ដោយៈ ដេប៉ូ / ភ្នំពេញៈ កម្មវិធីប្រឡងស្នាដៃសិល្បៈ ថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនសែលកាត បានបើកដំណើរការ កន្លែងចុះឈ្មោះ ថ្មីមួយទៀត នៅឯការិយាល័យកណ្តាល សែលកាត ក្នុងរាជធានីភ្នំពេញ ដើម្បីលើកទឹកចិត្ត ដល់សិល្បករគំនូរថ្មីៗ ឱ្យមកចូលរួមប្រកួត កម្មវិធីប្រឡង ប្រចាំឆ្នាំលើកទី ៣ នេះ។
ការបើកដំណើរការ កន្លែងចុះឈ្មោះ ជាថ្មីនេះ ត្រូវបានបើកសម្ពោធ រួមជាមួយនឹងការសម្តែង គូសគំនូរឌីជីថលផ្ទាល់ នៅឯការិយាល័យកណ្តាល សែលកាត។ ពិធីនេះ ក៏មានវត្តមានចូលរួម ពីសំណាក់លោក ប៊ុន ឡេង Influencer របស់ក្រុមហ៊ុន សែលកាត សិស្ស និស្សិត មកពីមូលនិធិកុមារកម្ពុជា (CCF) និងសិល្បករគំនូរខ្មែរ ដ៏ល្បីឈ្មោះ លោក នូ សារី ដែលរូបគាត់ បានចូលរួមស្វែងយល់ ក៏ដូចជា ទទួលយកនូវបទពិសោធន៍ នៃការគូសគំនូរឌីជីថលផ្ទាល់ ជាលើកដំបូង ផងដែរ។
កម្មវិធីប្រឡងគូសគំនូរឌីជីថល ថ្នាក់ជាតិប្រចាំឆ្នាំ ២០២០
ការប្រកាសនូវ ការបើកដំណើរការ កន្លែងចុះឈ្មោះថ្មីនេះ នឹងបន្តទទួលពាក្យ ចាប់ពីថ្ងៃនេះ រហូតដល់ ខែកុម្ភៈ ឆ្នាំ ២០២១ ។
កម្មវិធីប្រឡងនេះ ត្រូវបានគេរំពឹងទុកថា នឹងមានការចុះឈ្មោះ ចូលរួមប្រកួត ច្រើនជាងកម្មវិធីប្រឡង កន្លងទៅ ហើយចំពោះសិល្បករ ដែលជាប់ជ័យលាភី នឹងទទួលបាននូវរង្វាន់ ដ៏អស្ចារ្យជាច្រើន ដោយក្នុងនោះ មានដូចជា កិច្ចសន្យាការងារ និងឱកាសនៃការចូលរួម ជាមួយគម្រោងអន្តរជាតិជាដើម។
គួរបញ្ជាក់ថា កម្មវិធីប្រឡងស្នាដៃសិល្បៈ ថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ ត្រូវបានចែកចេញជា ៣ ប្រភេទ សម្រាប់សិល្បករ ចូលរួមប្រកួត ដោយក្នុងនោះ មានដូចជា គំនូរលើផ្ទាំងក្រណាត់ គំនូរឌីជីថល និងគំនូរតាមដងផ្លូវ។
លោក ថូនី ហ្វ្រង់ស៊ីស (Tony Francis) ជាម្ចាស់ក្រុមហ៊ុន និងជាស្ថាបនិក Kbach Arts បានមានប្រសាសន៍ថាៈ ការផ្តល់ពេលវេលាបន្ថែមនេះ គឺដើម្បីផ្តល់ឱកាស ដល់សិល្បករ ឱ្យបានកាន់តែច្រើន មកចូលរួម ក៏ដូចជា ផ្តល់ពេលវេលាគ្រប់គ្រាន់ ដល់ពួកគាត់ ដើម្បីដាក់ពាក្យប្រកួត។
គួររំលឹកផងដែរ កម្មវិធីប្រកួតប្រចាំ ឆ្នាំលើកទី ៣ នេះ ត្រូវបានចាប់ផ្តើមប្រកាសឡើង កាលពីខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ដោយក្នុងនោះ កម្មវិធី ក៏បាននាំយកនូវ គំនូរប្រភេទឌីជីថលថ្មី ដើម្បីអនុញ្ញាតឱ្យសិល្បករយើង នៅទូទាំងប្រទេស បានចូលរួម ដើម្បីបញ្ចេញស្នាដៃ ប្រកួតប្រជែង៕V
កម្មវិធីប្រឡងគូសគំនូរឌីជីថល ថ្នាក់ជាតិប្រចាំឆ្នាំ ២០២០