Home ព័ត៌មានជាតិ សេដ្ឋកិច្ច ករណី​ពុល​ស្រា...

ករណី​ពុល​ស្រាស ជា​រឿង​ចាស់​ដដែលៗ ដែល​អាច​ជៀសវាង​បាន​

ដោយៈ ម៉េង​ឆៃ​/​កំពង់ឆ្នាំងៈ ករណី​សង្ស័យ​ពុល​ស្រាស​បានកើត​ឡើង កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។ គិត​ត្រឹម​ម៉ោង ២ រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​លោកស្រី ឱ វណ្ឌ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ប្រកាសថា ចំនួន​អ្នករងគ្រោះ បាន​កើន​ឡើងដល់ ១៣១​នាក់​។ ក្នុងនោះ​អ្នកស្លាប់ បាន​កើន​ឡើងដល់ ៧​នាក់​។​

ករណី​សង្ស័យ​ពុល​ស្រាស​បានកើត​ឡើង កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​

​លោកស្រី ឱ វណ្ណឌី​ន ឲ្យ​ដឹងថា អ្នក​សង្ស័យ​ពុល​ស្រាស​នេះ សរុប​ចំនួន ១៣១​នាក់ ក្នុងនោះ មាន​ស្ត្រី ៦​នាក់​។ អ្នកជា​សះស្បើយ ៩០​នាក់ ហើយ​អ្នក​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេ​ត្ក​កំពង់ឆ្នាំង ជា​បុរស មាន​ចំនួន ៣១​នាក់ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ចំនួន​បីនាក់​។ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ៧​នាក់ គឺ​ស្លាប់​នៅ​ម​នី្ទ​រ​ពេទ្យ​ខេត្ត ពីរ​នាក់​, ស្លាប់​ពេល​បញ្ជូនមក​ភ្នំពេញ​ពីរ​នាក់ ,​ស្លាប់​នៅផ្ទះ​ពីរ​នាក់ និង​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​តម្នាក់​។​
​មុន​ហេតុការណ៍​ពុល​ស្រាស​នេះ មាន​ករណី​សង្ស័យ​ពុល​ថ្នាំ​បាញ់ នៅ​ចំការឪឡឹក ក្នុង​ស្រុកភូមិ​កើតឡើង​ខាងលើនេះ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​ស្ត្រី​ពីរ​ម្នាក់ ក្នុងចំណោម​ជនរងគ្រោះ សរុប ១៣​នាក់​។ នៅពេល​អ្នកភូមិ​ទៅ​ចូលរួម​ពិធី​បុណ្យសព​អ្នកស្លាប់​ពី​ហេតុការណ៍​សង្ស័យ​ពុល​ថ្នាំ​បាញ់​ឪឡឹក​ក៏​កើតរឿង​ពុល​ស្រាស​នេះ​តែម្តង​។​

​ករណី​ពុល​ស្រា បណ្តាល​ឲ្យ​មាន​អ្នករងគ្រោះ​ដេកពេទ្យ​សង្គ្រោះបន្ទាន់ និង​រហូតដល់​ស្លាប់​នេះ​បាន​កើតឡើង​ច្រើនលើក រួចមកហើយ នៅតាម​បណ្តា​ខេត្ត​នានា​។ មូលហេតុ​នៃ​ការពុល​ស្រា​នេះ ត្រូវបាន​អ្នកជំនាញ​សុខាភិបាល លើកឡើងថា ដោយសារតែ​ស្រាស ឬ​ស្រាថ្នាំ​ទាំងនោះ មាន​ជាតិ​មេ​តា​ណុល​ខ្ពស់ ឬក៏​លាយ​សារធាតុ​គីមី​ច្រើន​ហួសកំណត់ ជាដើម​។

ករណី​សង្ស័យ​ពុល​ស្រាស​បានកើត​ឡើង កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​

​កាលពី​ខែធ្នូ ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ចំនួន ១៣​នាក់ បាន​ស្លាប់ និង​មនុស្ស​ជាង ៦០​នាក់​ផ្សេងទៀត ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់ ដោយសារ​ពុល​ស្រាស​។ ចំណែក​កាលពី​ខែតុលា ឆ្នាំ​២០១៨ ក៏មាន​អ្នកភូមិ ៥​នាក់ ស្លាប់ នៅ​ស្រុក​សំបូរ ខេត្តក្រចេះ ដោយសារតែ​ពុល​ស្រាស​។ នៅ​ខេត្តបន្ទាយមានជ័យ កាលពី​ខែមិថុនា ឆ្នាំ​២០២០ នេះ ក៏មាន​ករណី​ពុល​ស្រាថ្នាំ តាំង​គួ​យ បណ្តាល​ឲ្យ​ស្លាប់ ៤​នាក់ និង ១១​នាក់​ទៀត ត្រូវ​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​។​
​ហេតុការណ៍​អ្នកស្រុក​ពុល​ស្រា​នេះ ត្រូវបាន​អ្នកខ្លះ​លើកឡើងថា ដោយសារតែ​ការផលិត​ស្រា ឬ​បិតស្រា ធ្វើឡើង​មិន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត ហើយក៏​មិនមាន​ការត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​។ ចំណែក​អ្នកភូមិ ដែល​និយម​ជួបជុំ​ផឹកស្រា នៅពេល​បុណ្យសព ឬក៏​ពេលទំនេរៗ​នោះ ក៏​មិន​គិតពី​ប្រភព​ស្រា​ឲ្យ​បាន​ត្រឹមត្រូវ ដឹង​តែ​ពី​រក​ស្រា​ណា ដែល​ធូរៗ​ថ្លៃ​។​
​យ៉ាងណាក៏ដោយ ករណី​ពុល​ស្រា ដែល​បាន​កើតឡើង​ដដែលៗ នៅតាម​ស្រុកភូមិ​ជនបទ​ស្រែចំការ​យើង​នេះ ត្រូវបាន​អ្នកជំនាញ​សុខាភិបាល​ចាត់វិធានការ​អន្តរាគមន៍​បន្ទាន់ដោយ​ហាម​ការផឹក​ស្រាស​និង​បញ្ឈប់​ការធ្វើ​ចរាចរណ៍​លក់ដូ​រ​ស្រាស ជាបន្ទាន់ នៅក្នុង​មូលហេតុ​កើតហេតុ​ទាំងនោះ​។ ក្រៅពីនេះ ក្រៅពី​បញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះ ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត រហូតដល់​បញ្ជូនមក​ព្យាបាល​នៅ​ភ្នំពេញ ក្រុមគ្រូពេទ្យ ក៏បាន​អប់រំ​សុខភាព​ដល់​ប្រជាពលរដ្ឋ នៅ​ស្រុកភូមិ​ដែល​កើតមាន​ករណី​ពុល​ស្រា​ពិសេស​ណែនាំ​អ្នកភូមិ​មិនត្រូវ​ពិសា​ស្រាស​,​ស្រាថ្នាំ​ដែល​ផលិត​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​នោះទេ​។ ការទទួល​ទាន​ស្រាស ស្រាថ្នាំ ដែល​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​នាំ​ឲ្យ​ពុល​ដែល​រហូតដល់​ធ្វើ​ឲ្យ​បាត់​បង់ជីវិត ដូច​ករណី​ជាច្រើន​កន្លងមកនេះ​។​
​ដូច្នេះ ដើម្បី​កុំ​ឲ្យ​រឿងហេតុ​ដដែលៗ បន្ត​កើត​ឡើងលើ​អ្នកស្រុក​អ្នកភូមិ​យើង​តទៅទៀត មានតែ​អ្នកស្រុក​អ្នកភូមិ ពិសេស​អ្នករស់នៅ​ជនបទ​ស្រុក​ស្រែចម្ការ​យើង គួរតែមាន​ស្មារតី​ភ្ញាក់រលឹក​ខ្លួនឯង ហើយ​ខ្លាច​ស្លាប់​។ នៅពេល​ជួបជុំគ្នា ពិសេស​ក្នុង​ពិធី​បុណ្យទាន គួរតែ​កុំ​ផឹកស្រា ហើយ​បើ​ថា ជៀស​មិនបាន ក៏​គួរតែ​រក​ស្រា​បៀរ​កំប៉ុង​ដប ឬក៏​បើ​គ្មាន​លទ្ធភាព​ទេ ត្រឹមតែ​ស្រាស ក៏ត្រូវ​តែ​រក​ស្រាស ដែលមាន​អ្នក​បិតស្រា​ក្នុងភូមិ​ស្រុក តាម​បច្ចេកទេស​ត្រឹមត្រូវ មិន​បង្ក​គ្រោះថ្នាក់​។
​ប៉ុន្តែ​បើ​យក​ល្អ​ទៀត​នោះ អ្នកស្រុក​អ្នកភូមិ​យើង គួរតែ​ឈប់​ផឹកស្រា​តែម្តង ទើប​មិនមាន​បញ្ហា​។ ចូរ​កុំភ្លេចថា ការផឹក​ស្រា ឬ​ទឹកស្រវឹង តាម​ធម៌​ព្រះពុទ្ធ នាំមក​នូវ​វិនាស ៦​ប្រការ គឺ​វិនាស​ទ្រព្យ​ក្នុង​គ្រួសារ បង្កជម្លោះ កើត​រោគា​ក្នុង​ខ្លួន ខូច​ឈ្មោះ បង្ហាញ​កេរ្តិ៍ខ្មាស់​ទាំង​រស់ និង​បាត់បង់​បញ្ញា​។ មកដល់​សង្គម​យើង​សព្វថ្ងៃ ការសេព​គ្រឿង​ស្រវឹង ឬ​ផឹកទឹក​ស្រវឹង ឬ​ផឹកស្រា​នេះ ក៏​អាច​នាំមក​នូវ​គ្រោះថ្នាក់ រហូតដល់​ស្លាប់ នោះ​គឺ​គ្រោះថ្នាក់​ចរាចរណ៍ រួមទាំង​ការពុល​ស្រា ជា​ឧទាហរណ៍​ស្រស់ៗ​នេះ​ស្រាប់​៕​សរន​

ករណី​សង្ស័យ​ពុល​ស្រាស​បានកើត​ឡើង កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

ករណី​សង្ស័យ​ពុល​ស្រាស​បានកើត​ឡើង កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

ករណី​សង្ស័យ​ពុល​ស្រាស​បានកើត​ឡើង កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

ករណី​សង្ស័យ​ពុល​ស្រាស​បានកើត​ឡើង កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា នៅ​ភូមិ​ជី​ប្រ៉​ង ឃុំ​ជៀប ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular