ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ការប្រកួតដណ្តើមពានរង្វាន់ក្របខ័ណ្ឌ Eufa Champions League រាត្រីថ្ងៃអង្គារនេះឈានចូលជុំទី៥ នៃវគ្គជម្រុះតាមពូល។ ហើយយប់នេះមានការប្រកួតចំនួន ៨ គូនៅក្នុងពូល A, B, C និង D ហើយក្រុមដែលបានឡើងទៅវគ្គបន្ទាប់ហើយនោះរួមមាន Bayern Munich និង Man City។ ការប្រកួតថ្ងៃនេះហាក់មានភាពតានតឹងច្រើនគូ ដោយក្រុមត្រូវការឈ្នះដាច់ខាតរួមមាន Liverpool, Ajax, Atalanta, Real, Lokomotiv Moscow, Salzburg, Atl. Madrid និង M’Gladbach ហើយក្រុម Porto ត្រូវការត្រឹមស្មើប៉ុណ្ណោះនឹងឡើងទៅវគ្គបន្ទាប់ជាមួយ Man City ដែរ។
ពូល A ៖
ជំនួបយប់នេះគឺ At. Madrid vs Bayern Munich និង Lokomotiv Moscow vs Salzburg។ Bayern Munich បានឡើងទៅវគ្គបន្ទាប់រួចហើយនៅឡើយតែក្រុម At. Madrid ដែលត្រូវការឈ្នះដាច់ខាតថ្ងៃនេះ។ ប៉ុន្តែ Bayern ប្រកួតកន្លងមកឈ្នះរហូត និងរបូតគ្រាប់បាល់តិចបំផុត ដូច្នះបើ At. Madrid ចង់យកឈ្នះ គឺមិនមែនជារឿងងាយនោះឡើយ ស្រួលមិនស្រួល អាចនឹងត្រូវ Bayern លុតថែមទៀត។
ចំណែក Lokomotiv Moscow ក៏ត្រូវឈ្នះដាច់ខាតដែរ ពីព្រោះមកទល់ពេលនេះពួកគេមាន ៣ ពិន្ទុក្នុងដៃ ចាញ់លេខ២ At. Madrid តែ ២ ពិន្ទុប៉ុណ្ណោះ។ Salzburg ត្បិតមានតែ១ពិន្ទុ តែនៅតែមានសង្ឃឹម ប្រសិនបើឈ្នះ២ប្រកួតចុងក្រោយ ហើយ At. Madrid និង Lokomotiv Moscow ចាញ់រហូត។ ថ្ងៃនេះគូទាំងពីរនឹងប្រឹងដាច់ជើងចោលដូចគ្នា។
ពូល B ៖
ជំនួបយប់នេះគឺ M’Gladbach vs Inter Milan និង Shakhtar Donetsk vs Real Madrid។ ក្រុមបាតតារាង Inter Milan ត្រូវតែឈ្នះ ២ ប្រកួតចុងក្រោយដាច់ខាត ហើយឈ្នះឱ្យបានច្រើនគ្រាប់ទៀតទើបមានសង្ឃឹមខ្លះ ប៉ុន្តែវាហាក់ជារឿងមិនអាចធ្វើទៅបានទេ នៅពេលដែលពួកគេទៅផ្ទះរបស់ក្រុមលេខ១កំពូលតារាង M’Gladbach ដែលត្រូវការឈ្នះ Inter ដូចគ្នាដើម្បីឡើងទៅវគ្គបន្ទាប់។
Real Madrid ថ្ងៃនេះមានតែពាក្យថាឈ្នះមួយមុខគត់ទើបអាចស្រោចស្រង់វាសនារបស់ពួកគេនៅក្នុងពូល B ។ Shakhtar Donetsk ទោះបីជាម្ចាស់ផ្ទះថ្ងៃនេះក៏ដោយ ក៏ប៉ុន្តែមានប្រវត្តិអន់ជាមួយក្រុមមកពីអេស្ប៉ាញណាស់ ហើយក្រុម Real Madrid ទៀតសោត ឱ្យតែជួបក្រុមមកពីអ៊ុយក្រែនគឺដូចឃើញសាច់ជ្រូកបីជាន់យ៉ាងអ៊ីចឹង។ យើងរំពឹង Real ឈ្នះថ្ងៃនេះ។
ពូល C ៖
ជំនួបយប់នេះគឺ Marseille vs Olympiakos និង Porto vs Man City។ Marseille អន់មួយចប់ ពិន្ទុក៏សូន្យ ស៊ុតក៏មិនទាន់ចូលសូម្បីមួយគ្រាប់ ហើយក្តីសង្ឃឹមតែមួយគត់ដើម្បីបានលេងនៅ Europa League ពួកគេត្រូវផ្តួល Olympiakos និងឈ្នះប្រកួតបន្ទាប់ទៀត។ ប៉ុន្តែក្រុមក្រិក Olympiakos ដែលមាន ៣ ពិន្ទុក្នុងដៃ បើឈ្នះថ្ងៃនេះ ពួកគេនឹងធានាបានកៅអី EL ដោយស្វ័យប្រវត្តិ។
រីឯ Porto ថ្ងៃនេះមានការងារស្រួលត្រូវធ្វើ គឺប្រឹងទប់យ៉ាងណាឱ្យបានស្មើជាមួយ Man City នោះពួកគេនឹងឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាមួយក្រុមអង់គ្លេសដែរហើយ។ អ្វីដែលជារឿងពិបាកគឺថា Porto មិនដែលមានប្រវត្តិឈ្នះ Man City ហើយក្រុមរបស់លោកប៉េបហ្គាឌីអូឡា មិនចង់ឈរនៅលេខ២ទេ ដូច្នេះទោះជាប់ទៅវគ្គបន្ទាប់ក្តី ក៏ Man City នឹងមិនជិះសេះលែងដៃនោះដែរ។
ពូល D ៖
ជំនួបយប់នេះគឺ Atalanta vs Midtjylland និង Liverpool vs Ajax ។ Midtjylland ធ្លាក់ដោយស្វ័យប្រវត្តិទៅហើយ ប៉ុន្តែ Atalanta ដែលឈរនៅលេខ៣មាន ៧ ពិន្ទុស្មើលេខ ២ Ajax គឺត្រូវតែឈ្នះការប្រកួតយប់នេះដាច់ខាត ហើយយើងរំពឹងពួកគេឈ្នះដោយគ្មានឧបសគ្គ។
Liverpool ទើបតែចាញ់ Atalanta ២-០ ក្នុងទឹកដីខ្លួនឯង ហើយថ្ងៃនេះត្រូវតែយកឈ្នះលើ Ajax ដាច់ខាត ព្រោះប្រកួតចុងក្រោយហង្សក្រហមត្រូវលេងជាមួយក្រុមអន់ Midtjylland ។ Ajax ចាញ់ហង្សក្រហម១-០ នៅទឹកដីខ្លួនឯងកាលប្រកួតដំបូង ថ្ងៃនេះពួកគេមានតែពាក្យមួយត្រូវទន្ទិញក្នុងចិត្តគឺត្រូវសងសឹកឱ្យបាន។ ដោយហេតុថាគូទាំងពីរត្រូវការឈ្នះដាច់ខាត ហើយ Liverpool មានបញ្ហារបួសកីឡាករច្រើន យើងរំពឹងការប្រកួតនេះអាចនឹងស្មើឬមិនអ៊ីចឹង Liverpool ឈ្នះទាំងតឹងបំផុត។
ការព្យាករណ៍ CL យប់នេះ ៖
00:55 Lokomotiv Moscow 2-1 Red Bull Salzburg
00:55 Shaktar Donetsk 0-2 Real Madrid
03:00 Atalanta 2-1 Midtjylland
03:00 Atl. Madrid 0-3 Bayern Munich
03:00 Liverpool 1-1 Ajax
03:00 Marseille 0-1 Olympiakos
03:00 Monchengladbach 3-0 Inter Milan
03:00 Porto 1-1 Manchester City