ប្រែសម្រួល : កញ្ញាដាលីស/កូឡុំបូ ៖ ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព នាង ណាឌា មូរ៉ាដ និយាយថា ជំងឺរាតត្បាតបានបង្កើនការជួញដូរស្ត្រីនិងអំពើហិង្សាទាក់ទងនឹងយេនឌ័រជាហេតុបណ្តាលឱ្យសុខភាពនិងសុវត្ថិភាពរបស់ស្ត្រីស្ថិតក្នុងគ្រោះថ្នាក់។
សកម្មជនអាយុ ២៧ ឆ្នាំ ដែលត្រូវបង្ខំឱ្យធ្វើជាទាសករផ្លូវភេទដោយក្រុមអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ បាននិយាយថា បម្រាមគោចរ ការបិទខេត្តក្រុង និងការរឹតត្បិតការធ្វើដំណើរ ដែលដាក់ចេញដោយរដ្ឋាភិបាលនានាដើម្បីបន្ថយការរីករាលដាលនៃមេរោគកូរ៉ូណា បានបង្កឱ្យមានផលវិបាកដោយអចេតនាមកលើស្ត្រីនៅទូទាំងពិភពលោក។
នាងនិយាយថា “ជាជាងកាត់បន្ថយការជួញដូរមនុស្សនិងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជំងឺរាតត្បាតបានបង្កើនហានិភ័យនៃការកេងប្រវ័ញ្ចនិងភាពសាហាវព្រៃផ្សៃប្រឆាំងនឹងអ្នកដែលងាយរងគ្រោះបំផុត។ ប្រទេសជាច្រើនបានឃើញការកើនឡើងនូវរបាយការណ៍អំពីអំពើហិង្សាក្នុងគ្រួសារ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម”។
នាងមូរ៉ាដនិយាយថា “ភាពតានតឹងក្នុងគ្រួសារបានកើនឡើងខ្លាំងនៅក្នុងកន្លែងរស់នៅបិទជិត ហើយបទបញ្ជាស្នាក់នៅក្នុងផ្ទះកំពុងបង្កើនការជួញដូរមនុស្ស ដែលផុតពីភ្នែករបស់ប៉ូលិស”។
នាងនិយាយថា “ធនធានតិចតួច ដែលទុកសម្រាប់ការបង្ការ ការជួយសង្គ្រោះ និងការស្តារនីតិសម្បទា កំពុងនៅសល់ស្តួចស្តើងទៅៗ។ ជាលទ្ធផល សុខភាពនិងសុវត្ថិភាពរបស់ស្ត្រីកំពុងស្ថិតក្នុងហានិភ័យ។ ឥឡូវនេះវាពិបាកសម្រាប់ស្ត្រីជាច្រើនក្នុងការទទួលបានការគាំទ្រផ្នែកចិត្តសាស្ត្រនិងសុខភាព”៕
ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព នាង ណាឌា មូរ៉ាដ