ដោយៈដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
អន្តេវាសិក
នាមសព្ទ
( បា.; សំ. អន្តវាសិន៑ ឬ អន្តេវាសិន៑ “អ្នកច្រើនតែនៅក្នុងសម្នាក់ឬក្នុងទីជិតគ្រូ” ) សិស្ស, កូនសិស្ស ( ប្រើជា អន្តវាសិន ឬ អន្តេវាសិន ក៏បាន; សិស្សស្ត្រីជា អន្តវាសិនី ឬ អន្តេវាសិនី ) ។ អន្តេវាសិក ( ដោយសង្ខេប ) មាន ៥ ប្រភេទគឺ
១- បព្វជ្ជន្តេវាសិក សិស្សបំបួស ( ឲ្យបានជាសាមណេរ );
២- ឧបសម្បទន្តេវាសិក សិស្សសូត្រ ( ឲ្យបានជាភិក្ខុ );
៣- ឧទ្ទេសន្តេវាសិក សិស្សរៀនបាលី; ៤- និស្សយន្តេវាសិក សិស្សនិស្ស័យ ( សិស្សសូមនិស្ស័យនៅអាស្រ័យផង );
៥- ធម្មន្តេវាសិក សិស្សរៀនធម៌អាថ៌ឬរៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ ( ហៅ វិជ្ជន្តេវាសិក, សិប្បន្តេវាសិក ជាដើម តាមរូបសព្ទចំណេះដែលរៀនក៏បាន ) ។ ម. ព. អន្តេ, សិស្ស និង អាចារ្យ ផង ។
អន្តេវាសិន
( មើលក្នុងពាក្យ អន្តេវាសិក ) ។
អន្តេវាសិនី
( មើលក្នុងពាក្យ អន្តេវាសិក ) ។
អន្តេវាសី
នាមសព្ទ
( ម. ព. អន្តេវាសិក ) ។
អន្តេបអន្តាប
(អន់-តេប-អន់-តាប)
កិរិយាវិសេសន៍
ដែលមានដំណើរលំបាក ត្រដេបត្រដាបដោយការឆ្លងទឹកឆ្លងភក់ច្រើនថ្នាក់ច្រើនអន្លើ
ដំណើរអន្តេបអន្តាប; ខំឆ្លងទឹកអន្តេបអន្តាប ។
គុណសព្ទ
ដែលមានដំណើរលំបាក ត្រដេបត្រដាបដោយការឆ្លងទឹកឆ្លងភក់ច្រើនថ្នាក់ច្រើនអន្លើ
ដំណើរអន្តេបអន្តាប; ខំឆ្លងទឹកអន្តេបអន្តាប ។