ដោយ: ម៉េងឆៃ/ ភ្នំពេញ: ព្រឹត្តិការណ៍នៃការចម្លងជំងឺកូវីដ ពាក់ព័ន្ធនឹងភរិយាអគ្គនាយកពន្ធនាគារ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ត្រូវបានសម្តេចតេជោហ៊ុនសែនប្រសិទ្ធភាពថាជា”ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា”។នោះក៏ដោយសារតែការចម្លងវីរុសកូវីដ១៩នេះ មិនមានប្រភពច្បាស់លាស់ ហើយឆ្លងពីម្នាក់ទៅម្នាក ក្នុងក្រុមគ្រួសារ និងអ្នកប៉ះពាល់ដទៃទៀត។
គិតត្រឹមព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ក្រសួងសុខាភិបាល បានប្រកាសថា អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ធ្វើតេស្តរកមេរោគកូវីដ បានចំនួន ៣.៣៣២នាក់ នៅភ្នំពេញ និងខេត្តចំនួន ៧ គឺនៅខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តសៀមរាប។ ជាលទ្ធផល គិតទាំងថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៤នាក់។
នៅថ្ងៃទី៣០វិច្ឆិកា ក្រុមគ្រូពេទ្យបន្តវិភាគលើសំណាក់ ដែលនៅសល់ និងបន្តធ្វើតេស្ត លើអ្នកពាក់ព័ន្ធបន្តទៀត ដែលកន្លែងធ្វើតេស្ត មាននៅផ្សារអ៊ីអន១ ក្រសួងមហាផ្ទៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់សិស្សសាលា និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធ ព្រមទាំងនៅពន្ធនាគារព្រៃស សម្រាប់អ្នកពាក់ព័ន្ធកន្លែងនោះ។ ក្រសួងសុខាភិបាល ក៏បានធ្វើតេស្តលើអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅកន្លែងផ្សេងទៀត តាមបណ្តាខេត្តពាក់ព័ន្ធនានា។
ការធ្វើតេស្ត សម្រាប់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវធ្វើ ៣លើក គឺតេស្តលើកទី១ធ្វើនៅថ្ងៃទី២៩វិច្ឆិកា និងបន្តធ្វើនៅថ្ងៃទី៣០ ខែវិច្ឆិកា។ តេស្តលើកទី២ ធ្វើនៅថ្ងៃទី០៨ ខែធ្នូ។ តេស្តលើកទី៣ ធ្វើនៅថ្ងៃទី១២ ខែធ្នូ ។
សម្រាប់អ្នកនៅភ្នំពេញ ដែលមិនមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះខ្លួនឯង រាជរដ្ឋាភិបាលរៀបចំឲ្យស្នាក់នៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅសណ្ឋាគារ សុខា-ភ្នំពេញ។ រីឯនៅតាមបណ្តាខេត្តនានា ក៏រាជរដ្ឋាភិបាលរៀបចំកន្លែងធ្វើតេស្តនិងធ្វើចត្តាឡីស័ក ឲ្យផងដែរ។ ការធ្វើតេស្តរកកូវីដ១៩ និងការស្នាក់នៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារ និងនៅមណ្ឌលចត្តាឡីស័ក នៅភ្នំពេញ ព្រមទាំងតាមបណ្តាខេត្តនានា គឺរដ្ឋ ជាអ្នកចេញសាហ៊ុយជូន។
មិនត្រឹមតែមិនអស់លុយថ្លៃពិនិត្យ ព្យាបាល និងស្នាក់នៅធ្វើចត្តាឡីស័កប៉ុណ្ណោះទេ ប៉ុន្តែសម្តេចតេជោនាយករដ្ឋមន្ត្រី ថែមទាំងបានគិតគូដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលត្រូវធ្វើចត្តាឡីស័ក ពេលនេះ ត្រូវទទួលបានលុយ ២ម៉ឺនរៀល ក្នុង មួយថ្ងៃ ហើយសម្តេចផ្តល់ឲ្យ ១៥ថ្ងៃ ដែលសរុបទៅទទួលបានដល់ទៅ ៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ។
ចំពោះមុខសមរភូមិ ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការអន្តរាគមន៍បន្ទាន់មួយចំនួន មានជាអាទិ៍ ការបន្តជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ត្រូវចូលរួមធ្វើតេស្តរកមេរោគកូវីដនិងដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃការអំពាវនាវមិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះ បើមិនចាំបាច់ រួមទាំងការបិទសាលារៀន រោងភាពយន្ត សារមន្ទីរ។ ក្នុងនោះការជួបជុំមនុស្សច្រើនពិសេសការរៀបការ ក៏ត្រូវផ្អាក ក្នុងរយៈពេលកន្លះខែនេះ រួមទាំងការបិទក្រសួង និងផ្នែកខ្លះរបស់ក្រសួងស្ថាប័នរដ្ឋ ជាដើម។
យ៉ាងណាក៏ដោយ វិធានការទាំងអស់របស់រាជរដ្ឋាភិបាល ដែលសម្តេចតេជោ បានប្រកាសដាក់ចេញបន្ទាន់ៗនេះ មិនគ្រប់គ្រាន់ដើម្បីទប់ស្កាត់បង្ការនិងការពារការចម្លងជំងឺកូវីដទេបើសិនជាប្រជាពលរដ្ឋមិនចូល។នោះគឺប្រជាពលរដ្ឋគ្រប់រូប ត្រូវមានវិធានការការពារខ្លួនជានិច្ច ដោយត្រូវអនុវត្តតាមសម្តេចតេជោ ដោយត្រូវគិតថា ខ្លួនឯងមានកូវីដ-១៩ ប្រសើរជាងគិតថាគ្មាន ហើយសុខចិត្តធ្វើតេស្ត ឬធ្វើចត្តាឡីស័ក ១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។ ប្រជាពលរដ្ឋ ត្រូវចូលរួមសហការ ដោយពាក់ម៉ាស លាងដៃនឹងសាប៊ូ ឬជែល អាល់កុល និងត្រូវអនាម័យជានិច្ច ព្រមទាំងជៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ជាដើម។
ព្រឹត្តិការណ៍កន្លងមក ដែលកម្ពុជាយើង យកឈ្នះកូវីដ គឺកម្ពុជាយើង មិនមានករណីឆ្លងក្នុងសហគមន៍ ពីម្នាក់ ទៅម្នាក់ នៅក្នុងក្រុមគ្រួសារ និងអ្នកជិតខាង ដូចពេលនេះឡើយ។ ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ ជាវិញ្ញាសាថ្មីមួយទៀត សម្រាប់កម្ពុជា។ កម្ពុជា ដែលត្រូវតែជម្នះឲ្យបាន ហើយអ្នកដែលប៉ះពាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវតែចូលរួមសហការ តាមរយៈការចូលទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល។ រីឯអ្នកមិនបានប៉ះពាល់នឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ត្រូវខិតខំការពារខ្លួនថែមទៀត។ នេះដើម្បីសុខភាពខ្លួនឯងផង សុខភាពក្រុមគ្រួសារផង និងដើម្បីសង្គមជាតិយើងផង។ សូមរួមគ្នា ប្រឆាំងកូវីដ១៩៕សរន