ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខណ្ឌសែនសុខ បានបែងចែកកំលាំង ចុះណែនាំ ចែកសេចក្តីជូនដំណឹង ដល់ភោជនីយដ្ឋាន កន្លែងទទួលរៀបអាពាហ៍ពិពាហ៍ កន្លែងម៉ាស្សា ខារ៉ាអូខេ ក្លិបកំសាន្ត ឌីស្កូតែក ក្លិបហាត់ប្រាណ នៅក្នុងសង្កាត់ទាំង ៦ ខណ្ឌសែនសុខ ឱ្យចូលរួមផ្អាកបណ្តោះអាសន្ន និងភោជនីយដ្ឋាន មិនត្រូវទទួលភ្ញៀវ លើសពី ២០ នាក់ ដោយរក្សាគម្លាត រៀបចំឲ្យមានអនាម័យ វាស់កំដៅ បាញ់អាល់កុល ដល់ភ្ញៀវ ដែលចូលពិសា តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការឆ្លងរីករាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថាៈ ការបែងចែកក្រុមការងារ ចុះណែនាំទាំងយប់នេះ គឺអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអនុវត្តតាមសេចក្តីណែនាំ លេខ ០០៩/២០ សណន ចុះថ្ងៃទី ៣០.១១.២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ៕/V