ស្ពាន​បុរាណ​តាម​ដងផ្លូវ​ជាតិ​លេខ​៦​ពី​ប្រាសាទបាគង​ដល់ទី​ប្រជុំជន​កំពង់ក្តី​មាន​ចំនួន​ប៉ុន្មាន​?

1912
ចែករម្លែក

​ដោយៈ​អង្គរតូច​/​សៀមរាបៈ ផ្លូវជាតិ​លេខ​៦ ពី​ស្រុក​ប្រាសាទបាគង​ទៅ​ទីប្រជុំជន​កំពង់ក្តី គឺ​រត់​លើ​កំណាត់​ផ្លូវ​បុរាណ​ពី​សម័យអង្គរ តាម​ការស្រាវជ្រាវ​រប​ស់​អ្នក​បុរាណវិទ្យា​បាន​រកឃើញថា កំណាត់​ផ្លូវ​នេះ​មាន​ស្ពាន​បុរាណ​ចំនួន​២១​។ ក៏ប៉ុន្តែ​បច្ចុប្បន្ន​ស្ពាន​បុរាណ​ចំនួន​១០ បាន​ខូច​បាត់​រូបរាង​ហើយ នៅសល់តែ​ស្ពាន​ចំនួន​១១ ប៉ុណ្ណោះ ដែល​អាច​រក្សាបាន​។​

​ការខូចខាត​បាត់បង់​នេះ ក៏​ព្រោះតែ​កត្តា​ពេលវេលា ការខ្វះខាត​កិច្ចការ​គាំពារ​នាពេល​ប្រទេស​ស្ថិតក្នុង​ស្ថានភាព​ប្រទាញប្រទង់ ដោយសារ​សង្គ្រាមស៊ីវិល​។ ស្ពាន​ដែលមាន​នៅសល់​ទាំង​១១ នោះ​មានដូចជា ស្ពាន​អូរ​ចិ​ញ្ជៀ​ន​, ស្ពាន​តូច​, ស្ពានថ្ម​បាយក្រៀម​, ស្ពានថ្ម​, ស្ពាន​តា​មាស​, ស្ពាន​ភូមិ​អូរ​, ស្ពាន​ថ្នាល់​ដាច់​, ស្ពាន​ស្វាយ​, ស្ពាន​បឹង​អំពិល​, ស្ពាន​ខ្ពស់​, និង​ស្ពាន​ព្រះ​ទិស​។​

​កន្លងមក​ស្ពាន​បុរាណ​ទាំង​១១​នេះ មានការ​ទ្រុឌទ្រោម​ខ្លាំង នៅ​ឆ្នាំ​២០១៣ នៅពេល​ធ្វើការ​ជួសជុល​ផ្លូវជាតិ​លេខ​៦​ឡើងវិញ ទើប​អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្នើសុំ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​ចិន​ដែល​ទទួល​ម៉ៅការ ធ្វើ​ផ្លូវ​វាង​ស្ពាន​បុរាណ​ទាំងនោះ ដើម្បី​ថែរក្សា អភិរក្ស​ស្ពាន​ទាំងនោះ​ឱ្យបាន​គង់វង្ស​ត​កូនចៅ និង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​ផងដែរ​។​

​ក្នុងន័យ​ថែរក្សា​និង​លើក​តម្លៃ​ស្ពាន​បុរាណ​ទាំងនោះ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​យកចិត្ត​ដាក់​ថែទាំ​និង​លើក​តម្លៃ​ស្ពាន​បុរាណ ដូចជា ស្ពាន​ព្រះ​ទិស ដោយ​ដាក់​ឱ្យមាន​ភ្នា​ក់​អភិរក្ស​ចំនួន​៤​នាក់ បំពេញការងារ​ជា​អចិន្ត្រៃយ៍ បាន​កសាង​រោង​ឆ្មាំ​១​ខ្នង បង្គន់​អនាម័យ​១​ខ្នង មាន​៤​បន្ទប់ សម្រាប់​បម្រើ​ទេសចរ​។

ដោយឡែក​ស្ពាន​បុរាណ​ចំនួន​១០​ទៀត បានដាក់​ស្លាក​ឈ្មោះ​ស្ពាន​បុរាណ​តាម​ស្ពាន​នីមួយៗ ដើម្បីឱ្យ​ភ្ញៀវទេសចរ​បាន​ស្គាល់ ព្រមទាំង​ធ្វើការ​សម្អាត​ជា​រៀងរាល់ខែ រួមមាន ការកាប់​ឆ្ការ​រុក្ខជាតិ​តូចធំ រើស​សំរាម​ជុំវិញ​ស្ពាន និង​មើល​ស្ថានភាព​ស្ពាន​ជាដើម​៕S/

​ស្ពាន​បុរាណ​តាម​ដងផ្លូវ​ជាតិ​លេខ​៦​ពី​ប្រាសាទបាគង​ដល់ទី​ប្រជុំជន​កំពង់ក្តី​មាន​ចំនួន​ប៉ុន្មាន​?

ទីតាំងផ្សាយពាណិជ្ជកម្ម