Home ព័ត៌មានជាតិ សង្គម ក្រសួង​នឹង​លុ...

ក្រសួង​នឹង​លុបបំបាត់​សេវា​រដ្ឋបាល​ប្រើប្រាស់​ក្រដាស​ស្នាម​ក្នុង​វិស័យ​ដឹក​ជ​ញ្ជួ​ន​ផ្លូវគោក​

ដោយ​: គង់​ហេង / កំពង់ចាម​: ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន នឹង​ឈានទៅ​លុបបំបាត់​ប្រព័ន្ធ​រដ្ឋបាល​ដែល​ប្រើប្រាស់​ក្រដាស​ស្នាម គឺ​ងាក​ទៅប្រើ​ប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក្នុង​ការផ្តល់​សេវាសាធារណ​: ដោយ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជួប​មុខ​ផ្ទាល់ ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​ប្រជាពលរដ្ឋ​តែម្តង​។​

​នេះ​ជាការ​លើកឡើង​របស់លោក សួន រចនា រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​ប្រចាំការ គណ​:​កម្ម​ការដឹកនាំ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​សេចក្តីណែនាំ​ស្តីពី​«​បែបបទ និង​នីតិវិធី នៃ​ការផ្តល់សេវា​រដ្ឋបាល​ក្នុង​វិស័យ​ដឹក​ជ​ញ្ជួ​ន​ផ្លូវគោក​នៅ​រដ្ឋបាល​រាជធានី ខេត្ត​» នៅក្នុង​សាលាខេត្ត​កំពង់ចាម​ដែលមាន​ការចូលរួម​ពី​លោក កែវ នា​ឫទ្ធិ ជា​អភិបាលរង​ខេត្ត​នេះ និង​តំណាង​ក្រសួង អង្គភាព​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​នា​ព្រឹក​ថ្ងៃទី ៣០ ខែវិច្ឆិកា​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែង​នៅក្នុង​សុន្ទរកថា​កម្រាស់ បី ទំព័រ​ថា ជំនួសមុខ​ឱ្យ​លោក ស៊ុន ចាន់ថុល ជា​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន គឺ​បច្ចុប្បន្ននេះ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុង​ពិភពលោក​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​បាន និង​កំពុង​ប្រើប្រាស់​យ៉ាំង​ទូលំទូលាយ​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​ការងារ ក្នុងការ​ចែករំលែក​ព័ត៌មាន និង​ការប្រាស្រ័យ​ទាក់ទង​ជា​សាធារណ​:​។​

​លោក​អនុប្រធាន​គណ​:​កម្ម​ការ​កំណែទម្រង់​ថ្លែង​ឱ្យដឹងទៀតថា បើទោះជា​បច្ចុប្បន្ន​ការយល់ដឹង​នៅ​ថ្នាក់ក្រោម​ជាតិ​នៅមានកម្រិត​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​នេះ​យ៉ាងណា តែ​យើង​បាន និង​កំពុង​ដោះស្រាយ​ជា​បណ្តើរៗ តាមរយ​:​ការបណ្តុះបណ្តាល​បុគ្គលិក​សម្រាប់​ប្រើប្រាស់ ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ក្នុង​ការផ្តល់​សេវាសាធារណ​: គឺ​ដើម្បី​នឹង​ឈានទៅ​លុបបំបាត់​ប្រព័ន្ធ​រដ្ឋបាល​ដែល​ប្រើប្រាស់​ក្រដាស​ស្នាម​នោះ​។ ដោយ​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ ជួប​មុខ​គ្នា​ដោយផ្ទាល់​ដែលជា​មូលហេតុ​នាំឱ្យ​ការផ្តល់សេវា មាន​ភាពយឺតយ៉ាវ និង​បង្ក​ការលំបាក​កន្លងមក​នោះ​។​

​លោក សួន រចនា បាន​បន្តថា ដូច្នេះ​សូម​ស្នើ​ដល់​លោក លោកស្រី​ជា​សមាជិក សមាជិកា​មាន​វត្តមាន​ក្នុង​សិក្ខាសាលា​ចំនួន​ពីរ​ថ្ងៃ​( ថ្ងៃទី​៣០ ខែធ្នូ និង ថ្ងៃទី ១ ខែធ្នូ​)​ទាំងអស់​មេត្តា​ខិតខំ​ផ្តោត​យកចិត្តទុកដាក់​ស្តាប់ សិក្សា ស្វែងយល់ និង​ចូលរួម​យោបល់​ឱ្យបាន​សកម្ម និង​ផល​ផុស ដើម្បី​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ ក៏ដូចជា​ស្វែងរក​គន្លឹះ​ល្អៗ បន្ថែមទៀត​៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular