ដោយៈសរិទ្ធ / ភ្នំពេញៈជនសង្ស័យចំនួន៣នាក់ជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅញូហ្ស៊ីលែននិង អូស្ត្រាលី តាមរយៈកញ្ចប់បញ្ញើប្រៃសណីយ៍មានទម្ងន់ ជិត៣ គីឡូក្រាមបានត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារនៅរសៀលថ្ងៃទី១ខែធ្នូឆ្នាំ២០២០ដើម្បីរង់ចាំការស៊ើបអង្កេតជាបន្តទៀត។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថាកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចគយ ប្រចាំការនៅឃ្លាំងដឹកទំនិញ Cargo នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ និងមានការសម្របសម្រួលពីលោក សឿន មុនីរ័ត្ន ព្រះរាជអជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវ ស៊ើបអង្កេត និងឈានទៅបង្ក្រាបបានក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ចេញពីកម្ពុជា ទៅញូហ្ស៊ីលែន និងអូស្ត្រាលី ដោយលាក់បង្កប់ក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ ចំនួន៣លើក ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងចាប់យកវត្ថុតាងគ្រឿងញៀន សរុប ២៥៤៩,៧៧ ក្រាម ។
ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនឆ្លងដែន ជាលទ្ធផល រួមមាន ៖
លើកទី១ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ (Cargo) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ៨៥,៣២ក្រាម ដោយលាក់បង្កប់ក្នុងដំបង២កំណាត់ ។
លើកទី២ ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃ្លាំងទំនេញ (Cargo) នៃអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ចាប់យកវត្ថុតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩៥,៦៧ក្រាម ដោយលាក់បង្កប់ក្នុងបដិមាករព្រះពុទ្ធរូប ឈើ ២ព្រះអង្គ ។
លើកទី៣ ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ក្រុមហ៊ុន IAL ផ្ទះលេខ១៦បេ ផ្លូវសូនី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ៖
១- ឈ្មោះ លឿង សៀងហៃ ភេទប្រុស អាយុ៣១ឆ្នាំ (អ្នកផ្ញើគ្រឿងញៀន)
២-ឈ្មោះ ឈុន ម៉ារ៉ាឌី ភេទប្រុស ២៥ឆ្នាំ (អ្នកផ្ញើគ្រឿងញៀន) ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១០៤៨, ៤៨ក្រាម លាក់បង្កប់ក្នុងរូបបដិមាក ៤អង្គ ព្រះកេស១. ព្រហ្ម២ រូបព្រះបាទជ័យវរ្ម័ន១ ។
លុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ យើងបន្តការស្រាវជ្រាវ កំណត់បានមុខសញ្ញាមេក្លោងម្នាក់ និងឈានទៅចាប់ខ្លួនឈ្មោះ CHEN KEXI ភេទប្រុស ជនជាតិចិន អាយុ៣៩ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ ២០៥ អាផាត់មិន វិមានឯករាជ្យ ផ្លូវ១២៤ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ និងចាប់យកវត្ថុតាងបាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១២០,២៧ក្រាម បន្ថែមទៀត ដោយលាក់បង្កប់ក្នុងចម្លាក់ឈើ រូបដំរី ២រូប និងដំបងឈើ ២កំណាត់ ៣គូរ ៕