ដោយៈសរិទ្ធ/ភ្នំពេញៈរដ្ឋបាលស្រុកកៀនស្វាយនៅថ្ងៃទី១ធ្នូនេះបានប្រកាសច្រានចោលព័ត៌មានមិនពិតមួយតាមរយៈសារសំឡេងដែលចែករំលែកតៗគ្នា ដោយនិយាយថាព្រះសង្ឃគង់នៅវត្តកោះប្រាក់ចំនួន៣អង្គមានផ្ទុកវិជ្ជមានកូវីដ១៩។
លោក ពៅ គីមលី អភិបាលរងស្រុកកៀនស្វាយ តំណាងឱ្យតំណាងលោក អ៊ូ ឈាង អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានបើកកិច្ចប្រជុំជាបន្ទាន់មួយជាមួយអាជ្ញាធរព័ត៌មាន ដើម្បីឆ្លើយតបនឹងការចុះផ្សាយបំផ្លើសនេះ។
លោក ពៅ គីមលី បានបដិសេធទាំងស្រុងចំពោះការលើកឡើងនេះ ។នេះជាព័ត៌មានមិនពិតទាំងស្រុង។លោកថា បច្ចុប្បន្នសុខភាពរបស់ព្រះសង្ឃដែលគង់នៅវត្តកោះប្រាក់គឺមានសុខភាពល្អប្រសើរហើយព្រះសង្ឃក៏មិនបាននិមន្តទៅណាឆ្ងាយនោះទេ។លោកសូមអំពាវនាវដល់ព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្នបងប្អូនទាំងឡាយ កុំឲ្យមានការយល់ច្រឡំជា ពិសេសប្រជាជននៅភូមិកោះប្រាក់ចំពោះព័ត៌មានមិនពិតនេះ។
លោកស្រីឱវណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតមកដល់ពេលនេះ នៅក្នុងស្រុកកៀនស្វាយ គ្មានករណីឆ្លងកូវីដ-១៩ទេ ហើយលោកស្រីបានចាត់ទុកសារជាសំឡេងថា ជាព័ត៌មានបំផ្លើស។
រដ្ឋបាលស្រុកកៀនស្វាយសូមសំណូមពរឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ពិសេសត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរថាបើសិនជាមានបងប្អូនណាមានអាការៈផ្សេងៗទាក់ទងនិងជំងឺកូវីដ១៩ ដើម្បីឱ្យគ្រូពេទ្យតាមដានសុខភាព៕សរន