្រជុំ​នោះ ក៏មាន​ការចូលរួម​ពី​លោក ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ ផងដែរ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular