ដោយ: ជា សីហ:/ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ បានធ្វើបច្ចុប្បន្នភាពនៃការចេញស្រូវនិងអង្ករ។
លោកបានចែករំលែកថា លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាម អនាម័យ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២០ សម្រេចបាន ៦០១ .០៤៥ តោន ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៨១ .១២៣ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣. ៧០៣ តោន និងអង្ករចំហ៊ុយមានចំនួន ៦ .១៥១ តោន។ ការនាំចេញអង្កររយៈ១១ខែ នៅឆ្នាំ ២០២០នេះ គឺមានការកើនឡើងប្រមាណ ៨៦. ៨៩៦ តោន ស្មើនឹង +១៦,៩០% ដែលធៀបទៅ នឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤. ១៤៩ តោន ប៉ុណ្ណោះ ។ ដោយឡែក សម្រាប់ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៦៤. ៧៤០ តោន មានការកើនឡើងចំនួន ៨. ៥៣១ តោន ស្មើនឹង ១៥,១៨% ធៀបទៅនឹងបរិមាណនាំចេញ នៅខែវិឆ្ឆិកា ឆ្នាំ២០១៩ ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន (រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ហើយនិងនៅ ទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា៖ ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹង ឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅ លំដាប់ទី១៖ ១) ប្រទេសចិនមានបរិមាណសរុបចំនួន ២៣៤. ៩៤០ តោន ស្មើនឹង៣៩,០៩%, ២) ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៨៨ .៤៣៦ ស្មើនឹង ៣១,៣៥%, ៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧៨. ២០៨ តោន ស្មើនឹង ១៣,០១%, និង ៤) គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេសមានបរិមាណសរុប ចំនួន ៩៩. ៤៦១ តោន ស្មើនឹង ១៦,៥៥% ។
លោកបានបន្តថា ការនាំចេញស្រូវនៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម មកទល់ថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១ .៧៧៧. ១០៧ តោន ។ បរិមាណនាំចេញសម្រាប់មួយថ្ងៃ នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះ មានចំនួន ២៦. ៦១៩ តោន ៕PC