Home ព័ត៌មានអន្តរជាតិ អូស្ត្រាលី​សហ...

អូស្ត្រាលី​សហការ​ជាមួយ​អាម៉េរិក ផលិត​កាំជ្រួច​លឿន​ជាង​សម្លេង​ដើម្បី​ទប់ទល់​នឹង​..

​ប្រែ​សម្រួលៈ​វាសនា​/​ស៊ីដ​នី​៖ អូស្ត្រាលី នឹង​រួម​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​ផលិត​កាំជ្រួច​បណ្តែត​លឿន​ជាង​សម្លេង ក្នុង​បំណង​ទប់ទល់​នឹង​ចិន​និង​រុស្ស៊ី ដែល​បាន​ផលិត​សព្វាវុធ​ស្រដៀង​គ្នា នេះ​បើ​តាម​ការ​​បញ្ជាក់​អះអាង​ពី​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោកស្រី​លីន​ដា រេ​យ​ណុល កាលពី​ថ្ងៃ​អង្គារ​ទី​០១​ធ្នូ​។​

​រេ​យ​ណុល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​« យើង​នឹង​បន្ត​វិនិយោគ​លើ​សមត្ថភាព​ជឿនលឿន​ដើម្បី​ផ្តល់​អោយ​កងកម្លាំង​យោធា​អូស្ត្រាលី​នូវ​ជំរើស​ច្រើនឡើង​សំរាប់​រារាំង​ទប់ស្កាត់​ការឈ្លានពាន​​ប្រឆាំង​ផលប្រយោជន៍​អូស្ត្រាលី​»​។​

​លោកស្រី​បាន​មិន​បាន​បញ្ចេញ​អោយដឹង​អំពី​តំលៃ​នៃ​ការផលិត​កាំជ្រួច​នេះ​ទេ ឬក៏​ថា​ពេល​ណា​នឹង​អាចយ​មក​ប្រើ​បាន​ទេ​តែ​អូស្ត្រាលី​បាន​លៃ​ប្រាក់​ទុក​៩,៣​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​(៦,៨​ពាន់​លាន​ដុល្លារ​​អាម៉េរិក​)​នៅ​ឆ្នាំ​នេះ សំរាប់​ប្រព័ន្ធ​ការពារ​កាំជ្រួច​ល្បឿន​លឿន ចម្ងាយ​ឆ្ងាយ​រួម​ទាំង​ការ​សិក្សា​ស្រាវជ្រាវ​លើ​សព្វាវុធ​លឿន​ជាង​សម្លេង​ផង​។​

​កាំជ្រួច​លឿន​ជាង​សម្លេង​អាច​ហោះ​លឿន​ជាង​ល្បឿន​សម្លេង​ធម្មតា​៥​ដង ។​បូក​រួម​ទាំង​ល្បឿន ល្បិច​ហោះ​និង​កំពស់​ហោះ​របស់​វា ធ្វើអោយ​គេ​ពិបាក​ស្ទាក់ចាប់​កំទេច​។​

​កាលពី​ឆ្នាំមុន រុស្ស៊ី បាន​ផលិត​កាំជ្រួច​លឿន​ជាង​សម្លេង​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជា​លើកដំបូង នៅពេល​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​ធ្វើ​ការសាកល្បង​កាំជ្រួច​ស្រដៀង​គ្នា​នៅ​ឆ្នាំ​២០១៧​។​អា​ម៉េ​​រិក​មានបំណង​ដាក់ពង្រាយ​កាំ​ជ្រួច​ដូច្នេះ​សំរាប់​សង្គ្រាម​ណាមួយ​នៅ​ឆាប់​បំផុត​ត្រឹម​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​២០២០​។​

​យោង​តាម​អ្នកវិភាគ ចិន​បាន​ដាក់ពង្រាយ ឬ​ជិត​ដាក់ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​លឿន​ជាង​សម្លេង តែ​បំពាក់​ក្បាល​គ្រាប់​ធម្មតា​ប៉ុណ្ណោះ ។​

​អូស្ត្រាលី បាន​និយាយ​កាលពី​ខែ​កក្កដា​ថា ខ្លួន​នឹង​បង្កើន​ការចំណាយ​យោធា​៤០​ភាគរយ​នៅ​១០​ឆ្នាំ​ទៅ​មុខ ដើម្បី​ទទួលបាន​សមត្ថភាព​វាយប្រហារ​ដោយ​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​ទាំងពី​អាកាស សមុទ្រ​និង​ចេញ​​ពីលើ​ដី​។​ចំណាត់ការ​នេះ​កើត​ឡើង​នៅ​ពេល​រដ្ឋាភិបាល​ក្រុង​កង់​បេរ៉ា ពង្រីក​ការយកចិត្តទុកដាក់​លើ​យោធា​របស់​ខ្លួន​ចាប់ពី​តំបន់​ប៉ាស៊ីហ្វិក​ដល់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​។​

​ទោះជា​យ៉ាងណា ការសហការ​យោធា​រវាង​អាម៉េរិក​និង​អូស្ត្រាលី​មុខ​ជា​នឹង​ធ្វើអោយ​ចិន​ខឹង នៅពេល​ទំនាក់ទំនង​រវាង​អូស្ត្រាលី​និង​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ខ្លួន​(​ចិន​) ធ្លាក់​ចុះ​ដល់​កំរិត​ទាប​បំផុត​​ជា​ថ្មី​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​មន្ត្រីជាន់ខ្ពស់​ចិន​ម្នាក់​បង្ហោះ​រូប​ក្លែងក្លាយ​មួយ ស្តី​ពី​ទាហាន​អូស្ត្រាលី​កាន់​កាំបិត​ប្រឡាក់​ឈាម​ភ្ជង់​ក​ក្មេង​អា​ហ្វ​ហ្គានី​ស្ថាន​ម្នាក់​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular