ដោយៈម៉េងឆៃ/ភ្នំពេញៈដើម្បីចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្ត្រីក្រសួងកិច្ចការនារីបានរៀបចំកម្មវិធីប្រកួតប្រជែងជ្រើសរើសសារ និងរចនារូបថត ដើម្បីទទួលការចូលចិត្ត (Like) ពីមហាជន។ កម្មវិធីប្រកួតនេះ រៀបចំឡើង តាមរយៈកម្មវិធីដំណើរឆ្ពោះទៅមុខ ដើម្បីសមភាពយេនឌ័ររបស់ក្រសួងកិច្ចការនារី (MoWA LWGE Program) និងគាំទ្រដោយស្ថានទូតស៊ុយអែត ព្រមទាំងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។
ក្រសួងកិច្ចការនារី បង្ហោះរូបភាព ដែលបានរចនា ដោយភ្ជាប់នឹងសារបញ្ឈប់អំពើហិង្សាលើស្ត្រី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងកិច្ចការនារី នឹងជ្រើសរើស រូបភាព ដែលទទួលការចូលចិត្ត ( Like ) ច្រើន ចំនួន ៥នាក់ សម្រាប់ជ័យលាភី។ រង្វាន់សម្រាប់ជ័យលាភី គឺទទួលបានទឹកប្រាក់ពី ១៥០ ដុល្លារ រហូតដល់ ៣៥០ដុល្លារ និងរង្វាន់លើកទឹកចិត្តផ្សេងទៀត។
រូបភាព ដែលបង្ហោះទាំងនោះ បានមកពីការចូលរួមពីមហាជន ដែលជ្រើសរើសសារណាមួយ ក្នុងចំណោមសារ ដែលបានផ្តល់ជូន និងរចនាជាមួយរូបភាពផ្ទាល់ខ្លួន ( ដែលសមរម្យ ) ភ្ជាប់ឃ្លានៅផ្នែកខាងក្រោមថា «ខ្ញុំចូលរួមយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី» ហើយបានផ្ញើចូលប្រអប់សារ Page របស់ក្រសួងកិច្ចការនារី។
ក្រសួងកិច្ចការនារី បានរៀបចំយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី ដែលយុទ្ធនាការនេះ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ ក្នុងយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី នៅឆ្នាំនេះ ក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី រួមទាំអអង្គការដៃគូពាក់ព័ន្ធ បានធ្វើយុទ្ធនាការតាមអនឡាញ ដោយបង្ហោះលើហ្វេសប៊ុកនូវរូបថត និងវិដេអូរបស់អភិបាល-អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរកិច្ចការនារី អ្នកសារព័ត៌មាន ពិធីករ អ្នកជំនួញ ព្រមទាំងប្រជាពលរដ្ឋជាច្រើនផ្សេងទៀត៕សរន
ការចូលរួមក្នុងយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី ( រូបថតពីក្រសួងកិច្ចការនារី )
ចំណងជើងរូបថត៖
ការចូលរួមក្នុងយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្ត្រី ( រូបថតពីក្រសួងកិច្ចការនារី )