ប្រែសម្រួលៈវាសនា/ហាណូយ៖ វៀតណាមកាលពីថ្ងៃចន្ទទី៣០វិច្ឆិកា បានបញ្ជាក់អះអាងថាមានអ្នកឆ្លងវីរុសកូរ៉ូណាក្នុងស្រុកមួយករណីដំបូង ក្រោយលែងមានករណីបែបនេះអស់ពេលជិត៣ខែ។
ការឆ្លលើបុរសចុងក្រោយនេះពាក់ព័ន្ធនឹងអ្នកបំរើការលើយន្តហោះម្នាក់ដែលត្រូវបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ក្រោយពីវិលមកពីជប៉ុនកាលពី២សប្តាហ៍មុន។
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាអោយបណ្តាខេត្តនិងទីភ្នាក់ងាររដ្ឋ រឹតបន្តឹងការត្រួតពិនិត្យនិងគ្រប់គ្រង ព្រមទាំងបង្កើនការតាមដានរកប្រភពចម្លងក្រោយពីបុរសអាយុ៣៣ឆ្នាំម្នាក់ត្រូវបានបញ្ជាក់ថា ជាអ្នកឆ្លងកូវីដ១៩ក្នុងស្រុកលើកដំបូងក្រោយលែងមានការឆ្លងបែបនេះអស់៨៩ថ្ងៃ។
ជាមួយនឹងការធ្វើចត្តាឡីស័កនិងវិធានការតាមរកវីរុសរហ័ស វៀតណាមអាចទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះបានយ៉ាងលឿន ដោយអនុញ្ញាតអោយសេដ្ឋកិច្ចរបស់ខ្លួនបន្តសកម្មភាពធម្មតាឡើងវិញនិងបានលឿនជាងប្រទេសមួយចំនួននៅក្នុងតំបន់។
អាជ្ញាធរបាននិយាយថា អ្នកជំងឺចុងក្រោយនេះបានទៅបង្រៀនភាសានៅមជ្ឈមណ្ឌលភាសាមួយ ទៅហាងកាហ្វេ និងហាងខារ៉ាអូខេជាច្រើនចាប់តាំងពីគាត់ជួបទាក់ទងជាមួយអ្នកបំរើការលើយន្តហោះដែលកើតកូវីដ១៩។ទីតាំងទាំងនេះ ឥឡូវត្រូវបានបិទផងដែរ។
តាំងពីមុនមក វៀតណាមមានអ្នកឆ្លងជំងឺនេះ១.៣៤៧នាក់ ក្នុងនេះ៦៥៥នាក់ជាអ្នកឆ្លងចូលមកពីក្រៅប្រទេស។
ការរកឃើញអ្នកឆ្លងក្នុងស្រុកកាលពីថ្ងៃចន្ទ កើតឡើងចំពេលក្រសួងសុខាភិបាលព្រមានអំពីការផ្ទុះជំងឺនេះក្នុងសហគមន៍ជាថ្មី នៅពេលរដូវត្រជាក់ចូលមកដល់៕
វៀតណាម បង្ក្រាបការឆ្លងនៅរលកទី១ក្នុងប្រទេសខ្លួនកាលពីខែមេសា និងមិនមានការឆ្លងក្នុងស្រុកអស់ពេលជិត១០០ថ្ងៃ រហូតដល់ផ្ទុះការឆ្លងនៅក្រុងដាណាំងកាលពីខែកក្កដា