ដោយៈ សុផានីតា / កោះកុងៈ លោកអភិបាលស្រុកស្រែអំបិល បានកោះប្រជុំមន្ត្រីជំនាញ និងមេឃុំ មេភូមិភ្លាមៗ ក្នុងគោលដៅធ្វើយ៉ាងណា បង្កើនការតាមដាន ទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ ១៩ នេះ អោយដិតដល់ ករណីមានពលរដ្ឋ ឬមន្ត្រីណាម្នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តការណ៍ សហគមន៍ ២៨ វិច្ឆិកា នោះ។
លោក ជា ចាន់កញ្ញា អភិបាលស្រុកស្រែអំបិល បានឱ្យដឹង នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នេះថាៈ លោកកំពុងពិនិត្យសមាសភាព ចំនួនមន្ត្រីអាជ្ញាធរ ឬពលរដ្ឋណា ដែលប្រហែសទៅទីតាំង ដែលជាប់ពាក់ព័ន្ធ ព្រឹត្តការណ៍ សហគមន៍ ២៨ វិច្ឆិកា ដោយធ្វើយ៉ាងណា អោយពួកគាត់ ចូលរួមធ្វើចត្តាឡឺស័ក តាមការកំណត់ រយៈពេល ១៥ ថ្ងៃ ជៀសវាងជះឥទ្ធិពល ក្នុងសហគមន៍។
លោកអភិបាលស្រុកស្រែអំបិល បានបន្ថែមថាៈ ការអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ស្របពេលព្រួយបារម្ភ ពីស្ថានការណ៍រីករាលដាល ជំងឺកូវីដ ១៩ ក្នុងសហគមន៍ និងលើកចិត្តទឹក ដល់អ្នកពាក់ព័ន្ធ ស្ម័គ្រចិត្តមកធ្វើចត្តាឡឺស័ក។ គិតមកទល់ពេលនេះ ក្នុងមូលដ្ឋានស្រុកពុំមិនទាន់មានសញ្ញាអាក្រក់ណាមួយកើតមាននោះទេ។
អភិបាលស្រុកស្រែអំបិល ជំរុញឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋាន តាមដានទប់ស្កាត់ជំងឺកូវីដ ១៩
ក្រៅពីការណែនាំ ដល់អាជ្ញាធរ មន្ត្រីជំនាញ ស្វែងរកអ្នក ដែលជាប់ពាក់ព័ន្ធព្រឹត្តការណ៍ សហគមន៍ ២៨ វិច្ឆិកា លោក ជា ចាន់កញ្ញា ក៏ប្រាប់ដល់មន្ទីរពេទ្យ បង្អែកស្រុក ត្រៀមរៀបចំបន្ទប់ នៅដាច់ដោយឡែកផងដែរ ប្រសិនបើរកឃើញ អត្តសញ្ញាណ ចំពោះអ្នកជាប់ពាក់ព័ន្ធ ប្រកាសណាមួយ។
ទន្ទឹមនឹងនោះ លោកសុំឱ្យអាជ្ញាធរ មេភូមិ មេឃុំ បន្តផ្សព្វផ្សាយ អប់រំណែនាំ ពីការធ្វើអនាម័យ សុខភាព ដល់ប្រជាពលរដ្ឋ ដោយពាក់ម៉ាស់ នៅពេលចាកចេញក្រៅផ្ទះ លាងដៃនឹងអាល់កុល សាប៊ូ ផ្អាកការជួបជុំ កន្លែងមានមនុស្សច្រើន និងរក្សាគម្លាត ឆ្ងាយពីគ្នា ជាដើម។
រស្មីកម្ពុជា បានទាក់ទងទៅលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង អំពីការស្វែងរកអត្តសញ្ញាណ មនុស្សជាប់ពាក់ព័ន្ធ ព្រឹត្តការណ៍ សហគមន៍ ២៨ វិច្ឆិកា ដោយលោកអះអាងថា មានមនុស្សចំនួន ២១ នាក់ ត្រូវបានយកសំណាក ទៅធ្វើតេស្ត នៅរាជធានីភ្នំពេញ តែមកទល់ពេលនេះ ពុំទាន់ទទួលបាន លទ្ធផលនៅឡើយទេ។
អភិបាលស្រុកស្រែអំបិល ជំរុញឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋាន តាមដានទប់ស្កាត់ជំងឺកូវីដ ១៩
បើតាមលោកប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង ក្រុមដែលសង្ស័យ ប៉ះពាល់ផ្ទាល់ និងប្រយោលទាំងនោះ មានអង្គរក្ស ប្រពន្ធកូន និងលោកស្នងការនគរបាលខេត្ត មន្ត្រីពន្ធនាគារ។ ជាក់ស្តែង ព្រឹកនេះ យកចំណាក ក្រុមពាក់ព័ន្ធនឹងលោកអធិការស្រុកស្រែអំបិល បន្ថែមទៀត ហើយពួកគាត់ ធ្វើចត្តាឡឺស័ក ដោយខ្លួនឯង ក្រោមការតាមដាន ពីមន្ត្រីសុខាភិបាល។
រីឯលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកោះកុងវិញ បានលើកឡើថាៈ មន្ទីរពេទ្យ នៅការពារទប់ស្កាត់ ជានិច្ចជំងឺកូវីដ ដោយតម្រូវឱ្យគ្រប់មនុស្ស ដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺផ្សេងៗ ត្រូវពាក់ម៉ាស់ លាងដៃនឹងអាល់កុល ដែលដាក់នៅមុខ ខ្លោងទ្វារចូល នៅមន្ទីរពេទ្យ។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បានសង្កត់ធ្ងន់ថាៈ មន្ទីរពេទ្យ ក៏កំណត់សំគាល់ ពីអាការៈ របស់អ្នកជំងឺផងដែរ ករណីពួកគាត់ ណាម្នាក់ មានអាការៈ ក្អក ក្តៅខ្លួន និងហត់ខ្លាំង គឺសុំឱ្យស្នាក់នៅមន្ទីរពេទ្យ ដើម្បីយកសំណាក ទៅធ្វើតេស្ត ស្វែងរកជំងឺកូវីដ ១៩ ។
ចំពោះអ្នកដែលជាប់ពាក់ព័ន្ធ ព្រឹត្តការណ៍ នៅផ្សារអ៊ីអន ១ និងក្រសួងមហាផ្ទៃ លោកណែនាំទៅពិនិត្យលម្អិតថែម នៅមន្ទីរសុខាភិបាលខេត្ត ផ្ទាល់តែម្តង ក្រោយពីលទ្ធផលតេស្ត គឺមន្ទីរពេទ្យ រង់ចាំទទួលតែព្យាបាល៕/V
អភិបាលស្រុកស្រែអំបិល ជំរុញឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋាន តាមដានទប់ស្កាត់ជំងឺកូវីដ ១៩
អភិបាលស្រុកស្រែអំបិល ជំរុញឱ្យមន្ត្រីអាជ្ញាធរមូលដ្ឋាន តាមដានទប់ស្កាត់ជំងឺកូវីដ ១៩