ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ កាលពីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ីម ប៉ៅហឿង អគ្គនាយកក្រុមហ៊ុន ព្រីម្លិះ ដែលមានមូលដ្ឋាន នៅក្នុងឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថាៈ នារដូវច្រូតកាត់របស់ ប្រជាកសិករនេះ ក្នុងមួយថ្ងៃៗ ក្រុមហ៊ុន បានទិញចូល នូវស្រូវប្រមាណជា ១.០០០ តោន ។
ក្នុងនោះ ក្រុមហ៊ុនព្រីម្លិះ ក៏បានទិញស្រូវ របស់ប្រជាកសិករ ក្នុងខេត្តកំពង់ស្ពឺ ប្រមាណជា ៣០០ តោន ហើយក្រុមហ៊ុន នឹងបង្កើនសង្វាក់ផលិតកម្ម ចំនួន ២ កន្លែងបន្ថែមទៀត ក្នុងឆ្នាំ២០២១ ដើម្បីបង្កើនការនាំចេញ ស្របតាមផែនការ គោលដៅ ដែលបានរំពឹងទុករបស់ ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា ព្រមទាំងបានបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ ទាំងក្នុងខេត្ត និងក្រៅពីខេត្តកំពង់ស្ពឺ។
លោកនាយកក្រុមហ៊ុន រូបនោះ បានបញ្ជាក់ថាៈ នេះជារដូវ High season អីចឹងហើយ ក្រុមហ៊ុនបានបង្កើនម៉ោង ផលិតរបស់ខ្លួន លើសពី ៨ ម៉ោង តាមការបញ្ជាទិញ ពីប្រទេសបារាំង – អាហ្វ្រិក និងប្រទេសចិន។ សមត្ថភាពផលិតរបស់ក្រុមហ៊ុន ក្នុងមួយម៉ោង អាចផលិតបាន ចំនួន ១០០ តោន។ ឆ្នាំក្រោយ ក្រុមហ៊ុន នឹងផលិតកើនឡើង ទ្វេដង ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ ទីផ្សារអន្តរជាតិ។
លោក ហ៊ីម ប៉ៅហឿង បានបញ្ជាក់ទៀតថាៈ បើនៅក្នុងរដូវ Low season វិញ ក្រុមហ៊ុន តម្រូវឲ្យកម្មករ ធ្វើការតែ ៨ ម៉ោង ដោយក្នុងមួយម៉ោង ក្រុមហ៊ុន អាចផលិតបាន នូវអង្ករចំនួន ១០០ តោន តែប៉ុណ្ណោះ ដើម្បីតម្រូវការផ្គត់ផ្គង់ ទីផ្សារអន្តរជាតិ។ ទីតាំងក្រុមហ៊ុន ជាកន្លែង មានភាពធំទូលាយ ជាប់ផ្លូវជាតិលេខ ៥១ ងាយស្រួល ក្នុងការទិញស្រូវចូល ហើយព្រមទាំង ងាយស្រួល ក្នុងការនាំនូវអង្ករចេញ ទៅតាមកំពងផែអន្តរជាតិ ក្រុងព្រះសីហនុ។ ដ្បិតអី ក្រុមហ៊ុនមួយនេះ នៅជាប់នឹងចំណតផ្លូវ រថភ្លើងបាត់ដឹង ហើយក្រុមហ៊ុន បានបំពាក់ម៉ាស៊ីន ស្វ័យប្រវត្តិទំនើបៗ ដើម្បីផលិតអង្ករ តាមសង្វាក់ ស្តង់ដារអន្តរជាតិ។
ក្រុមហ៊ុន បានរចនាសំបក វេចខ្ចប់តូចធំ ងាយស្រួល ដើម្បីបញ្ជ្រាបគុណភាព និងរសជាតិ អង្ករកម្ពុជា ទៅដល់ជនបរទេសណា ដែលចង់បរិភោគ អង្ករកម្ពុជាយើង។ សព្វថ្ងៃនេះ ក្រុមហ៊ុន កំពុងមានការព្រួយបារម្ភ ចំពោះក្រុមហ៊ុនបរទេស មួយចំនួន យកអង្ករកម្ពុជាយើងទៅលាយ ក្លែងបន្លំ ជាមួយនឹងអង្ករប្រទេសដទៃទៀត ជាហេតុធ្វើឱ្យធ្លាក់នូវគុណភាព និងបាត់បង់រសជាតិ ឈ្ងុយឆ្ងាញ់ ហើយនឹងអាចធ្វើឲ្យខូចកេរឈ្មោះ រសជាតិអង្ករកម្ពុជាយើង ជាដើម៕PC