ដោយៈសរិទ្ធ/ភ្នំពេញៈនគរបាលខណ្ឌដង្កោកំពុងតាមចាប់ខ្លួនបុរសជាជនដៃដល់ដែលត្រូវជាប្អូនថ្លៃ បានចាក់សម្លាប់បងថ្លៃ ក្នុងជម្លោះបន្តិចបន្តួចពេលផឹកស៊ី។អំពើឃាតកម្ម នេះ បានកើតឡើងកាលពីម៉ោងជាង៨យប់ ថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ នៅចំណុចក្នុងបុរីពិភពថ្មីទី៣ ជិតរង្វង់មូលកួរស្រូវ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនដៃដល់ ឈ្មោះ ឈិន កុសល អាយុ៤៤ឆ្នាំ(រូបថតប៉ូលិស)
ជនដៃដល់ ឈ្មោះ ឈិន កុសល អាយុ៤៤ឆ្នាំ។ចំណែកជនរងគ្រោះឈ្មោះ ម៉ៃ ធីតា អាយុ៤២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនបុរីពិភពថ្មី ។
ស្ត្រីឈ្មោះ ស្រី សាខឿន អាយុ៤៣ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានអះអាងថា ឃាតកបានចាក់ប្តីខ្លួនចំនួនបីកាំបិត។ក្នុងនោះ ចំទ្រូងពីរកាំបិតនិងពោះមួយកាំបិតបណ្តាលឲ្យស្លាប់។បន្ទាប់ពីកើតហេតុឃាតកបានរត់គេចខ្លួន។គ្រួសារនៃសពក៏បានដាក់ពាក្យបណ្តឹង រួចរាល់ហើយដែរ ។
ក្រុមគ្រួសារនៃសពសំណូរពរដល់សមត្ថកិច្ចមេត្តាជួយស្វែងរកចាប់ខ្លួនឃាតកឲ្យបានក្នុងពេលឆាប់ៗនេះផង ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។
លោកជឹមស៊ីថាអធិការនគរបាលខណ្ឌដង្កោបានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅព្រឹកថ្ងៃទី១ខែធ្នូថាសមត្ថកិច្ចបានបើកការស៊ើបអង្កេតរកឃាតកដែលមានស្រុកកំណើតនៅខេត្តស្វាយរៀងនេះហើយដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ពោលគឺមិនលើកលែងឲ្យឡើយគ្រាន់តែពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនមិនទាន់បាន៕សរន