ប្រែសម្រួល : កញ្ញាដាលីស ៖ កំពូលតារាភាពយន្ត នាង ឆឺ បានស្វាគមន៍ “ដំរីឯកោបំផុតលើលោក”មកកាន់ប្រទេសកម្ពុជាកាលពីថ្ងៃចន្ទទី៣០វិច្ឆិកាដើម្បីចាប់ផ្តើមជីវិតថ្មីនៅឯដែនជម្រកសត្វព្រៃឯកទេស បន្ទាប់ពីវាត្រូវបានជួយសង្គ្រោះពីស្ថានភាពដ៏លំបាកនៅក្នុងសួនសត្វប៉ាគីស្ថាន។
ស្ថានភាពលំបាកលំបិនរបស់ដំរីឈ្មោះកាវ៉ាន់ អាយុ ៣៦ ឆ្នាំនៅសួនសត្វដ៏កំសត់នៅទីក្រុងអ៊ីស្លាម៉ាបាដ និងមានដើមកំណើតពីប្រទេសស្រីលង្កា បានបង្កកំហឹងជាសកលពីក្រុមការពារសិទ្ធិសត្វដែលបានបើកយុទ្ធនាការជួយសង្គ្រោះវា។
បុព្វហេតុដើម្បីជួយសង្គ្រោះដំរីនេះត្រូវបានជំរុញដោយការគាំទ្រនៅលើបណ្តាញសង្គមពីសំណាក់តារាសម្តែងនិងតន្ត្រីករ នាង ឆឺ ដែលបានធ្វើដំណើរទៅជួបវាពីប៉ាគីស្ថានហើយបន្ទាប់មកបានមកកាន់ប្រទេសកម្ពុជាដើម្បីស្វាគមន៍វាទៅកាន់គេហដ្ឋានថ្មីរបស់វា។
ឈរពាក់ម៉ាស់ខ្មៅ ជ័យលាភីពានរង្វាន់អូស្ការរូបនេះបានទៅដល់អាកាសយានដ្ឋានខេត្តសៀមរាប ហើយគ្រវីដៃស្វាគមន៍យន្ដហោះយ៉ាងរំភើបរីករាយ បន្ទាប់ពីវាចុះចតនៅម៉ោងប្រហែល ២ និង ៣០ នាទីរសៀល។
បន្ទាប់ពីស្វាគមន៍កាវ៉ាន់នៅមាត់ទ្វារទ្រុង នាងបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ខ្ញុំពិតជាមានមោទនភាពណាស់ដែលវាបានមកដល់ទីនេះ។ វាច្បាស់ជាសប្បាយរីករាយនៅទីនេះ”។ នាងសង្ឃឹមថាទុក្ខវេទនារបស់វានឹងបញ្ចប់៕
ដំរីឈ្មោះកាវ៉ាន់ត្រូវបានបញ្ជូនចូលកុងតេន័រនៅសួនសត្វមួយក្នុងក្រុងអ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យក្នុងដំណើរចេញមកកម្ពុជា និងពេលមកដល់ខេត្តសៀមរាបកាលពីថ្ងៃចន្ទ(រូបក្រោម)