Home ព័ត៌មានជាតិ សង្គម គ្រូពេទ្យនឹងច...

គ្រូពេទ្យនឹងចុះទៅយកវត្ថុសំណាកពីឥស្សរជន​និង​មន្ត្រីរាជការ​រដ្ឋសភា​ដែលមាន​ហានិភ័យ​ក្នុងការ​ឆ្លង​កូ​វីដ​១៩

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ឥស្សរជន និង​មន្ត្រីរាជការ​នៅក្នុង​រដ្ឋសភា ដែលមាន​ហានិភ័យ​មធ្យម និង​ទាប ក្នុង​ការឆ្លង កូ​វីដ​១៩ មាន​ចំនួន​សរុប ៦៦​នាក់​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ឡេង ប៉េងឡុង អគ្គលេខា​ធិការ​រដ្ឋសភា​។​

លោក​ឡេង ប៉េងឡុង អគ្គលេខា​ធិការ​រដ្ឋសភា​(រូបថតឯកសារ)

​អគ្គលេខាធិការ​រដ្ឋសភា​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​បានស្នើ​សុំ​ក្រសួងសុខាភិបាល​ឲ្យ​មាន​វិធានការ​ចំពោះ​តំណាងរាស្ត្រ និង​មន្ត្រីរាជការ រដ្ឋសភា ដែល​ពាក់ព័ន្ធ​នឹង​លោក ឡូយ សុផាត ដែល​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ឆែម សាវុធ អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ ដែល​ពិនិត្យឃើញថា មាន​មេរោគ​កូវ​ដី​១៩​។
​លោក​ឡេង ប៉េងឡុង​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១​ខែធ្នូ​នេះ​ថា តាម​ការជូន​ព័ត៌មាន​ពី​ក្រសួងសុខាភិបាល នៅ​រសៀល​ថ្ងៃនេះ​គ្រូពេទ្យ​ជំនាញ​នៃ​ក្រសួង​សុខា​ភ​ភិ​បាល​នឹង​ចុះ​យក​វត្ថុ​សំណាក​នៅ​រដ្ឋសភាជាតិ​។​

​យោងតាម​បញ្ជី​ឈ្មោះ ឥស្សរជន និង​មន្ត្រីរាជការ នៅក្នុង​រដ្ឋសភា​ដែលមាន​ហានិភ័យ​មធ្យម និង​ទាប ក្នុង​ការឆ្លង កូ​វីដ​១៩ មានដូចជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សម្តេចចៅហ្វា​វាំង គង់ សំអុល លោក​ងួន ញិ​ល លោក ស្រី ឃួន សុ​ដា​រី លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ មុនី រ័ត្ន លោក ប្រាជ្ញា ច័ន្ទ លោក​ជាម យៀប លោក ហ៊ុន ម៉ា​នី លោក​ឡូយ សុផាត លោក​ហ៊ុន ណេង លោក ឈាង វុន លោក ស្រី ឡោក ខេង រួមទាំង មន្ត្រី មួយចំនួនទៀត​….​។​

​អគ្គលេខាធិការ​រដ្ឋសភា​បានបញ្ជាក់​ថា​មាន​ឥស្សរជន​និង​មន្ត្រី​ជាច្រើន​បាន​ប្រាស្រ័យ​ផ្ទាល់​និង​បានទទួល​ទាន​បាយ​ក្នុង​បន្ទប់​ជាមួយគ្នា​និង​បាន​ចូលរួម​ប្រជុំ​ពេញអង្គ​រដ្ឋសភា​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​និង​ប្រជុំ​ត្រៀម​រៀបចំ​អន​ឡាញ​ជាមួយ​ចិន​ក្នុង​បន្ទប់​ជាមួយគ្នា​ដែល​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក​ឡូយ សុផាត​។ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា លោក ឡូយ សុជាតិ បាន​ចូលរួម​សម័យប្រជុំ​ពេញអង្គ​ដែលមាន​អ្នកចូលរួម​ចំនួន​១១៦​រូប​និង​មន្ត្រី​រាជា​ការ​រដ្ឋសភា​និង​តំណាង​រាជរដ្ឋាភិបាល​មក​ការពារ​ច្បាប់​មួយចំនួនទៀត​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular