Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពិនិត្យ​មើល​ល...

ពិនិត្យ​មើល​លើ​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣

ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា លោក​អគ្គ​បណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​កែទម្រង់​កា​រ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​(​ក​សហវ​)​តាមរយៈ​ប្រព័ន្ធ​វីដេអូ​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ថ្នាក់ដឹកនាំ​និង​សមាជិក​ក្រុមការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​-​ខេត្ត​។

អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​(រូបថតក្រសួង)

​កិច្ចប្រជុំ​នេះ ពិភាក្សា​លើ​របៀបវារៈ​ចំនួន​ពីរ​ទី​១​គឺ​ពិនិត្យ​លើ​របាយការណ៍​វឌ្ឍនភាព​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់ គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣​ប្រចាំត្រីមាស​ទី​៣​ឆ្នាំ​២០២០​និង​ទី​២​គី​ពិភាក្សា​លើ​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​ផែនការ​សកម្មភាព​រួម ដំណាក់កាល​ទី​៤​។​

​មន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹងថា​តាមរយៈ​របាយការណ៍​វឌ្ឍនភាព​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៅ​ត្រីមាស​ទី​៣​នៃ​ឆ្នាំ​២០២០​បាន​បង្ហាញថា​ការអនុវត្ត​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ស្ថិតនៅក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​និង​នៅតែ​រក្សាបាន​លទ្ធផល​ល្អប្រសើរ​បើទោះបី​ស្ថានភាព​បច្ចុប្បន្ន​កំពុងទ​ទួល​រង​ការគំរាមកំហែង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។​ជាក់ស្តែង​សមិទ្ធផល​គន្លឹះៗ​នៃ​ផ្នែក​ទាំង​៥​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​ត្រីមាស​ទី​៣​នេះ​មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​រួមមាន​ជាអាទិ៍​ការប្រមូល​ចំណូល​មានការ​ថមថយ ប៉ុន្តែ​ស្ថិតក្នុង​ភាព​អាច​គ្រប់គ្រង​បាន​ជាក់ស្តែង​ការអនុវត្ត​ចំណូល​ក្នុងស្រុក​ដែល រួមមាន​ចំណូល​ចរន្ត និង ចំណូល​មូលធន សម្រេចបាន ៦៣​ភាគរយ​ធៀប​នឹង​ច្បាប់ ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦ ៤៥៤ ប៊ី​លាន​រៀល​។ រីឯ​ចំណាយ​ក្នុង​រយៈពេល​៩​ខែ​មកនេះ ស្ថិតក្នុង​កម្រិត​ល្អប្រសើរ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​កន្លងទៅ​បើទោះបីជា ឆ្នាំនេះ​មានការ​ធ្វើ​វិចារណ​កម្ម​ថវិកា​ចំនួន​២​លើក​ក៏ដោយ ។​ជាក់ស្តែង​ចំណាយ​ថវិកាជាតិ​សម្រេចបាន​៥៦​ភាគរយ គិត​ត្រឹម​ត្រីមាស​ទី​៣​។
​វឌ្ឍនភាព​នេះ​បាន​ឆ្លុះ​បង្ហាញ​ពី​ភាពជឿ​ទុកចិត្ត​នៃ​ថវិកា និង​ការឆ្លុះបញ្ចាំង​ពី​ការរក្សាបាន​នូវ​វិន័យ​នៃ​ការអនុវត្ត​ថវិកា ។ ជាមួយគ្នានេះ​ការកសាង​និង​កែលម្អ​ប្រព័ន្ធ​,​ការពង្រឹង​ការអនុវត្ត​ថវិកា​កម្មវិធី​និង​ការកសាង​មូលដ្ឋាន​សមិទ្ធកម្ម​សម្រាប់​ដំណាក់កាល​បន្ទាប់​ជា​បណ្តើរៗ ក៏​នៅ​បន្ត​មាន​វឌ្ឍនភាព​ល្អប្រសើរ​ផងដែរ​។ ទោះជា​យ៉ាងណាក៏ដោយ ក្នុង​រយៈពេល​នៃ​វិបត្តិ​កូ​វីដ​១៩​នេះ កិច្ចការ​កែទម្រង់​ខ្លះ ក៏បាន​ផ្អាក ឬ​ផ្លាស់ប្តូរ​យន្តការ​ថ្មី​ផងដែរ​ជាពិសេស​គឺ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការកសាង​សមត្ថភាព​មន្ត្រីរាជការ ការចុះ​បេសកកម្ម និង​ការផ្សព្វផ្សាយ​នានា​ជាដើម ហើយ​បាន​ប្រើប្រាស់​វិធីសាស្ត្រ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ជំនួស​វិញ​។ ជារួម ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​គិត​មក​ត្រឹម​ត្រីមាស​ទី​៣​នេះ​គឺ​បន្ត​មាន​ច​លន​ការ​ទៅមុខ​តាម​យន្តការ​ប្រយ័ត្នប្រយែង​និង​វិធានការ​នវានុវត្តន៍​ថ្មី​។

​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ដោយឡែក​ការពិភាក្សា​អំពី​ការរៀបចំ​សេចក្តីព្រាង​ក្របខណ្ឌ​ផែនការ​សកម្មភាព​រួម​ដំណាក់កាល​ទី​៤ ជាការ​ងារ​ចាំបាច់​សម្រាប់​ការត្រៀមខ្លួន​អនុវត្ត​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅក្នុង​ជំហាន​បន្ទាប់​។ ក្របខ័ណ្ឌ​ផែនការ​សកម្មភាព​រួម​ដំណាក់កាល​ទី​៤​មាន​លក្ខណៈ​ទូលំទូលាយ​ដោយ​ផ្តោត​ការគ្រប់គ្រង​ធនធានមនុស្ស​និង​រចនាសម្ព័ន្ធ​ចាត់តាំង និង​ការបញ្ចប់​ការងារ​រៀបចំ​មូលដ្ឋាន​ជា​សារ​វ័​ន្ត​នៃ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​រយៈពេល​ជាង ២០ ឆ្នាំនេះ ក្នុង​គោលដៅ​ឆ្ពោះទៅរក​ការកែទម្រង់ “​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​” ឬ “​លទ្ធផល​ចុងក្រោយ​”​។ ថ្នាក់ដឹកនាំ​គណៈ​-​កម្ម​ការកែទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​បាន​ណែនាំ​និង​តម្រង់ទិស​ឱ្យ​គិតគូរ​ក្នុងការ​បង្កើន​រយៈពេល​២​ឆ្នាំ​បន្ថែមទៀត​ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​ដំណាក់កាល​ទី​៣ និង​ការងារ​គន្លឹះៗ​ដែល​សេសសល់​ផ្សេងៗ​ទៀត ដើម្បី​ធានាឱ្យមាន​ចីរភាព​នៃ​ការងារ​កែទម្រង់​និង​ការដើរ​ស្របគ្នា​ជាមួយនឹង​កិច្ចការងារ​កែទម្រង់​ផ្សេងៗ​ទៀត​មុននឹង​ឈាន​បោះជំហាន​ទៅ​ដំណាក់កាល​បន្ទាប់​។
​លោក​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​រំលឹក​បន្ថែមថា​ក្នុង​កាលៈទេសៈ​នេះ គឺ​បង្ក​ឱ្យ​គ្រប់​អង្គភាព ក្រសួង​ស្ថាប័ន សម្រប​ខ្លួន​ទៅនឹង​វិបត្តិ និង​ប្រើប្រាស់​នូវ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កើតមាន​ជាមួយនឹង​ការ​ប្រុង ប្រយ័ត្ន​ខ្ពស់បំផុត​។​
​បន្ថែម​លើ​នេះ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​បន្ត​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​រួម​ដំណាក់កាល​ទី​៣​ដើម្បី​សម្រេច​តាម​គោលដៅ​ដែល​បាន​គ្រោងទុក​៕​សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular