ដោយ:ដេប៉ូ/ភ្នំពេញៈនៅថ្ងៃនេះក្រសួងអប់រំយុវជននិងកីឡាបានចេញសេចក្តីជូនដំណឹងថ្មីមួយទៀតស្តីពីការដំណើរការរៀនសូត្រ របស់សិស្សថ្នាក់ទី១២ និង ការបំប៉នត្រៀមប្រឡងនៅតាមខេត្តពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំចុះថ្ងៃទី១ខែធ្នូ២០២០ដែលរស្មីកម្ពុជាទទួលបានៗឱ្យដឹងថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ចូលរៀននិងរីករាលដាលក្នុងសហគមន៍ក្រោយព្រឹត្តិការណ៍១៨វិច្ឆិកានិងដើម្បីបង្កលក្ខណៈងាយស្រួលឱ្យសិស្សថ្នាក់ទី១២ អាចរៀនសូត្រសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង២១ធ្នូឆ្នាំ២០២០ក្រសួងអប់រំបានធ្វើការណែនាំដូចខាងក្រោមៈ
១.គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវវាយតម្លៃហានិភ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បី ផ្អាកការរៀនសូត្រ និងស្នើសុំយោបល់ ពីប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត
២. ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តមានសិទ្ធិក្នុងការសម្រេច អំពីការផ្អាកការសិក្សា នៅភ្លាមតំបន់ទីរួមខេត្ត និងទីប្រជុំជន។
ក. ចំពោះទីកន្លែងដែលមានហានិភ័យ ត្រូវផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី ១២ ប៉ុន្តែត្រូវបន្ត ការបំប៉នត្រៀមប្រឡង ដោយអនុវត្តស្វ័យសិក្សា និងរៀនតាមបណ្ដុំតូចៗ ,ខ. ចំពោះ ទីកន្លែងដែលគ្មានហានិភ័យ ត្រូវបន្តការរៀនសូត្ររបស់សិស្សថ្នាក់ទី ៦ និងការបំប៉នត្រៀមប្រឡង ។
សេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់បន្ថែមដោយឱ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបាន ទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕សរន