Home ព័ត៌មានជាតិ សេដ្ឋកិច្ច ផ្ទៃដី​ស្រូវប...

ផ្ទៃដី​ស្រូវប្រាំង​លិចលង់​ដោយ​ទឹកភ្លៀង​ខុសរដូវ​បាន​ជួយ​អន្តរាគមន៍​រួចរាល់​

ដោយ​: ប​.​ខុន / ភ្នំពេញៈការងារ​អន្តរាគមន៍​បញ្ចេញ​ទឹក​លិចលង់​លើ​ផ្ទៃ​ស្រូវប្រាំង ជាង​មួយ​ពាន់​ហិ​ក នៅ​ស្រុក​ឆ្លូង​បានបញ្ចប់​បន្ទាប់ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជូន​ក្រុមការងារ និង​គ្រឿងចក្រ​ទៅ​ជីក​កាយ​ស្តារ​ព្រែក​ដែល​គោក​រាក់​រួចមក​។​

​លោក យិន ងួន​កូ​លេនីន អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទទួលខុសត្រូវ​មុខព្រួញ​ខេត្តក្រចេះ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១​ខែធ្នូ​ថា ការងារ​អន្តរាគមន៍​បញ្ចេញ​ទឹក​ពីលើ​ផ្ទៃដី​បង្កបង្កើនផល​ស្រូវប្រាំង ចំនួន​ជាង ១.០០០​ហិកតា នៅ​ឃុំ​ពង្រ និង​ឃុំ​ខ្សាច់​អ​ណ្តែ​ក ស្រុក​ឆ្លូង បាន​រួចរាល់​ហើយ ដោយ​ពេលនេះ​ទឹកបាន​ស្រក​ចុះ​ជា​លំដាប់ ជាមួយនឹង​ការ​ភ្ជួរ​រាស់​សាបព្រោះ​នៅលើ​ផ្ទៃ ដី​ដែល​ទឹកបាន​ស្រក​ផុត​យ៉ាង​មមាញឹក​។​

​អនុរដ្ឋលេខាធិការ​ក្រសួង​ខាងលើ និយាយ​ឱ្យដឹងទៀតថា ទឹក​លិច​ផ្ទៃដី​បង្ក បង្កើន​ផល​ខាងលើ ធ្វើឱ្យ​យឺតយ៉ាវ​ដល់​ការដាំដុះ​នេះ​កើតឡើង​ដោយសារ​របប​ទឹកទន្លេ​ប្រែប្រួល គឺ​ឡើង​ខុសរដូវ​ដែល​ធម្មតា​មកដល់ពេលនេះ​លើ​ផ្ទៃដី​នេះ ស្រូវ​នៅក្នុង​ស្រែ​ខ្លះ​ច្រូតកាត់​បាន​ហើយ មិនមែន​នៅមាន​ទឹក​លិច​យ៉ាងជ្រៅ​មិនអាច​សាបព្រោះ​បាន​ដូចនេះ​ទេ​។ ទោះជា​យ៉ាងណា ពេលនេះ​ទឹកបាន​ចាប់ផ្តើម​ស្រក បន្ទាប់ពី​ក្រុមការងារ​ប្រើប្រាស់​គ្រឿងចក្រ​ជីក​កាយ​ស្តារ​ចំណុច​មួយចំនួន នៃ​ព្រែក​ដែល​គោក​រាក់ ដើម្បី​បង្ហូរទឹក​ចេញ​ពីលើ​ផ្ទៃដី​លិចលង់​អាច​ថា ពី​បី​ទៅ​បួន​ថ្ងៃ​ទៀត ទឹក​ស្រក​ផុត​អស់ហើយ​។​

​លោក យិន ងួន​កូ​លេនីន និយាយ​ឲ្យ​ដឹង​ទៀតថា តំបន់​ខាងលើ​រាល់​ឆ្នាំ​អាច​ដាំ ដុះ​បាន​ពីរដង តែ​នៅ​ឆ្នាំនេះ​គឺ​បានតែ​ម្តង​ទេ ព្រោះ​មកដល់ពេលនេះ​ទើបតែ​បាន សាបព្រោះ​បី​ខែ​បន្ទាប់​ទើប​អាច​ប្រមូល​ផល​បាន​។ ចំពោះ​ទឹក​សម្រាប់​ផ្គត់ផ្គង់​ដល់ ផ្ទៃដី​ខាងលើ​មិន​ចោទ​ទេ ដោយសារ​យើង​មាន​អាងទឹក​ពីរ​បី​កន្លែង​នៅ​ផ្នែក​ខាងលើ សម្រាប់​បញ្ចេញ​មក​ប្រើ​នៅក្នុង​រដូវប្រាំង​ខាងមុខ​។​

​គួរ​រំលឹក​ឱ្យដឹងថា ការងារ​អន្តរាគមន៍​បញ្ចេញ​ទឹក​លិច​ផ្ទៃដី​ស្រូវប្រាំង​នៅក្នុង​ស្រុក​ឆ្លូង​កន្លងទៅនេះ ក្រុមការងារ​បានសម្រេច​ធ្វើការ​ស្តា​របើក​ផ្លូវទឹក​លើ​ទីតាំង គោក​រាក់ និង​ទីតាំង​ឧបសក្គ​ចរន្តទឹក​ក្នុង​ស្ទឹង​ព្រែកជីក ភ្ជាប់​ពី​ទីតាំង​លិច​ទម្លាក់​ចូលក្នុង​ព្រែ​កតា​កុ​ច បន្ត​ហូរ​ធ្លាក់ចូល​ទន្លេមេគង្គ​បាន​ប្រវែង ៥.០០០​ម៉ែត្រ​។​

​ជីក​កាយ​ប្រឡាយ​ដោះ​ទឹក​ថ្មី​១​កន្លែង​ពី​បឹង​ជី​ឡែ​ង​មក​ទម្លាក់​បញ្ចូល​ក្នុង​បឹង​ជ្រៃ បន្ត​ហូរ​មក​ទន្លេមេគង្គ បាន​ប្រវែង​៦០០​ម៉ែត្រ​។ គ្រឿងចក្រ​ប្រើប្រាស់​សរុប មាន Excavator ដៃ​វែង​ចំនួន ០៣​គ្រឿង​និង​ដៃខ្លី​ចំនួន​០២​គ្រឿង​។​

​ក្រុមការងារ​មន្ទីរ​ធ​ន​ធាន​ទឹក​និង​ឧតុនិយម​ខេត្តក្រចេះ ដឹកនាំ​ប្រជា​ពល រដ្ឋ បារ​និង​ប្រមូល​កំប្លោក​ដោយ​ប្រើប្រាស់​ទូក​បន្ត​២​ទៅ​៣​ថ្ងៃ​បន្ថែមទៀត​។ ក្រោយពី គ្រឿងចក្រ​កាយ​ស្តារ​រួចមក​ពិនិត្យឃើញថា ទឹក​ហូរ​ខ្លាំង​ជាង​មុន​ស្រក​ចុះ​លឿន ទីតាំង​មួយចំនួន​អាច​ចាប់ផ្តើម​បង្កបង្កើនផល​ជា​បណ្តើៗ​។​

​ចំពោះ​ស្ថានភាព​ផ្ទៃដី​បង្កបង្កើនផល​ស្រែប្រាំង​របស់​ប្រជាកសិករ​នៅក្នុង ឃុំ ខ្សាច់​អណ្តែត​និង​ឃុំ​ពង្រ​ស្រុក​ឆ្លូង​ខេត្តក្រចេះ ដែល​បាន​លិច​កន្លងមក​បច្ចុប្បន្ន ភ្ជួរ រាស់​សាបព្រោះ​បាន​ចំនួន​ជាង​៤០​ភាគរយ​ហើយ​នៃ​ផ្ទៃដី​ចំនួន​១.០៨០​ហិ​ក តា និង ស្រក​ផុត​អស់​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular