ប្រចាំថ្ងៃអង្គារ ទី១ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបបន្តិច ហើយពិសេសការធ្វើដំណើរតែងជួបបញ្ហារាំងស្ទះនិងជួបបញ្ហាច្រើន។ក្រៅពីនេះការនិយាយស្តីទៅកាន់ក្រុមមនុស្សនៅជុំវិញខ្លួនឬសូម្បីតែពីចម្ងាយក្តីតែងកើតនូវបញ្ហាប្រទាំងប្រទើសច្រើនទៀតផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលជួបភាពតានតឹង ហើយទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ទប់ទល់ការចាយវាយក្នុងគ្រួសារទៅរួច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទគួរប្រយ័ត្នប្រយែងពាក្សសម្តីបន្តិចទើបគ្មានបញ្ហាកើតឡើង៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។នៅថ្ងៃ នេះដំណើរជីវិតរបស់លោកអ្នកឃើញថាល្អប្រសើរ ហើយធ្វើអ្វីក៏ជឿនលឿនគួរសម។សម្រាប់នៅថ្ងៃនេះដែរអ្នកប្រកបរបររកស៊ីជួញដូរមានភាពនឹងធឹងល្អពោលគឺមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរមានភាពប្រទាំងប្រទើសបន្តិចតែក៏មានភាពសុខដុមល្អផងដែរ។
រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការទុក្ខខ្វាយខ្វល់ច្រើនដោយសារការមិនសូវទុកចិត្តគ្នា៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកភ្លឺថ្លា ហើយបើចង់ទំនាក់ទំនងការងារអ្វីតែងជួបក្តីសម្រេចដូចគាប់បំណង ឬបើចង់ប្រកបរបរអ្វីក៏តែងហុចផលមកវិញលឿនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពប្រទាំងប្រទើសបន្តិចតែយ៉ាងណាក៏ចំណូលមានហូរចូលដោយអាចប្រមូលចូលផ្ទះវិញគ្រាន់ជាទីកក់ក្តៅ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នកើតរឿងធំហើយរកតែទឹកភ្នែកជូតក្បាលជង្គង់មិនបានផង៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីស្រុតចុះ ដូចនេះបើចង់ប្រកបការងារអ្វីឃើញថាតែងមិនសូវឆ្លើយតបផ្លែផ្កាដូចជាទីពេញចិត្តឡើយ ហើយពិសេសធ្វើច្រើនតែងទទួលរងការស្តីបន្ទោសពីអ្នកដទៃថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះបើទោះបីឃើញអ្នកដទៃគេរកអ្វីមួយបានកុំជ្រួលជ្រើមចង់ធ្វើតាមពីព្រោះមិនសូវសមដូចប្រកបទេមានតែការបាត់បង់ថែមប៉ុណ្ណោះ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រចែប្រច័ណ្ឌនិងចាប់កំហុសគ្នាច្រើន៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលមិនល្អតែងកើតមានចំពោះមុខផង។សម្រាប់កម្មករឬបុគ្គលិកនានាចូរប្រយ័ត្នកិច្ចការរបស់ខ្លួនពីព្រោះបើបង្កើតឱ្យមានកំហុសអាចជួបរឿងរង្គោះរង្គើដល់តំណែងការងារថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកប្រាក់កម្រៃ ចិញ្ចឹមគ្រួសារគ្រាន់រស់ស្រួលខ្លួន។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការជ្រួលជ្រើមខុសបែបបទ ដូចនេះត្រូវចេះកាត់បន្ថយខ្លះទើបគ្មានរឿងរាវអាក្រក់នាថ្ងៃខាងមុខ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅក្នុងពេលនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយធ្វើអ្វីឃើញថាជឿនលឿនទៅមុខនិងផ្តល់ផលល្អហុចមកវិញផង។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីខ្ពស់ត្រដែត ដូចនេះបើលោកអ្នកចង់ធ្វើអ្វីក៏តែងសមដូចប្រកបជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកអាចបើកហាងថ្មីឬទិញកន្លែងលក់ដូរថ្មីតែងជោគជ័យដូចសមប្រកបជានិច្ច។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមិនទាន់មានគូគាប់កុំឃើញភ្លាមស្រឡាញ់ភ្លែតនាំជួបផលលំបាកនៅគ្រាក្រោយហើយត្រូវមកខ្លោចផ្សាឥតអំពើ ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកគប្បីតាំងចិត្តប្រកបការងារនោះផ្លែផ្កាតែងហុចមកវិញគ្រាន់កក់ក្តៅជានិច្ច។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះការធ្វើជំនួញទីជិតឆ្ងាយលោកអ្នកអាចរកផលកម្រៃមានភាពធូរស្បើយជាងមុនបន្តិចវិញហើយមុខរបរទៀតសោតក៏មានភាពរលូនល្អ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯសេចក្តីស្នេហាប្រុសស្រីមានភាពភ្លឺថ្លានិងស្រស់ស្រាយចំពោះគ្នាប្រពៃ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហើយទោះធ្វើអ្វីក៏ជឿនលឿនទៅមុខជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលហើយទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នក្រុមមនុស្សប្លែកមុខគេប្រើប្រាស់ចិត្តមេត្តាដើម្បីបោកប្រាស់ក្នុងរឿងអ្វីមួយ។
សម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខនិងផ្អែមល្ហែមល្អ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះនាំឱ្យមានការផ្លាស់ប្តូរទាំងអារម្មណ៍និងកិច្ចការងារផងដែរ។ការប្រកបរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ចំណែកការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នគ្រោះចាញ់បោកគេ។
រីឯបញ្ហាស្នេហាប្រុសស្រីកើតមានការរកាំចិត្តនិងប្រឆាំងគ្នាមិនតិចដែរនោះទេ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅក្នុងថ្ងៃនេះទទួលរងនូវឧបទ្រពចូលយាយី ហើយកើតការមិនសប្បាយចិត្តក៏ច្រើន។ក្នុងអំឡុងពេលនេះដែរចំពោះលោកអ្នកដែលចង់ពង្រីកមុខរបររកស៊ីជួញដូរគឺពុំសូវទទួលផលប្រយោជន៍អ្វីឡើយគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ការធ្វើដំណើរទីជិតឆ្ងាយកើតបញ្ហាប្រទាំងប្រទើសនិងមានក្រុមមនុស្សបង្កការសៅហ្មងច្រើនផង។
រីឯបញ្ហាគូស្នេហាប្រុសស្រីបើចង់ផ្តើមស្នេហ៍ជាមួយនរណាម្នាក់ងាយត្រូវរ៉ូវគ្នា ហើយក៏ងាយព្រាត់ប្រាស់ទៅវិញដែរ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយចូលមកឱ្យសប្បាយចិត្ត ហើយការប្រកបការងារមានការជឿនលឿនទៅមុខជានិច្ច។ចំណែកដួងយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នាពេលនេះការធ្វើអ្វីមួយលោកអ្នកមិនអាចយកបញ្ហាចិត្តក្តៅឬបញ្ហារឹងមានះដាក់ខ្លួនឡើយពីព្រោះថាងាយកើតបញ្ហាលំបាកនាពេលក្រោយវិញណាស់។សម្រាប់នៅថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះអ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នា៕