ឃាតកម្ម​លើ​អ្នកវិទ្យាសាស្ត្រ​អ៊ីរ៉ង់ បំផ្លាញ​ឬ​ជា​គ្រឿង​ជំរុញ​កិច្ច​ការទូត​របស់​បៃ​ដិន​?

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ការធ្វើឃាត​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​កំពូល​របស់​អ៊ីរ៉ង់ ដែល​រដ្ឋាភិបាលក្រុ​តេ​អេ​រ៉ង់​បន្ទោស​លើ​អ៊ីស្រាអែល កាន់តែ​បង្កើន​ភាព​តានតឹង​នៅ​ទូទាំង​តំបន់​តែ​វា​ក៏​កាន់តែ​ធ្វើ​​អោយ​ស្មុគស្មាញ​ផែនការ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ដិន ក្នុង​ការបន្ត​កិច្ច​ចរចា​ជាមួយ​សាធារណរដ្ឋ​អ៊ីស្លាម​(​អ៊ីរ៉ង់​)​នេះ នេះ​បើ​តាម​ការយល់ឃើញ​របស់​ពួក​អ្នកវិភាគ​ខ្លះ​។​

​អ៊ីរ៉ង់​បាន​បន្ទោស​សត្រូវ​សួ​ពូជ​អ៊ីស្រាអែល​ថា​កំពុង​សាប​ព្រួស​«​ចលាចល​» ដោយ​សម្លាប់ លោក​ម៉ូ​សេន ហ្វាក​រី​ហ្សា​ដេស និង​បាន​ពោលថា អ៊ីស្រាអែល​ធ្វើតាម​បំណង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនបាន​និយាយ​អំពី​ប្រតិបត្តិការ ដែល​ខ្មាន់កាំភ្លើង​វាយប្រហារ​លើ​រថយន្តរ​បស់​លោក ហ្វាក​រី​ហ្សា​ដេស នៅលើ​ផ្លូវ​មួយ​នៅក្រៅ​ទី​ក្រុងតេអេ​រ៉ង់​ទេ តែ​ប្រធានាធិបតី​ដូណាល់ ត្រាំ ​បាន​បង្ហោះ​សម្តី​អ្នក​ដទៃ​ឡើង​វិញ​អំពី​ឧបទ្ទវហេតុ​នេះ រួម​មាន​អត្ថបទ​មួយ​ដែល​ថា អ្នកវិទ្យាសាស្ត្រ​រូបនេះ​ត្រូវ​ទីភ្នាក់ងារ​ចារកម្ម​អ៊ីស្រាអែល​Mossad​តាម​រក​មុខ​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ត្រាំ​កាលពី​ឆ្នាំ​២០១៨ បាន​ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ពហុ​ជាតិ​ជាមួយ​អ៊ីរ៉ង់ ហើយ​ងាក​មក​ដាក់​សម្ពាធ​អតិប្បរមា​ជំនួស​វិញ​រហូត​ដល់​លោក​ចាក​ចេញពី​តំណែង​នៅ​ខែ​មករា​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ដែល​ទើប​វិល​មក​ពី​អ៊ីស្រាអែល កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បានប្រកាស​ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី​លើ​ក្រុមហ៊ុន​ចិន​និង​រុស្ស៊ី​ខ្លះ​ដែល ខ្លួន​ចោទប្រកាន់ថា បាន​ជួយ​គាំទ្រ​កម្មវិធី​កាំ​​ជ្រួច​របស់​អ៊ីរ៉ង់​។​

​មន្ត្រី​ម្នាក់​ដែល​បាន​អមដំណើរ​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ទៅ​អ៊ីស្រាអែល​បាន​និយាយថា «​រដ្ឋាភិបាល​នេះ​…​នៅ​ទី​នេះ​រហូត​ដល់​ថ្ងៃ​២០​មករា ហើយ​នឹង​បន្ត​អនុវត្ត​គោលនយោបាយ​របស់​ខ្លួន​។​ខ្ញុំ​សង្ឃឹមថា​​រដ្ឋាភិបាល​អាម៉េរិក​នឹង​ប្រើ​សម្ពាធ​នេះ​សំរាប់​អោយ​អ៊ីរ៉ង់​ចាប់ផ្តើ​ប្រព្រឹត្ត​ដូចជា​រដ្ឋធ​ម្ម​តាមួយ​»​។​

​តែ​អ្នកវិភាគ​អាម៉េរិក​ខ្លះ​យល់ថា ការសម្លាប់​លោក ហ្វាក​រី​ហ្សា​ដេស ជា​អំពើ​គ្រោះថ្នាក់​មួយ ដែល​បំផ្លាញ​បំណង​របស់​លោកបៃ​ដិន ក្នុង​ការផ្តល់អោយ​អ៊ីរ៉ង់​នូវ «​ផ្លូវ​គួរអោយ​ជឿ​ទុកចិត្ត​មួយ​ដើម្បី​ងាក​មក​​រក​កិច្ចការ​ទូត​» និង​ក៏​ជា​ជំហាន​មួយ​សំរាប់​សហរដ្ឋ​អាម៉េរិក​ខ្លួនឯង​វិល​មក​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ឡើងវិញ​ដែរ​។​

​អតីត​ប្រធាន​ទីភ្នាក់ងារ​CIA​លោក ច​ន ប្រេន​ណាន់ បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃ​សុក្រ​ថា ការសម្លាប់​អ្នកវិទ្យាសាស្ត្រ​នេះ គឺជា​«​បទឧក្រិដ្ឋ​និង​ការធ្វេសប្រហែស​ខ្លាំង​»​មួយ ដោយ​លោក​និយាយថា ការសង​​សឹង​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​ណា​មួយ​នឹង​នាំ​ដល់​ជម្លោះ​តំបន់​ជុំ​ថ្មី​។​

​ប្រេន​ណាន់ ដែល​បាន​ដឹកនាំ​ទីភ្នាក់ងារ​ចារកម្ម​អាម៉េរិក ចាប់ពី​ឆ្នាំ​២០១៣ ដល់​២០១៧ កាល​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា នៅ​ជា​ប្រធានាធិបតី និង​បៃដិនជា​អនុប្រធានាធិ​ប​តី បាន​ក្រើនរំលឹក​អោយ​អ៊ីរ៉ង់​រង់​«​ចាំ​ដល់​ក្រុម​មេដឹកនាំ​អាម៉េរិក​ដែល​មាន​ការទទួលខុសត្រូវ​លើ​ឆាក​អន្តរជាតិ​»​វិល​មក​វិញ ហើយ​ប្រឆាំង​នឹង​ការអំពាវនាវ​អោយ​មាន​ការឆ្លើយតប​នឹង​ឧក្រិដ្ឋជន​ដែល​ស្ថិតក្រោម​ការ​តាម​ឃ្លាំមើល​។​

​នៅពេល​អាម៉េរិក​កំពុង​បញ្ជូន​ក្រុម​នាវា​ផ្ទុក​យន្តហោះ​ទៅ​កាន់​ឈូង​សមុទ្រ អាឡឺម៉ង់​បាន​ព្រមាន​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​កុំ​អោយ​ធ្វើ​អោយ​សភាពការណ៍​កាន់តែ​អាក្រក់​ទៅ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាឡឺម៉ង់​បាន​ប្រាប់​សារព័ត៌មាន​AFP​ថា «​យើង​អំពាវនាវ​អោយ​គ្រប់​ភាគី​ជៀសវាង​ធ្វើ​សកម្មភាព​ណាមួយ ដែល​នាំ​ដល់​សភាពការណ៍​កាន់តែ​អាក្រក់​ឡើង​» ដែល «​យើង​​មិន​ត្រូវការ​នៅពេលនេះ​។​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​រដ្ឋាភិបាល​អាម៉េរិក​ថ្មី​ចូលកាន់​តំណែង ការចរចា​ជាមួយ​អ៊ីរ៉ង់​ត្រូវ​រក្សាទុក​ដដែល​ដើម្បី​ដោះស្រាយ​ជម្លោះ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​តាម​ការចរចា​»​។​

​ទស្សនៈ​នេះ​ក៏​ត្រូវ​បាន​អ្នកឯកទេស​យោធា​នៅ​សកល​វិទ្យាល័យ​George Washington University​លោក បេន ហ្វ្រេដ​មែន យល់​ឃើញ​ដូចគ្នា​ដែរ​។​លោក​ថា ការធ្វើឃាត​នេះ​ជា​អំពើ​វិ​ទង្សនា​ប្រឆាំង​កិច្ចការ​​ទូត​និង​ផលប្រយោជន៍​អាម៉េរិក ព្រមទាំង​ប្រហែលជា​នឹង​ជួយ​ពួក​ប្រកាន់​តឹង​អ៊ីរ៉ង់ ដែល​ចង់​បាន​សព្វាវុធ​នុយក្លេអ៊ែ​រ​»​។​

​សំរាប់​លោក បេន រ៉ូ​ដេស អតីត​ទីប្រឹក្សា​របស់​លោក​អូ​បា​ម៉ា នេះ​ជា​អំពើ​យង់ឃ្នង​មួយ​ក្នុង​បំណង​បំផ្លាញ​កិច្ច​ការទូត​រវាង រដ្ឋការ​អាម៉េរិក​នាពេល​អនាគត​និង​អ៊ីរ៉ង់​។​លោក​បាន​បន្ថែមថា «​វា​ដល់​ពេល​បញ្ចប់​​ការ​ធ្វើ​អោយ​សភាពការណ៍​កាន់តែ​អាក្រក់​ឡើង​»​។​

​ក៏​មាន​ការយល់ឃើញ​ផ្ទុយ​ផងដែរ គឺថា ឃាតកម្ម​លើ​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​រូបនេះ ធ្វើអោយ​អ៊ីរ៉ង់​គិតថា​ជាការ​សមគំនិត​រវាង​អ៊ី​ស្រា​អ៊ែល​និង​រដ្ឋការ​អាម៉េរិក​ក្រោយ​ការដឹកនាំ​របស់ ដូ​ណា​ល់ ត្រា ដូច្នេះ​ការ​​ងាក​មក​ស្រុះស្រួល​ជាមួយ​រដ្ឋាភិបាល​អាម៉េរិក​ថ្មី​ជា​ជំរើស​មួយ​សំរាប់​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​៕

​មាន​ការ​យល់​ឃើញ​ខុសៗ​គ្នា​អំពី​ផលវិបាក​ចេញពី​ការសម្លាប់​លោក​ម៉ូ​សេន ហ្វាក​រី​ហ្សា​ដេស តែ​ផល​ច្បាស់​មួយ​គឺថា អ៊ីរ៉ង់​ប្តេជ្ញា​សងសឹក​នៅពេល​សមស្រប​ណាមួយ​ដោយ​មិន​ទាន់​បង្ខំ​ចាត់ការ​ភ្លាម​ទេ​ដើម្បី​​កុំអោយ​ធ្លាក់​ក្នុង​អន្ទាក់​សត្រូវ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular